អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កម្ពុជាប្រកាសបើកក្លិបសេដ្ឋកិច្ចអាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១២ ខែកញ្ញានេះ ប្រកាសបើកក្លិបសេដ្ឋកិច្ចអាស៊ាន ដើម្បីធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកាន់តែជិតស្និទ្ធ។ ការប្រកាសនេះធ្វើឡើង ក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ភ្នំពេញ។ ការបើកក្លិបសេដ្ឋកិច្ចអាស៊ានដូច្នេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា នឹងជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាជន និងប្រទេសក្នុងតំបន់អាស៊ាន។

វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២
វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ © FB/SPM
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេនអាស៊ាន បានប្រកាសបើកក្លិបសេដ្ឋកិច្ចអាស៊ានជាផ្លូវការ ដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឱ្យកាន់តែជិតស្និទ្ធ។

លោកនាយករដ្ឋមន្ត្រីបន្តថា ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឱ្យកាន់តែជិតស្និទ្ធនេះ នឹងធ្វើឡើងតាមរយៈ ការចូលរួមតាមដាន វាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ លើការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀង ដទៃពាក់ព័ន្ធនឹងសរសរស្តម្ភសេដ្ឋកិច្ច។

ជុំវិញការប្រកាសបើកក្លិបសេដ្ឋកិច្ចអាស៊ាននេះ លោក ​បណ្ឌិត​ ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា យល់ឃើញថា ក្លិបសេដ្ឋកិច្ចអាស៊ាន នឹងផ្ដល់ឱកាសដល់ធូរជនក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសផ្សេងៗទៀត ដែលជម្រុញឱ្យមាន នវានុវត្តន៍នៃធូរកិច្ចក្នុងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន និងពិភពលោក បើក្លិបសេដ្ឋកិច្ចអាស៊ាននេះសម្រេចបានដូចការគ្រងទុក។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះក៏បានជម្រុញឱ្យ អ្នកដែលពាក់ព័ន្ធទាំងឡាយ គួរតែគាំទ្រ និងបង្កើតយន្ដការដើម្បីអនុវត្តឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ដើម្បីជាប្រយោនជ៍សម្រាប់ប្រជាជន និងសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់។

គួរជម្រាបជូនថា កាលពីពេលថ្មីៗនេះ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI បានមក​កាន់​កម្ពុជា​ ​ដើម្បី​សុំការ​គាំទ្រ និង​អនុញ្ញាត​ចាប់ផ្ដើម​ដំណើរការ​ក្លិប​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​ទិសដៅ​ជា​ចម្បង គឺ​ចូលរួម​ចំណែក​ជួយ​ផ្ដល់​ធាតុ​ចូលដល់​អាស៊ាន ជា​ស្ពាន​រវាង​អាស៊ាន និង​ស្ថាប័ន​វិស័យ​ផ្សេងៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ