អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្មករធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល ២១៥ដុល្លារ តែនិយោជកថាមិនអាចបានបំណងទាំងអស់ទេ

ក្រុមកម្មករនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ តាមបណ្តារោងចក្រនានា បានបើកយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៣ ចំនួន២១៥ដុល្លារ ក្នុងមួយខែ។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីមានការចរចាគ្នាតានតឹងជាច្រើនលើកកន្លងទៅនេះ រវាងតំណាងកម្មករនិយោជិត និងតំណាងនិយោជក ហើយការចរចាជុំបន្តនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញាស្អែក។

ក្រុមកម្មករនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ
ក្រុមកម្មករនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ © FB
ផ្សាយពាណិជ្ជកម្ម

អស់រយៈមួយសប្តាហ៍ចុងក្រោយនេះ ក្រុមកម្មករកាត់ដេរ ដែលបំរើការងារនៅតាមរោងចក្រនានា បាននាំគ្នាលើកបដាទាមទារប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣ ចំនួន២១៥ដុល្លារ ក្នុងមួយខែ។ យុទ្ធនាការទាមទារប្រាក់ឈ្នួលនេះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយខ្លះសរសេរថា ដោយសារទំនិញទីផ្សារឡើងថ្លៃខ្ពស់គ្រប់មុខ ពួកគេជាកម្មករស្នើសុំតម្លើងប្រាក់ខែ ២១៥ដុល្លារ ក្នុង១ខែនៅឆ្នាំ ២០២៣។ ខ្លះទៀតលើកឡើងថាការស្នើសុំប្រាក់ខែ ២១៥ដុល្លារ ក៏ព្រោះតែបញ្ហាអតិផរណា ជាពិសេសតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ជាដើម។

ជុំវិញការទាមទារខណៈដែលការចរចាប្រាក់ឈ្នួលនឹងត្រូវធ្វើឡើងជាថ្មីនៅថ្ងៃអង្គារ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានថ្លែងថា សកម្មភាពរបស់ពួកកម្មករ មិនធ្វើឲ្យប៉ះពាល់ដល់ការចរចាទេ។​ លោកថា វាគ្រាន់តែបង្ហាញនូវការចង់បាន ហើយពួកគេមានសិទ្ធិក្នុងការនិយាយ និងសម្តែងមតិ ឬទាមទារក្នុងបរិបទសង្គមសេរី គ្រាន់តែថាអ្វីៗមិនអាចបានតាមបំណងទាំងអស់នោះទេ រឿងខ្លះទៅរួច រឿងខ្លះទៅមិនរួចសមស្របតាមហេតុផលជាក់ស្តែង។

ជាមួយគ្នានេះ លោក កាំង ម៉ូនីកា បានលើកយកកម្រិតប្រាក់ឈ្នួលចំនួន៤តំបន់នៅប្រទេសវៀតណាមមកបង្ហាញផងដែរ ដោយតំបន់ដែលមានប្រាក់ឈ្នួលថ្លៃជាងគេគឺ ២០២ ដុល្លារ ហើយទាបជាងគេ ១៤០ដុល្លារ ដោយគិតជាមធ្យមទាំង៤តំបន់ប្រហែល១៧០ដុល្លារ ក្នុងមួយខែ។

សូមរំលឹកថាការចរចាប្រាក់ឈ្នួលកម្មករកាត់ដេរចុងក្រោយសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី៣១ ខែសីហា ភាគីនិយោជកបានតម្លើងឲ្យ២ដុល្លារពីលើប្រាក់ឈ្នួលដែលភាគីនេះផ្តល់ឲ្យ ១៩៤ដុល្លារ។ ចំណែកភាគីសហជីពតំណាងកម្មករវិញ បានបញ្ចុះមកត្រឹម ២១៣ដុល្លារ ពីការទាមទារដំបូង ២១៥ដុល្លារ។

ទោះយ៉ាងណា កិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៣នេះ នឹងត្រូវបង្ហាញលទ្ធផលថ្មី នៅថ្ងៃទី១៣ ខែកញ្ញា ឬយ៉ាងណា គេមិនទាន់ដឹងពីការវិវត្តន៍ណាមួយនៅឡើយទេ ខណៈការរំពឹងទុកពីសំណាក់សហជីពថាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត វិស័យកាត់ដេរឆ្នាំ ២០២៣ នឹងមិនក្រោម ២០០ដុល្លារទេ ក្នុងមួយខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ