អានតួអត្ថបទ
កម្ពុជា-នយោបាយ

សុំណុំរឿងសកម្មជនបក្សប្រឆាំង៖ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងដដែល

សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញនាព្រឹក​ថ្ងៃទី ១៣ ខែ​កញ្ញានេះ ​បាន​សម្រេច​តម្កល់​សាលក្រមរបស់​សាលា​ដំបូង​នៃរឿងក្ដីរបស់​សកម្មជន​បក្សប្រឆាំង ១២នាក់ និងអតីត​មន្ត្រីក្រសួងមហាផ្ទៃម្នាក់ ក្រោមបទ «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ឱ្យនៅជាបានការដដែល។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍​ បានបើក​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​មេធាវី​ការពារក្ដី​របស់ពួកគេ កាលពីថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ២០២២ កន្លងទៅ។  

សាលាឧទ្ធរណ៍~មហាអយ្យការ
សាលាឧទ្ធរណ៍~មហាអយ្យការ © សហការី
ផ្សាយពាណិជ្ជកម្ម

ចៅក្រមជំនុំជម្រះ សាលាឧទ្ធរណ៍ បានប្រកាសសាលដីកា ដោយសម្រេចតម្កល់សាលក្រមសាលដំបូងរាជធានីភ្នំពេញ របស់សកម្មជនបក្សប្រឆាំង ១២នាក់ និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ក្រោមបទចោទ «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»  ទុកជាបានការដដែល ដោយសាលក្រមសាលាដំបូងបានកាត់ទោសឱ្យសកម្មជនម្នាក់ៗ ជាប់ពន្ធនាគារ៥ឆ្នាំ និងអនុវត្តទោសក្នុងពន្ធនាគារចំនួន ៣ឆ្នាំ៨ខែ។

លោក សំ សុគង់ មេធាវី របស់សកម្មជនបក្សប្រឆាំងទាំង ១២នាក់ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា លោកខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ហើយនិងរៀបចំបណ្ដឹងសារទុកទៅតុលាការកំពូលបន្ត។ លោកមេធាវីបានបញ្ជាក់ថា មានតែជនជាប់ចោទ ៥នាក់ប៉ុណ្ណោះក្នុងចំណោម ១៣ នាក់ដែលត្រូវបាននាំទៅចូលរួមស្ដាប់ការប្រកាសសាលដីការ ដែលនេះជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរចំពោះជនជាប់ចោទ។

លោកមេធាវីឱ្យដឹងថា នៅក្រោយការប្រកាសសាលដីការ កូនក្ដីរបស់លោក ដែលមានវត្តមានក្នុងសាវនាការ បានអះអាងថា ពួកគេនិងអ្នកឯទៀតដែលមិនបានចូលរួមសាវនាការសុទ្ធតែមានបញ្ហាសុខភាព។ កន្លងមកជនជាប់ចោទ ដែលសកម្មជនបក្សប្រឆាំងទាំងនោះ បាននិងកំពុងទទូចស្នើសុំផ្ទេរការឃុំខ្លួន ពីពន្ធនាគារត្រពាំងផ្លុង ទៅពន្ធនាគារព្រៃសវិញ ដោយហេតុផល ការរស់នៅក្នុងពន្ធនាគារត្រពាំងផ្លុងមានការលំបាក ខ្វះការមើលថែពីក្រុមគ្រូពេទ្យ និងនៅឆ្ងាយពីក្រុមគ្រួសារក្នុងការសួរសុខទុក្ខ។

គួរជម្រាបជូនថា ​កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសថ្នាក់ដឹកនាំនិង​សកម្មជនគណបក្សសង្រ្គោះជាតិ ដែលក្នុងនោះ សកម្មជនចំនួន ១២នាក់ និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ក្រោមបទ «រួមគំនិតក្បត់ និងញុះញង់​បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម» ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារ ចំនួន៣ ឆ្នាំ៨ខែ។ ក្រោយមកមេធាវីការពារក្ដីឱ្យសកម្មជនទាំងនោះ បានប្ដឹងឧទ្ធរណ៍ ហើយតុលាការបាន​បើក​សវនាការកាលពីថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ២០២២ កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ