អានតួអត្ថបទ
កម្ពុជា-សង្គម

ផែនការទេសចរណ៍បរិស្ថាន៖ រដ្ឋចាប់ដៃនឹងភា្នក់ងារអភិវឌ្ឍប្រកាសគម្រោងស្តារទេសចរណ៍តាមរយៈការប្រើប្រាស់ថាមពលព្រះអាទិត្យ

ក្រសួងទេសចរណ៍ និងដៃគូអភិវឌ្ឍក្នុងស្រុក និងក្រៅប្រទេស នៅថ្ងៃពុធនេះ បានប្រកាសពីគម្រោងការស្តារទេសចរណ៍កម្ពុជាឡើងវិញ នៅក្រោយការរាតត្បាតនៃជំងឺកូវីដ១៩។ ជាគម្រោងស្តារទេសចរណ៍ តាមរយៈការងាកមកប្រើប្រាស់ថាមពលប្រព័ន្ធអាទិត្យជំនួសថាមពលប្រព័ន្ធអគ្គិសនីផ្ទាល់ ត្រូវបានអ្នកជំនាញយល់ថា នឹងសម្រួលបន្ទុកជីវភាពរបស់អ្នកប្រកបអាជីវកម្មនៅក្នុងវិស័យទេសចរណ៍កម្ពុជា។

គម្រោងស្តារវិស័យទេសចរណ៍តាមរយៈការប្រើប្រាស់ថាមពលប្រព័ន្ធអគ្គសនីដើរដោយប្រព័ន្ធព្រះអាទិត្យ
គម្រោងស្តារវិស័យទេសចរណ៍តាមរយៈការប្រើប្រាស់ថាមពលប្រព័ន្ធអគ្គសនីដើរដោយប្រព័ន្ធព្រះអាទិត្យ © Adam Oswell/WWF
ផ្សាយពាណិជ្ជកម្ម

«ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរប​រិស្ថាន និងបរិយាបន្ន» ជាគម្រោងរយៈពេលបីឆ្នាំ ដែលចាប់អនុវត្តពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥។ ជាគម្រោងសាកល្បង ការដាក់ឲ្យប្រើប្រាស់ថាមពលប្រព័ន្ធអគ្គិសនីដើរដោយប្រព័ន្ធព្រះអាទិត្យនេះ ធ្វើឡើងនៅសណ្ឋាគារចំនួន២នៅរាជធានីភ្នំពេញ និង២ផ្សេងទៀតក្នុងខេត្តសៀមរាប និងសហគមន៍អេកូទេសចរណ៍ក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ នេះបើតាមការបញ្ជាក់របស់លោក សេង ទៀក នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ WWF។

លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញ និងការរួមចំណែកដល់វិស័យនេះ គឺជាការកសាងទេសចរណ៍ប្រកបដោយនិរន្តភាព ដើម្បីលើកកម្ពស់កម្ពុជាឲ្យក្លាយជាតំបន់ទេសចរណ៍បៃតង។

បើតាមលោក គុជ បញ្ញាសា គឺ ក្រសួងទេសចរណ៍ស្នើឲ្យអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ ងាកមកប្រើប្រាស់ថាមពលប្រព័ន្ធអាទិត្យ ជំនួសថាមពលអគ្គិសនី ដើម្បីរួមចំណែកអភិវឌ្ឍទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ១៩ផង និងអភិវឌ្ឍទេសចរណ៍កម្ពុជាឲ្យមាននិរន្តភាពផង។

បើតាមសេចក្តីប្រកាសព័ត៌មាន គម្រោងស្តារវិស័យទេសចរណ៍តាមរយៈការប្រើប្រាស់ថាមពលប្រព័ន្ធអគ្គសនីដើរដោយប្រព័ន្ធព្រះអាទិត្យ គឺនឹងរួមចំណែកដល់ការការពារបរិស្ថាន និងសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រតិបត្តិករទេសចរណ៍ កាត់បន្ថយការចំណាយលើថ្លៃអគ្គិសនីជាប្រចាំនោះ។ ម្យ៉ាងវិញទៀត គម្រោងប្រើប្រាស់ថាមពលប្រព័ន្ធព្រះអាទិត្យ ក៏នឹងអាចកាត់បន្ថយបាននូវការបំភាយឧស័្មនកាបូនទៅក្នុងអាកាស ដែលជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន គូសបញ្ជាក់ថា នេះជាគ​ម្រោងផ្តួចផ្តើមដ៏ល្អ ដ្បិតបរិបទពិភពលោកកំពុងជំរុញការប្រើប្រាស់ថាមពលស្អាត។ តាមលោក នេត្រ ភក្ត្រា គម្រោងនេះនឹងជួយជំរុញការធ្វើអព្យាក្រឹតកាបូន​ ដែលជាផែនការរបស់រដ្ឋាភិបាលកម្ពុជា​ នៅត្រឹមឆ្នាំ២០៥០។

នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ WWF លោក សេង ទៀក យល់ថា គម្រោងនឹងជួយអាជីវកម្មទេសចណ៍ឲ្យដើរទៅរកការផ្លាស់ប្តូរជាវិជ្ជមានមួយក្នុងវិស័យទេសចរណ៍កម្ពុជា​ តាមរយៈការប្រើប្រាស់ថាមពលប្រព័ន្ធព្រះអាទិត្យ នៅតាមទីតាំងផ្ទះស្នាក់ទេសចរណ៍ សណ្ឋាគារ និងទីតាំងសហគមន៍ទេសចរណ៍ធម្មជាតិ។

តាមលោក សេង ទៀក គឺគម្រោងនេះនឹងអាចជួយទាក់ទាញភ្ញៀវទេសចរបរទេសបន្ថែមទៀតសម្រាប់កម្ពុជា នៅក្រោយការការរាតត្បាតនៃជំងឺកូវីដ១៩ជាសកល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ