អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កម្ពុជាដាក់ទិសដៅអភិវឌ្ឍន៍ប្រសិទ្ធិភាពថាមពលកកើតឡើងវិញ

កម្ពុជានឹងផ្ដោតលើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញ ទន្ទឹមនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ នេះបើតាម ការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៥ ខែកញ្ញានេះ ក្នុងពីធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពីធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពីធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ © FB/SPM
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងពីធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ទិសដៅទៅមុខ ដោយបន្តជំរុញការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា និងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្ត្រី  ក៏នឹងកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពលទាំងឡាយណា ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម។

ដើម្បីសម្រេចគោលដៅ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ ២០៤០។ ក្នុងនោះ មានគោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។

ជាមួយគ្នានេះ ក្រោមកិច្ចសហការបន្ថែមពីដៃគូអភិវឌ្ឍន៍ កម្ពុជាក៏បាននិងកំពុងរៀបចំម្មវិធីអភិវឌ្ឍន៍អន្តរកាល ថាមពលរបស់ខ្លួន ដោយផ្តោតលើកម្មវិធីនៃការកែទម្រង់ចំនួន ៣ រួមមាន ការរៀបចំផែនការថាមពល និងការពង្រឹងស្ថាប័ន ការបង្កើនល្បឿនអន្តរកាលសេដ្ឋកិច្ចវិលជុំនិងការបញ្ចេញឧស្ម័នកាបូនទាប និង តម្លាភាពនិងភាពប្រកួតប្រជែងសម្រាប់ការវិនិយោគ ក្នុងគម្រោងថាមពលថ្មី។

ជាក់ស្ដែង ថ្មីៗនេះរដ្ឋាភិបាលទើបបានដាក់ឱ្យប្រើប្រាស់ ថាមពលប្រព័ន្ធអគ្គិសនីដើរដោយប្រព័ន្ធព្រះអាទិត្យ នៅសណ្ឋាគារចំនួន២នៅរាជធានីភ្នំពេញ និង២ផ្សេងទៀតក្នុងខេត្តសៀមរាប និងសហគមន៍អេកូទេសចរណ៍ក្នុងខេត្តក្រចេះនិងស្ទឹងត្រែង ក្នុងគម្រោងស្តារទេសចរណ៍កម្ពុជាឡើងវិញ។

គួរជម្រាបជូនថា ថាមពលកកើត ឡើងវិញ សំដៅដល់ថាមពលបានមកពីប្រភពធម្មជាតិ ដូចជា ខ្យល់ និង ពន្លឺព្រះអាទិត្យដែលអាចកកើតឡើងវិញ ដើម្បីបំពេញចំនួនដែលបាត់បង់ និងមិនចេះរីងស្ងួត។ នៅក្នុងឆ្នាំ ២០២១ កន្លងទៅនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយ ពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ