អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក ហ៊ុន សែន ស្នើឲ្យមានការកាត់បន្ថយរបាំងពាណិជ្ជកម្មអាស៊ាន-ចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះបានស្នើឲ្យអាស៊ាន-ចិន កាត់បន្ថយរបាំងពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទៅជាទំរង់ ៣.០។ ការស្នើរបស់លោក ហ៊ុន សែន ដូច្នេះ ធ្វើឡើងតាមរយៈសុន្ទរកថារយៈពេល៥នាទីតាមអនឡាញ ក្នុងពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន លើកទី ១៩ នៅទីក្រុងណាននីង ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ានទម្រង់ ៣.០»។

អាស៊ាន-ចិន
អាស៊ាន-ចិន © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសុន្ទរកថាចំនួន២ទំព័រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ​សម្រេចបាននូវផ្លែផ្កាជាច្រើន ចាប់តាំងពីមានការចុះហត្ថលេខាលើក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិន ក្នុងឆ្នាំ២០០២ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនានាជាបន្តបន្ទាប់។

ទន្ទឹមគ្នានឹងការបញ្ជាក់ពីភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០ កន្លងមក លោកនាយករដ្ឋមន្ត្រី ក៏បានគាំទ្រគំនិតផ្តួចផ្តើមស្តីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះ ទៅជាទម្រង់ ៣.០ ព្រមទាំងចង់ឲ្យផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន ឲ្យកាន់តែទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគនានា រួមនឹងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម។

លោកបណ្ឌិត ឆេង គឹមឡុង នាយក​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​ និង​ប្រជាធិបតេយ្យ​នៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ បានមើលឃើញថាការសម្រួលរបាំងពាណិជ្ជកម្មបន្ថែមទៀតរវាងអាស៊ាន-ចិន នឹងធ្វើឲ្យបណ្តាប្រទេសអាស៊ាន និងចិនមានប្រយោជន៍កាន់តែកើនឡើងទាំងអស់គ្នារួមទាំងកម្ពុជាផងក្នុងការសម្រួលពាណិជ្ជកម្មឲ្យមានភាពរលូន។

កន្លងមកទំនាក់ទំនងពាណិជ្ជកម្មអាស៊ាន-ចិន នៅមានភាពចង្អៀតនៅឡើយដោយសាររបាំងពាណិជ្ជកម្ម ពោលគឺរបាំងពាណិជ្ជកម្មបែបបច្ចេកទេស និងមិនមែនបច្ចេកទេស ក្នុងនោះមានដូចជាស្តង់ដារ គុណភាពទំនិញ តារាងពន្ធគយ និងបែបបទរដ្ឋបាលជាដើម។

តាមលោក ឆេង គឹមឡុង ភាពរលូន និងការដោះស្រាយបាននូវភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផលិតកម្ម និងពាណិជ្ជកម្មនាំឲ្យមានការធានានូវសន្តិសុខផ្នែកសេដ្ឋកិច្ចទាំងនៅតំបន់អាស៊ាន ទាំងនៅប្រទេសចិន។

សូមរំលឹកថាទំហំពាណិជ្ជកម្មអាស៊ាន-ចិន កាលពីឆ្នាំ២០២១ មានចំនួន ៨៧៨,២ប៊ីលានដុល្លារ ហើយនៅត្រីមាសទី១ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអាស៊ានចិនមាន ២១២ប៊ីលានដុល្លារ។ ដោយឡែក ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានប្រមាណជាង ៩ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ