អានតួអត្ថបទ
កម្ពុជា-សង្គម

ពិធីភ្ជុំបិណ្ឌ៖រដ្ឋាភិបាលបន្ថែមមធ្យោបាយធ្វើដំណើរតាមផ្លូវដែកសម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ

រដ្ឋា​ភិបាល​កម្ពុជា​ត្រៀម​មធ្យោបាយ​ធ្វើ​ដំណើរ​ចំនួន​២ បែប ទាំង​ផ្លូវ​ថ្នល់ និង​ផ្លូវ​ដែក ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅស្រុក​កំណើត​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​ពេល​ខាងមុខ​នេះ ដោយ​មិន​យក​កម្រៃ។ ការ​ត្រៀម​មធ្យោបាយ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នេះ ត្រូវ​បាន​រដ្ឋាភិបាល អះអាង​ថា ដើម្បី​ជួយសម្រួល​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ ខណៈសហជីព យល់ថា ការអំពាវនាវកុំឲ្យ​ដំឡើង​ថ្លៃ​ដឹកជញ្ជូន ប្រហែល​មិន​មាន​ប្រសិទ្ធិភាព។

រថយន្តក្រុងសាធារណៈ
រថយន្តក្រុងសាធារណៈ © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេចចុងក្រោយមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦កញ្ញា គឺរដ្ឋាភិបាលនឹងត្រៀមរថភ្លើងចំ​នួន២ខ្សែដើម្បីជូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតកម្រៃ។ មានរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦កញ្ញា ក្រសួងសាធារណការបានឲ្យដឹងថា គោលដៅខ្សែទី១ គឺភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។ រីឯគោលដៅខ្សែទី២ គឺភ្នំពេញទៅកាន់ខេត្តតាកែវ កំពត និងព្រះសីហនុ។

បើតាមសេចក្តីជូនដំណឹង គឺសំបុត្រធ្វើដំណើរនឹងចែកជូននៅតាមស្ថានីយ៍រថភ្លើងភ្នំពេញ និងតាមបណ្តាខេត្ត រយៈពេល២ថ្ងៃ មុនថ្ងៃចេញដំណើរ។ ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ការសម្រេចនេះគឺដើម្បីជួយសម្រួលបន្ទុកចំណាយ​របស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលនឹងធ្វើដំណើរទៅស្រុកក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។

ក្រៅពីការត្រៀមមធ្យោបាយធ្វើដំណើរតាមផ្លូវដែក សាលាក្រុងភ្នំពេញកាលពីថ្ងៃទី១២កញ្ញា ក៏បានត្រៀមរថយន្តក្រុងជិត២០០គ្រឿង ដើម្បីជួយសម្រួលមធ្យោបាយធ្វើដំណើរបស់ប្រជាពលរដ្ឋ។ មានរថយន្តចំនួន១៧៥គ្រឿង ត្រូវបានរដ្ឋាបាលរាជធានីភ្នំពេញ ត្រៀមដើម្បីដឹកប្រជាពលរដ្ឋ។ ក្នុងនោះ៥៥គ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ និង១២០គ្រឿងផ្សេងទៀតត្រៀមដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្ត។ តាមបណ្តាខេត្ត ដែលរួមមាន កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពត កែប កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង។

សាលាក្រុងភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាស​​ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ការសម្រេចរបស់រដ្ឋាភិបាលនេះ ត្រូវបានសហជីពសម្តែងការគាំទ្រ ព្រោះអាចជួយសម្រាលបន្ទុកចំណាយការធ្វើដំណើររបស់កម្មករ។ យ៉ាងណាមិញ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា យល់ថា ការអំពាវនាវរបស់រដ្ឋាភិបាលកុំឲ្យមានការដំឡើងថ្លៃដឹកជញ្ជូន ប្រហែលមិនមានប្រសិទ្ធិភាព។ មិនមានប្រសិទ្ធិភាពដោយលោកយល់ថា រដ្ឋាភិបាលគួរតែទម្លាក់ថ្លៃប្រេង ឬបង្កើនមធ្យោបាយដឹកជញ្ជូនដោយឥតគិតថ្លៃ ទើបមានប្រសិទ្ធិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ