អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាចង់សម្រួលដល់ពលរដ្ឋថៃជាប់ព្រំដែនកម្ពុជា ឱ្យចូលមកខេត្តសៀមរាប

ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីបំណងសម្រួលដល់ពលរដ្ឋថៃជាប់ព្រំដែនកម្ពុជា ឱ្យចូលមកខេត្តសៀមរាប ដើម្បីទទួលបានផលចំណេញបន្ថែម ពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនា ដោយផ្ទាល់របស់ភ្ញៀវទេសចរ ដែលជាប្រជាពលរដ្ឋថៃរស់នៅ តាមខេត្តជាប់ព្រំដែនកម្ពុជា។  ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ នៅទីស្ដីការក្រសួងទេសចរណ៍។ បន្ទាប់ពីការលើកដូច្នេះ អ្នកជំនាញវិស័យទេសចរណ៍មើលឃើញថា នឹងជួយបង្កើនលំហូរភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើន។

ក្រសួងទេសចរណ៍
ក្រសួងទេសចរណ៍ © FB/MTC
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ. បានលើកឡើងពីការស្នើទៅកាន់រដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass និងមិនចាំបាច់មានលិខិតឆ្លងដែន។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះអះអាងថា កម្ពុជានឹងទទួលបានផលចំណេញបន្ថែម ពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនាដោយផ្ទាល់ របស់ភ្ញៀវទេសចរ ដែលជាប្រជាពលរដ្ឋថៃ រស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា។

ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​​សមាគមន៍​ទីភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជាយល់ឃើញថា ការសម្រួលដល់ពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែនកម្ពុជា ឱ្យចូលមកខេត្តសៀមរាប នឹងជួយជម្រុញដល់វិស័យទេសចរណ៍កម្ពុជា ដោយបង្កើនលំហូរភ្ញៀវទេសចរកាន់តែច្រើន ដែលជួយលើកកម្ពស់អាជីវកម្មទេសចរណ៍ ជីវភាពពលរដ្ឋកម្ពុជានៅខេត្តនានា ជាពិសេសខេត្តសៀមរាប ជាឱកាសរបស់កម្ពុជាក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ខ្មែរ ដល់ពលរដ្ឋដែលជាខ្មែរដើម និងលើកកម្ពស់សេដ្ឋកិច្ចផងដែរ។

លោកស្រីរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើន ពីខេត្តដែលជាប់ព្រំដែន ដោយសារនៅខេត្តទាំងនោះមានប្រជាពលរដ្ឋរស់នៅច្រើន ហើយពួកគេមានបំណងមកទស្សនានៅកម្ពុជាផងដែរ។

គួរជម្រាបជូនថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ព្រំដែនកម្ពុជា មានដូចជា ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ស្រីសាកេត (Si Sa Ket) សុរិន្ទ្រ (Surin)  បុរីរម្យ (Buri Ram) ស្រះកែវ (Sa Kaeo) ចន្ទបុរី (Chanthaburi) និងខេត្តត្រាត (Trat)។  នាពេលបច្ចុប្បន្ននេះ កម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យពលរដ្ឋ ដែលរស់នៅជាប់ព្រំដែនទាំងសងខាង ចេញ ចូល ព្រំដែន ដោយប្រើតែបណ្ណព្រំដែន និងមិនចាំបាច់ មានលិខិតឆ្លងដែនឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ