អានតួអត្ថបទ
កម្ពុជា-សង្គម

អាកាសចរណ៍ស៊ីវិល៖ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរីត្រូវរកដៃគូថ្មី ក្រោយក្រុមហ៊ុនចិនដកខ្លួន

ការអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរីនៅតែពុំទាន់អាចមានផ្លូវដំណើរការបាននៅឡើយ​ទេ បន្ទាប់​ពី​​ក្រុមហ៊ុនចិនដែល​ទទួលសិទ្ធិ​សាងសង់បានសុំ​ដកខ្លួនចេញពីគម្រោង។ ជាគម្រោងសាងសង់ព្រលានយន្ដហោះខេត្តភូមិភាគឦសានកម្ពុជានេះ​គ្រោងដំណើរការនៅ​ឆ្នាំ២០២២នេះ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ី​វិលបាន​បញ្ជាក់ប្រាប់វិទ្យុបារាំងនៅថ្ងៃនេះថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរីរកដៃគូអភិវឌ្ឍន៍ថ្មី​ជំនួសឱ្យ​ក្រុមហ៊ុនចិនខាងលើ​ ទៅតាមការ​ណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ។ ​

គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន
គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន © FB
ផ្សាយពាណិជ្ជកម្ម

គម្រោង​សាងសង​ព្រលានយន្ដហោះនៅ​ខេត្តមណ្ឌលគិរី ត្រូវបាន​សម្រេច​ស្វែងរក​ដៃគូអភិវឌ្ឍដ៍​ឯកជនថ្មី បន្ទាប់ពីក្រុមហ៊ុន​ទទួលសិទ្ធិសាងសង់​បានដកខ្លួនចេញ។ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិលលើកឡើងនៅថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ថា​ ក្រោយពន្យារពេលជាបន្តបន្ទាប់ ក្រុមហ៊ុនចិនខាងលើ​ បាន​អះអាងមិន​អាចបំពេញកាតព្វកិច្ចបានដោយសារតែបញ្ហាហិរញ្ញវត្ថុ​​ និងបាន​សម្រេចសុំដកខ្លួនចេញពីគម្រោង។

​ក្រុមហ៊ុនចិន China Power ដែលទទួលបានសិទ្ធិសាងសង់ពុំទាន់បានដាក់ទុនអភិវឌ្ឍនៅឡើយ​ ក្រោយក្រុមហ៊ុននោះ​ទទួលបាន ​ស.ជ.ណ ពីរដ្ឋាភិបាល។

​ដោយគម្រោងសាងសង់នេះមានទាក់ទងជាមួយគណៈ​កម្មការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍កម្រិតជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ី​វិល​បានស្នើគោលការណ៍​ពីក្រសួងសេដ្ឋកិច្ច ​ធ្វើយ៉ាងណាអាចអោយគម្រោងអភិវឌ្ឍន៍​អាកាសយានដ្ឋានខេត្ត​ភាគឥសានអាននេះ អាចដំណើរការបាន។

គោលការណ៍ចំនួន៣រួមមាន ការប្រើប្រាស់ថវិការដ្ឋក្នុងដំណើរការ​, លទ្ធភាព​រកថវិកាកម្ចីសម្បទាន​ពីធនាគារពិភពលោកឬធនាគារអភិវឌ្ឍន៍​អាស៊ី និងចុងក្រោយបន្តស្វែងរកដៃគូឯកជនថ្មីវិញ។ ជាការឆ្លើយតប​របស់ក្រសួងសេដ្ឋកិច្ច​​ ​គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរី ត្រូវរកដៃគូអភិវឌ្ឍន៍ថ្មីជំនួសឱ្យក្រុមហ៊ុនចិនដែលដកខ្លួននោះ​វិញ​។ នេះបើតាមលោក ស៊ិ​ន ចាន់សិរីវុត្ថា។

សូមជ្រាបថា រដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឱ្យ​ក្រុមហ៊ុនចិន China Power ទទួលការសាងសង់ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរីលើផ្ទៃដៃ ​៣០០ហិកតា​ មាន​ចម្ងាយប្រហែល​២០គីឡូម៉ែត្រពីទីក្រុងសែនមនោរម្យ។ តាមការប៉ាន់ស្ថាន គម្រោងអភិវឌ្ឍអាកាសយានដ្ឋាននៅមណ្ឌលគិរី ​មានទំហំ​វិនិយោគប្រមាណ ១០០លានដុល្លារ។

វត្តមាន​អាកាសយានដ្ឋាននៅមណ្ឌលគិរី ត្រូវបានអ្នកសេដ្ឋកិច្ចវាយតម្លៃថានឹងអាចទាញ​រកចំណូល​សេដ្ឋកិច្ច និង​ទេសចរណ៍កាន់តែច្រើនបន្ថែមទៀត។ ខេត្ត​មណ្ឌលគីរី ត្រូវបានគេ​ចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ