អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក ហ៊ុន សែន រំពឹងថាទីម័រខាងកើតអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំ២០២៣

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ខែកញ្ញា​នេះ លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន រំពឹង​ថា​សមាជិក​ទី​១១​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន គឺ​​ប្រទេស​ទីម័រ​ខាង​កើត​នឹងត្រូវ​ប្រកាស​ផ្លូវការ​នៅ​ចុង​ឆ្នាំ​២០២២​នេះ ហើយ​នឹង​អាច​ចូល​ជាសមាជិក​ពេញ​សិទ្ធិ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ។ ការ​ប្រកាស​បែប​នេះ គឺ​ក្រោយ​ពី លោក ហ៊ុន សែន មាន​ជំនួប​ជា​មួយលោក​ប្រធានាធិបតី​នៃ​ទីម័រ​ខាង​កើត​ ចូហ្សេ ម៉ា​នូអែល អរតា នៅ​ទី​ស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ។

រូបតំណាង ទង់ជាតិអាស៊ាន និងទង់ជាតិ​ប្រទេសទីម៍រខាងកើត
រូបតំណាង ទង់ជាតិអាស៊ាន និងទង់ជាតិ​ប្រទេសទីម៍រខាងកើត © Internet
ផ្សាយពាណិជ្ជកម្ម

រយៈពេលប្រមាណ១០ឆ្នាំមកហើយ ដែលកម្ពុជាបានជំរុញឱ្យប្រទេសទីម័រខាងកើត​ក្លាយជាសមាជិកអាស៊ាន ពោលគឺចាប់តាំងពីកម្ពុជាធ្វើប្រធានអាស៊ាននៅឆ្នាំ២០១២មក។ ​តាមរយៈបណ្តាញសង្គមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ កម្ពុជានាមជាប្រធានអាស៊ានឆ្នាំនេះ នៅតែ​បន្តប្រឹងប្រែងសម្របសម្រួលឱ្យទីម័រខាងកើតក្លាយជាសមាជិកថ្មីរបស់​អាស៊ាន។ លោក ហ៊ុន សែន​ ​មាន​សុទិដ្ឋិនិយមថា អាស៊ាន​ នឹងត្រូវប្រកាស​សមាជិកទី១១របស់ខ្លួន​នៅចុងឆ្នាំ២០២២ ហើយនៅ​ឆ្នាំ​២០២៣ សមាជិកថ្មីគឺទីម័រខាងកើត ​អាចចូលជាសមាជិកពេញសិទ្ធិតែម្តង។

សូមជម្រាបដែរថា ក្នុងអំឡុងពេល​ទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ​លើកទី​៧៧ លោកនាយករដ្ឋមន្ត្រីក៏មានជំនួប ដាច់ដោយឡែក ជាមួយ​​​លោកប្រធានាធិបតីទីម័រខាងកើត ចូហ្សេ ម៉ានូអែល អរតា នៅថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០២២។ តាមលោក ហ៊ុន សែន ប្រធានាធិបតីទីម័រខាងកើត​លោក ចូហ្សេ ម៉ានូអែល អរតា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅសប្តាហ៍ទី៣នៃខែតុលាខាងមុខ។ ជាដំណើរទស្សនកិច្ចដែលភាគីទាំងពីររំពឹងជួយដល់​ការធ្វើពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀតជាមួយ​​។

ក្នុងជំនួបជាមួយ​ទីម័រខាងកើត លោកនាយករដ្ឋមន្ត្រីកម្ពុជាបន្តថា កម្ពុជានិងទីម័រខាងកើតគួរ​ពិនិត្យលទ្ធភាពធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត ដូចអ្វីដែលកម្ពុជាមានជាមួយសមមិត្តចិន និងកូរ៉េខាងត្បូងដែរ។ ក្រៅពីនេះ ការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ក៏ត្រូវបាន​ប្រមុខដឹកនាំប្រទេសកម្ពុជានិងទីម័រខាងកើតបានពិភាក្សាគ្នាក្នុងជំនួបនេះដែរ។

គួរជ្រាបថា ប្រទេសទីម័រខាងកើតបានបង្ហាញពីការព្យាយាមដើម្បីក្លាយជាសមាជិកទី១១របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ចាប់តាំងពីឆ្នាំ២០០៧មក ហើយ​សំណើសុំផ្លូវការត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១១។ ទីម័រខាងកើត ឬ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានទទួលឯករាជ្យ​​ពីប្រទេសឥណ្ឌូនេស៊ី​នៅឆ្នាំ​២០០២។ មានប្រជាជនជាង១លាននាក់ និងជា​ប្រទេសដែលមាន​ប្រជាជន​វ័យក្មេងបំផុតមួយនៅតំបន់អាស៊ី។ យោងតាមតួលេខធនាគារពិភពលោក ៤២%នៃប្រជាជនទីម័រខាងកើត រស់​នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ កន្លងមកការបោះឆ្នោត​ នៅក្នុងប្រទេសក្មេងខ្ចីមួយនេះតែង​តែពើបប្រទះ នឹងអំពើហិង្សា។ តែដំណើរ​ការបោះឆ្នោតនៅទីម័រខាងកើត​កាលពីខែ​មេសាកន្លងទៅ ត្រូវបានអ្នកអង្កេតការណ៍​អ៊ឺរ៉ុប​​វាយតម្លៃថា ធ្វើទៅដោយរលូនមានភាពសេរីយុត្តិធម៌ អាចទទួលយកបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ