អានតួអត្ថបទ
កម្ពុជា-សង្គម

មេដឹកនាំកម្ពុជា និងវៀតណាមប្តេជ្ញាជាថ្មីបង្ហើយការងារព្រំដែនដែលនៅសេសសល់ឲ្យបានឆាប់

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា និង​ប្រ​មុខ​រដ្ឋ​វៀត​ណាម បាន​ឯក​ភាព​ជា​ថ្មី​ថា​ នឹង​បង្ហើយ​ការ​ងារ​សេស​សល់​នៃ​​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ចប់​ឆាប់​រហ័ស ​ខណៈ​ដែល​កិច្ច​ការ​នេះ​នៅ​សល់​១០​ភាគ​រយ​ទៀត​។ ការ​ប្តេជ្ញា​ជាថ្មី​នេះ គឺ​ធ្វើ​ឡើង​នៅ​ពេល​ជំនួប​អាហារ​ពេល​ព្រឹក​នៅ​ទី​ក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​ ជា​ទី​ដែល​មេ​ដឹក​នាំ​ប្រទេស​កម្ពុជា និង​វៀត​ណាម ទៅ​ចូល​រួម​បុណ្យ​សព ​លោក សិនហ្សូ ​អាបេ​ អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​។​

ព្រំដែនកម្ពុជា-វៀតណាម
ព្រំដែនកម្ពុជា-វៀតណាម © FB
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សំណេរនៅលើទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី២៧កញ្ញានេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ពីលទ្ធផល​នៃជំនួបទ្វេរភាគីនេះថា ពាក់ព័ន្ធ​នឹងបញ្ហាព្រំដែន គឺមេដឹកនាំទាំងពីរបាន ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ ប៉ុន្តែ បើតាម លោក ហ៊ុន ដែលអះអាងប្រាប់​ពលរដ្ឋ​ខ្មែរ​នៅក្រៅប្រទេស កាលពីខែឧសភាឆ្នាំ២០២២ ការចរចារវាងគណៈកម្មការព្រំដែនទាំងពីរ មកដល់ពេលនោះ បានសម្រេចចំនួន៦ភាគរយបន្ថែមទៀត បូកទៅបានកើនដល់៩០ភាគរយហើយ។ ដូច្នេះ​កិច្ចការនេះ​នៅសល់​តែ១០ភាគរយទៀតប៉ុណ្ណោះ។

ដោយចំអកទៅកាន់អ្នករិះគន់បញ្ហាព្រំដែន​ដែលថា ការបោះឆ្នោត​ព្រំដែននេះ កម្ពុជា ចាញ់ប្រៀបវៀតណាមនោះ លោក ហ៊ុន សែន អះអាងថា បើគង់តែឲ្យដីទៅវៀតណាមដដែល ម៉្លេះ​លោក​មិន​ត្រូវ​ការ​ប្រើ​ពេល​យូរ​ក្នុងចរចាចំណុចមិនឯកភាពគ្នានេះទេ។

បើតាម​ប្រមុខ​រដ្ឋាភិបាលកម្ពុជា ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមដែលនៅសល់១០ភាគរយនោះ គឺនៅតំបន់ដាក់ដាំ និងដាក់ហ៊ូត ក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែបញ្ហានេះ ភាគីទាំងពីរកំពុង​ចរចាគ្នាបន្ថែមទៀត។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស លោក ម៉ែន ណាត ធ្លាប់លើកឡើងថា ទោះបីរដ្ឋាភិបាលកម្ពុជាបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមបាន១០០ភាគរយក្ដី ប៉ុន្តែបញ្ហាព្រំដែនប្រទេសទាំងពីរមិនអាចបញ្ចប់បានទេ ដោយសារការបោះបង្គោលព្រំដែនកន្លងមក កម្ពុជានៅមិនទាន់មានការឯកភាពជាតិនៅឡើយ។  

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងនៅភ្នំពេញ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមិថុនា២០២២។

ភ្នាក់ងារសារព័ត៌មានវៀតណាម(VNA)បានរាយការណ៏ថា ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយដោយយុត្តិធម៌ និងសមហេតុផលដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ដើម្បីបញ្ចប់ការកំណត់បង្គោលព្រំដែន និងបោះបង្គោលព្រំដែនដែលនៅសល់ ហើយថាភាគីទាំងពីរបានឯកភាពលើភាពចាំបាច់នៃការបង្កើតកិច្ចព្រមព្រៀងថ្មីស្តីពីព្រំដែន ដើម្បីជំនួសកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៨៣ ក្នុងន័យជួយសម្រួលដល់ការងារព្រំដែនរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ