អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក ហ៊ុន សែន ប្តេជ្ញាចេញក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC ក្នុងក្របខណ្ឌអាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ជំនួប​នៅប្រទេសជប៉ុននៅថ្ងៃអង្គារនេះ ជាមួយ​លោក​ ឆាឡែស មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាន​គូសបញ្ជាក់ពីមហិច្ឆតាជំរុញ​ការចរចារបស់បណ្តាប្រទេសអាស៊ាន ដើម្បី​ចេញ​​ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC ទោះមានការលំបាកក៏ដោយ​។ ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ជា​បញ្ហា​ចម្រូងចម្រាស់​​រាប់​ទសវត្សរ៍មកហើយ​រវាងចិន និងសមាជិកមួយចំនួនរបស់​អាស៊ាន។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបនៅប្រទេសជប៉ុនជាមួយលោក ឆាឡែស មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបនៅប្រទេសជប៉ុនជាមួយលោក ឆាឡែស មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប © FB/SPM
ផ្សាយពាណិជ្ជកម្ម

នៅក្នុងអំឡុងពេលទៅចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅទីក្រុងតូក្យូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២នេះ បានជួបជាមួយ​លោក ឆា​ឡែស មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដោយបាន​លើកឡើងពីសំណុំរឿងក្តៅៗ ក្នុងនោះគឺមាន​សំណុំរឿង សមុទ្រចិនខាងត្បូង​។

លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជា បច្ចុប្បន្នជាអ្នកដឹកនាំអាស៊ាន ចង់​ឱ្យមាន​ការចូលរួម​​​ពីបណ្តាប្រទេសសមាជិកដទៃទៀត​ ធ្វើយ៉ាងណា​ឱ្យ​កិច្ចចរចានៅក្នុង​ក្របខណ្ឌអាស៊ាន​ សម្រេចចេញក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC (Code of Conduct for the South China Sea) នៅពេលខាងមុខនេះ។ COC បច្ចុប្បន្ននេះនៅទើរត្រឹម​​​​ការរៀបចំគ្រោងឆ្អឹង​នៅឡើយ ដោយសារ​តែមានភាពចម្រូងចម្រាស់​លើគោលការណ៍សំខាន់ៗជាច្រើន។

គួរឲ្យដឹងថា ប្រកាសរួមស្តីពីការប្រតិបតិ្តរបស់ភាគីនៅសមុទ្រចិនខាងត្បូងDOC (Declaration on the Conduct of Parties in the South China Sea) ដែលជាកិច្ចព្រមព្រៀង​មិនមែនចំណងផ្លូវច្បាប់ គឺជាមូលដ្ឋានបន្តចរចាដើម្បីសម្រេច​ COC ក៏​នៅពុំទាន់អនុវត្តទៅបាន​​ដោយរលូននៅឡើយទេ។ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ក្នុង​ឆ្នាំ​២០០២ ​ DOC ត្រូវបានចុះហត្ថលេខា​រវាងអាស៊ាននិងចិន តែក្នុងឆ្នាំ២០១២ ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ានដដែល កម្ពុជាខកខានមិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​របស់​អាស៊ាន​នៅ​គ្រា​នោះឡើយ ដោយមានមតិរិះគន់ថាកម្ពុជាលំអៀងទៅរកចិន។ ជម្លោះនៅសមុទ្រចិនខាងត្បូងនេះ គឺមានភាពចម្រូងចម្រាស់រវាងចិន និងសមាជិកអាស៊ានដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប៊្រុយណេ។

នៅឆ្នាំ២០២២នេះ កម្ពុជា ជាប្រធានអាស៊ានប្តូរវេនលើកទីបី  ចង់ឃើញ​ការបន្តអនុវត្ត DOC ឱ្យ​​​បានពេញលេញ ដែលធ្វើយ៉ាងណាអាចចេញ​ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ។ នេះបើតាមការអះអាងរបស់លោក ហ៊ុន សែន ទៅ​កាន់​លោក ឆាឡែស មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប។​

នៅសល់ពេលមិនច្រើនទេ​ ដែលកម្ពុជានឹងបញ្ចប់​តួនាទី​ប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ នៅមុនឡើងកាន់តំណែងនេះ លោក ហ៊ុន សែន ធ្លាប់បាន​ស្នើកុំឱ្យ​​បន្ទោស​កម្ពុជា​ប្រសិន​បើ​ COC​ មិន​អាច​សម្រេច​បាន​នៅកម្ពុជា។​

គួរជ្រាបថា នៅក្នុងជំនួបប្រធានក្រុមប្រឹក្សាអឺរ៉ុបនេះ ក្រៅតែពីសំណុំរឿងសមុទ្រចិនខាងត្បូង ក៏មានដែរការជជែក​ពី​សំណុំរឿងភូមា និងសង្គ្រាមនៅអ៊ុយក្រែន។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ពីការចូលរួមប្រជុំកំពូលអាស៊ាន-អឺរ៉ុប ដែលនឹងធ្វើឡើងនៅទីក្រុងប្រុចសែល ប្រទេសប៊ែលហ្ស៉ិក នៅខែធ្នូ ឆ្នាំ២០២២ តាមការអញ្ជើញរបស់សហភាពអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ