អានតួអត្ថបទ
កម្ពុជា-នយោបាយ

សាក្សីមួយចំនួនមិនអាចចូលរួមសវនាការ លោក កឹម សុខា នៅសប្តាហ៍ក្រោយ

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ហៅ​សាក្សី​សំខាន់ៗ​មួយ​ចំនួន​ឲ្យ​ចូល​រួម​បំភ្លឺ​នៅ​ក្នុង​សវនាការ​សំណុំ​រឿង លោក កឹម សុខា នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​នេះ​ នៅ​ក្រោម​ការ​ប្រកាន់​ថា​ ឃុប​ឃិត​ជា​មួយបរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។​ ប៉ុន្តែ​សាក្សី​មួយ​ចំនួន​បង្ហាញ​ជំហ​ថា ពួកគេ​នឹង​មិន​មាន​លទ្ធភាព​ចូល​បំភ្លឺ​តាម​កាល​កំណត់​បាន​ឡើយ ដោយសារ​តែ​មាន​ភារកិច្ច​ទៅ​ក្រៅ​ប្រទេស​ ខណៈ​សាក្សី​ខ្លះ​នៅក្រៅ​ប្រទេស​ស្រាប់​ទំនង​ជា​មិន​អាច​មក​ចូល​រួម​បាន​ឡើយ​។​

លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ © FB
ផ្សាយពាណិជ្ជកម្ម

មាន​សាក្សី​សំខាន់​យ៉ាង​តិច​២​រូប​ដែល​មិន​អាច​ចូល​រួម​បំភ្លឺ​នៅក្នុង​សវនាការ​កាត់​ក្តី​លើ សំណុំ រឿង លោក កឹម សុខា នៅថ្ងៃទី៥តុលា នាសប្តាហ៍ក្រោយនេះ។ ទី១គឺលោកស្រី ចក់ សុភាព នាយិកា មជ្ឈ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ទី២ លោក សៀ ភារម្យ អតីតនាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិលំនៅឋាន។

សម្រាប់ លោកស្រី ចក់ សុភាព គ្រាន់តែបើកឆាករួចភ្ជុំបិណ្ឌ ចុតហ្មាយមកដល់ផ្ទះ​តាំងពីព្រហាម!

មិនខុសពីកាលកោះហៅលើកដំបូងកាលពីពាក់កណ្តាលឆ្នាំ២០១៨ឡើយ​ កាលណោះលោកស្រីបានបង្ហាញជំហរថានឹងចូលរួមឆ្លើយតបតាមការកោះហៅ​ ថ្វីបើពេលនោះចំពេលគាត់នៅក្រៅប្រទេស​និងត្រូវពេលត្រឡប់មកពីបារាំងថ្ងៃដែលសារព័ត៌មានគេបង្ហោះព្រោងព្រាតពីដីកាកោះហៅទាំងដែលខ្លួនលោកស្រីផ្ទាល់មិនទាន់ទទួលបានដីកាយ៉ាងណាក្តី​។ តែទីបំផុត​សាក្សីរូបនេះបានចូលឆ្លើយតបតាមកាលកំណត់ពេលនោះនៅដំណាក់កាលស៊ើបសួរ។​

ប៉ុន្តែចំណោទពេលនេះគឺដីកាកោះចំពេលត្រូវជាប់បេសកកម្មទៅក្រៅប្រទេស​ ប្រជុំសំខាន់ជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពបញ្ចេញមតិ និងទស្សនយោបល់​ ដោយផ្តោតលើបញ្ហាហឹង្សាផ្អែកលើយេនឌ័រ។ ការណ៍នេះបានរារាំងលោកស្រី ចក់ សុភាព មិនអាចចូលរួមសវនាការលោក កឹម សុខា បាននៅសប្តាហ៍ក្រោយ​បានឡើយ។ នេះជាការគូសបញ្ជាក់​របស់​លោកស្រី ចក់ សុភាព តាមរយៈ​ហ្វេសប៊ុក​នៅថ្ងៃពុធនេះ។

ចំណែកលោក សៀ ភារម្យ អតីតនាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិលំនៅឋាន បានឲ្យដឹងថាមកដល់ពេលនេះ លោកបានទទួលដីកាលើកទី៣ ហើយ ខណៈលោកកំពុងភៀសខ្លួននៅក្រៅប្រទេសនៅឡើយ។

ទោះជាយ៉ាងណា លោក សៀ ភារម្យ មិនបានបញ្ជាក់ដាច់ខាតថា លោកអាចមកចូលរួមបានឬ មិនមកចូលរួមឆ្លើយបំភ្លឺនោះឡើយ ខណៈ​លោកខកខានចូលបំភ្លឺ២លើករួចមកហើយ។

កាលពីថ្ងៃទី១៤កញ្ញា ប្រធានក្រុមប្រឹក្សាជំនុំជម្រៈ លោក កូយ សៅ បានប្រកាសថា ក្រៅពីសាក​សួរសាក្សីនៅថ្ងៃទី៥ ខែតុលា ក៏មានដែរគម្រោងសាក្សីផ្សេងទៀតនៅតាមខេត្ត នឹងត្រូវធ្វើនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

គួរឲ្យដឹងថា តាំងពីក្រោយចាប់ខ្លួនលោក កឹម សុខា នៅចុងឆ្នាំពី២០១៧ គឺមានសាក្សីជាច្រើន​ត្រូវបាន​តុលាការ​កោះហៅដូចជា លោក ឈឹម ផលវរុណ អតីតទីប្រឹក្សាលោក កឹម សុខា និងបច្ចុប្បន្នជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក ប៉ា ងួនទៀន នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក មឿន តុលា នាយកអង្គការសង់ត្រាល់ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ