អានតួអត្ថបទ
កម្ពុជា-សង្គម

ក្តីក្តាំបរិហាកេរ្តិ៍៖ លោក សុន ឆ័យ ថាតុលាការឲ្យឱកាសមេធាវី គ.ជ.ប បកស្រាយច្រើនជាងមេធាវីលោក

លោក សុន ឆ័យ ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ បានចូល​រួម​ទៅជំនុំ​ជម្រះ​សំណុំរឿង​បរិហាកេរ្តិ៍​ ពាក់ព័ន្ធ​នឹងការ​លើក​ឡើងពី​ការលួច​បន្លំសន្លឹក​ឆ្នោត ​នៅសាលា​ដំបូង​រាជធានីភ្នំពេញ។ ​ការជំនុំជម្រះក្តី​ទីមួយ​លោក ​សុន ឆ័យ​ បាន​ចាយពេល​អស់ជាង​៣ម៉ោង​ តែលោក​ សុន ឆ័យ​ ហាក់​មិនសប្បាយចិត្ត​ ដ្បិតតុលាការ​ឲ្យឱកាស​ទៅមេធាវី​ គ.ជ.ប​ ច្រើន​ជាង​មេធាវី​របស់លោក ​ក្នុង​ការបកស្រាយបំភ្លឺ។​

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន © FB
ផ្សាយពាណិជ្ជកម្ម

ក្តីក្តាំដំបូងដែលលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចូលទៅតទល់នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺជាក្តីក្តាំនៃបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានប្តឹងលោក សុន​ ឆ័យ ពីបទបរិហាកេរ្តិ៍ ពាក់ព័ន្ធនឹងការលើកឡើងពីការលួចបន្លំសន្លឹកឆ្នោតនៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥។

ជាង៣ម៉ោងនៃការតតាំង លោក សុន ឆ័យ បានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការជំនុំជម្រះហាក់មានភាពតឹងសសៃក ព្រោះលោកត្រូវលើកឡើងភស្តុតាងមកគាំទ្រចម្លើយរបស់លោក។ លោក សុន ឆ័យ អះអាងថា ភស្តុតាងទាំងអស់ដែលលោកបានដាក់ មានភាពជាក់ស្តែង ហើយការអះអាងជាដដែលៗរបស់លោក និងមេធាវីការពារក្តី លោក ជូង ជូងី គឺការលើកឡើងរបស់លោក សុន ឆ័យ មិនមានកំហុសសោះឡើយ។ បើតាមលោក សុន ឆ័យ គឺអ្វីដែលលោកលើកឡើង គឺមិនមានចំណុចណាមួយបានបរិហាកេរ្តិ៍ គ.ជ.ប នោះទេ។

ក្នុងអំឡុងពេលសវនាការកំពុងបន្តនីតិវិធីក្នុងតុលាការ លោក សុន ឆ័យ បានកត់សម្គាល់ថា មេធាវីរបស់លោក ហាក់មិនសូវទទួលបានឱកាសឆ្លើយបំភ្លឺទៅនឹងការចោទប្រកាន់សោះឡើយ។ ផ្ទុយមកវិញ លោកអះអាងថា តុលាការបានឲ្យឱកាសច្រើនទៅភាគីមេធាវីដើមបណ្តឹង គ.ជ.ប ក្នុងការបកស្រាយបំភ្លឺ ច្រើនជាងការឲ្យឱកាសមកមេធាវីរបស់លោក។ លោកថា ចំណុចនេះ បានធ្វើឲ្យមេធាវីរបស់លោកមិនសប្បាយ ទៅនឹងការឲ្យសិទ្ធិរបស់តុលាការ។

សម្រាប់លោក សុន ឆ័យ ការណ៍នេះហាក់ធ្វើឲ្យក្តីក្តាំរបស់លោក មិនសូវមានសង្ឃឹមក្នុងការទទួលបានការជំនុំជម្រះមួយ ដោយយុត្តិធម៌។

ក៏ប៉ុន្តែលោក ប្លង់ សុផល អ្នកនាំពាក្យ​តំណាង អយ្យការ​អម​សាលាដំបូងរាជធានី​ភ្នំពេញ បានប្រាប់វិទ្យុបារាំងអន្តរជាតិ ថា សវនាការនៅព្រឹកនេះបានប្រព្រឹត្តិទៅតាមនីតិវិធី ហើយគ្រប់ភាគីទាំងអស់សុទ្ធតែត្រូវបានអនុញ្ញាតឲ្យអនុវត្តសិទ្ធិរបស់ខ្លួនទៅតាមច្បាប់។

គួរជម្រាបថា លោក សុន ឆ័យ បានរងនូវបណ្តឹងចំនួនពីរ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា ក្រោយពេលអ្នកនយោបាយកំពុងមានប្រជាប្រិយរូបនេះ បានថ្លែងពីភាពមិនប្រក្រតីនៃការលួចបន្លំសន្លឹកឆ្នោត។ នៅព្រឹកថ្ងៃព្រហស្បតិ៍ តុលាការក៏បានសម្រេចបើកការជំនុំជម្រះលើបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងត្រៀមប្រកាសសាលក្រមនៅថ្ងៃសុក្រទី០៧តុលា ខណៈដែលបណ្តឹងរបស់គណបក្សកាន់អំណាច ដែលទាមទារសំណងជាទឹកប្រាក់ជាង១លានដុល្លារអាមេរិក តុលាការនឹងបើកការជំនុំជម្រះនៅថ្ងៃទី០៧តុលាផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ