អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិលថា បើរដ្ឋាភិបាលមានឆន្ទៈនឹងការពារកម្ពុជាពីឋានសួគ៌នៃឧក្រិដ្ឋកម្ម

បន្ទាប់​ពីប្រមុខ​រដ្ឋាភិបាល ​លោក ហ៊ុន សែន​ នៅថ្ងៃទី២៩​ខែកញ្ញានេះ​ អំពាវនាវ​ទៅកាន់​អ្នក​ពាក់ព័ន្ធ​រួមគ្នា​ការពារ​ប្រទេសកម្ពុជា​«កុំ​ឲ្យ​ក្លាយជា​ឋាន​សួគ៌នៃ​ឧក្រិដ្ឋកម្ម» ​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​មើល​ឃើញ​ថា ​មិន​ពិបាក​ទេក្នុង​ការទប់​ស្កាត់​បញ្ហានេះ​ឲ្យមាន​ប្រសិទ្ធិ​ភាព​នោះ បើ​រដ្ឋាភិបាល​ពិតជា​មានឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​មែននោះ។​

វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦នៅ
វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦នៅ © FB/SPM
ផ្សាយពាណិជ្ជកម្ម

ដើម្បីកុំឲ្យក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្ម អាជ្ញាធរពាក់ព័ន្ធក្នុងប្រទេសកម្ពុជាត្រូវមានការតាំងចិត្ត ឆន្ទៈ និងដកខ្លួនពីបញ្ហាពុករលួយ។ នេះការលើកឡើងរបស់ លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការលីកាដូ។ លោកបន្ថែមថា មន្ត្រីអនុវត្តច្បាប់ត្រូវធានាថា ការអនុវត្តច្បាប់របស់ខ្លួនធ្វើឡើងដោយស្មើភាពមិនប្រកាន់បក្ខពួក ទោះបីជាអ្នកនោះមានឋានៈបុណ្យសក្ដិអ្វីក៏ដោយ ហើយសំខាន់ជាងនេះទៀមន្ត្រីដកខ្លួនចេញពីសំណូកសូកប៉ាន់ពាក់ព័ន្ធបទល្មើសជួញដូរមនុស្សនិងបទល្មើសឧក្រិដ្ឋផ្សេងទៀត។ ដូច្នេះគ្រប់យ៉ាងផ្ដើមចេញពីមន្ត្រីទៅមុនសិន ទើបប្រតិបត្តិការសង្គ្រោះកម្ពុជាចេញពីឋានសួគ៌នៃឧក្រិដ្ឋកម្មគ្រប់ប្រភេទមានប្រសិទ្ធិភាព។

មន្ត្រីសិទ្ធិមនុស្សរូបនេះចាត់ទុកស្ថានភាពដែលកំពុងតែកើតមាននៅកម្ពុជាសព្វថ្ងៃ ដែលក្លាយជាទីតាំងជួញដូរមនុស្ស ទីតាំងផលិតគ្រឿងញៀនសម្រាប់នាំចេញ រួមនឹងការប្រព្រឹត្តល្បែងស៊ីសង់មិនថា អនល្បែងតាមអនឡាញឬការប្រព្រឹត្តល្បែងស៊ីសង់ថ្នាក់មូលដ្ឋាន ហាក់ដូចជាស្ថានភាពអាសន្នដែលទាមទារឲ្យពង្រឹងការយកចិត្តទុកដាក់ដោះស្រាយឲ្យបានខ្ពស់។

ដំណាលគ្នានេះ លោក សេក សុជាតិ ជាស្ថាបនិកនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិតហៅកាត់ថា MDOលើកឡើងថា ដើម្បីរួមចំណែកលុបបំបាត់រូបភាពទាំងនេះ រដ្ឋាភិបាលត្រូវវែកមុខមន្ត្រីពាក់ព័ន្ធនឹងរឿងនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ បើពុំដូច្នេះទេ ការអំពាវនាវទៅកាន់អ្នកពាក់ព័ន្ធរួមគ្នាការពារប្រទេសកម្ពុជា«កុំក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្ម»មិនមានប្រសិទ្ធភាពឡើយ។ ទោះជាបែបណាក្ដី លោក សេក សុជាតិ បានឲ្យយោបល់ថា គេមិនត្រូវរួមគ្នាដោះស្រាយលើបញ្ហាដែលកំពុងតែមាននេះដោយកុំដាក់បន្ទុកលើភាគីណាមួយតែម្ខាងនោះ។

យ៉ាងណាមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការជួញដូរមនុស្សជាបញ្ហាសាកល មិនមែនមានតែកម្ពុជានោះទេ តែបើមិនឆាប់រួមទប់ស្កាត់ទេវានឹងក្លាយជាគោលដៅសុវត្ថិភាពរបស់ពួកឧក្រិដ្ឋជនរត់ពន្ធមនុស្សដែលយកកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើសនេះ។ បន្ថែមលើនេះរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែសីហា ដើម្បីប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស។

នៅក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកយករបាយការណ៍ស្ទង់មតិ ពលរដ្ឋជាង១ពាន់នាក់ក្នុង១៣រាជធានីខេត្តមកបង្ហាញថា ដើមហេតុដែលនាំឲ្យមានការជួញដូរមនុស្សកើតឡើងដោយសារ បន្ទុកគ្រួសារនិងបំណុល ខ្វះការយកចិត្តទុកដាក់ថែរក្សាពីគ្រួសារនិងសង្គម ខ្វះការសិក្សានិងការអប់រំ កង្វះការទទួលបានព័ត៌មានដែលផ្ដល់ដោយរដ្ឋនិងសង្គមស៊ីវិល និងការចាញ់ល្បែងស៊ីសង ការសេពគ្រឿងញៀន​​និងគ្រឿងស្រវឹង។

សូមញ្ជាក់ជូនថា ប្រតិបត្តិរបស់អាជ្ញាធរដើម្បីលាងសម្អាតកម្ពុជាពីរឿងអាស្រូវមួយចំនួននៅចំពោះមុខ ធ្វើឡើងក្រោយការបាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ២០២២ របស់​ក្រសួងការបរទេស​អាមេរិក កាលពី​ថ្ងៃទី១៩ ខែកក្កដា បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​មក​កម្រិត​ទី៣​អាក្រក់​បំផុត ពុំ​ធ្លាប់​មាន​តាំងពី​ឆ្នាំ២០១៥​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ