អានតួអត្ថបទ
កម្ពុជា-ច្បាប់

តុលាការកំពូលកាត់ទោសកំបាំងមុខឲ្យកញ្ញាសេង ធារី បន្តជាប់ពន្ធនាគារ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម

តុលាការកំពូលនៅថ្ងៃសុក្រ ទី៣០កញ្ញា បានសម្រេចកាត់ទោសកញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិក ឲ្យបន្តជាប់ពន្ធនាគារ ដើម្បីឲ្យតុលាការចាត់ការតាមនីតិវិធី និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមការអះអាងរបស់លោក ជូង ជូងី មេធាវីការពារក្តីកញ្ញា សេង ធារី ដែលបានចូលស្តាប់សវនាការនៅតុលាការកំពូល។ ការសម្រេចរបស់តុលាការកំពូលពេលនេះ ក៏មិនខុសអ្វីពីការសម្រេចរបស់សាលាឧទ្ធរណ៍ កាលពីដើមខែកញ្ញា ដែលសម្រេចមិនដោះលែងកញ្ញា សេង ធារី ឲ្យមានសេរីភាព។

កញ្ញា សេង ធាវី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមិថុនា
កញ្ញា សេង ធាវី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមិថុនា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

លោកមេធាវី ជូង ជូងី មេធាវីការពារក្តីឲ្យកញ្ញា សេង ធារី បានសម្តែងក្តីខកចិត្ត និងចាត់ទុកថាជារឿងមិនយុត្តិធម៌ ដែលតុលាការកំពូលសម្រេចយ៉ាងដូច្នេះ។ អ្វីដែលលោកមេធាវី ជូង ជូងី កត់សម្គាល់នោះ គឺដំណើរការសវនាការលើសំណុំរឿងកញ្ញា សេង ធារី នៅព្រឹកនេះ មិនមានវត្តមានកូនក្តីរបស់ខ្លួនចូលមកស្តាប់ការសម្រេចនោះឡើយ។ លោក ជូង ជូងី លើកឡើងថា ការសម្រេចរបស់តុលាការកំពូល ដែលអវត្តមានជនជាប់ចោទបែបនេះ គឺជាការអនុវត្តដែលផ្ទុយពីច្បាប់ ដែលតម្រូវឲ្យជនជាប់ចោទនិយាយការពារសិទ្ធិ។ បើតាមលោក ជូង ជូងី គឺការសម្រេចរបស់តុលាការកំពូល គឺជាការកាត់ទោសកំបាំងមុខចំពោះសំណុំរឿងកញ្ញា សេង ធារី។

យ៉ាងណាមិញ លោក ជូង ជូងី អះអាងថា រូបលោកនឹងទៅជួបកូនក្តីរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីប្រាប់ពីការសម្រេចរបស់តុលាការកំពូល ដែលមិនដោះលែងមេធាវីមានសញ្ជាតិខ្មែរ-អាមេរិកាំង ឲ្យមានសេរីភាព។ ជាជំហានបន្ត លោក ជូង ជូងី ក្នុងនាមជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ បញ្ជាក់បន្ថែមថា រូបលោកនឹងពិភាក្សាជាបន្តជាមួយកូនក្តី ដើម្បីស្វែងរកការការពារសិទ្ធិជូនកញ្ញា សេង ធារី។

គួរជម្រាបថា កញ្ញា សេង ធារី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤មិថុនា បានកាត់ទោសឲ្យជាប់ពន្ធនាគារព្រៃសចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ក្នុងសំណុំរឿងមាតុភូមិនិវត្តន៍៩វិច្ឆិកា២០១៩របស់លោក សម រង្ស៊ី។ ក៏ប៉ុន្តែតែមួយថ្ងៃក្រោយមក កញ្ញា សេង ធារី ក៏ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តព្រះវិហារ។ ការផ្លាស់ប្តូរទីតាំងចម្រឹងដែកនេះ ត្រូវបានអាជ្ញាធរអះអាងថា ដើម្បីបញ្ចៀសកុំឱ្យមានបាតុកម្មតវ៉ានៅខាងក្រៅពន្ធនាគារដែលនាំឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់នៅក្រៅឃុំ។

ក្តីក្តាំកញ្ញា សេង ធារី បានរុញជាហូរហែដល់តុលាការថ្នាក់កណ្តាល និងតុលាការជាន់ខ្ពស់។ ការសម្រេចរបស់តុលាការថ្នាក់កណ្តាល កាលពីថ្ងៃទី១កញ្ញា គឺ សាលាឧទ្ធរណ៍ក៏នៅបន្តតម្កល់ការសម្រេចរបស់តុលាការជាន់ទាប ដែលត្រូវអនុវត្តទោសឲ្យមេធាវីខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី នៅក្រោយចម្រឹងដែកចំនួន៦ឆ្នាំ ដោយគ្មានការបន្ថូរបន្ថយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ