អានតួអត្ថបទ
កម្ពុជា-សង្គម

ផ្ទៃបឹងតាមោកជាង៧០% ត្រូវបានកាត់គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២

គិតមកខែឧសភា ឆ្នាំ២០២២ កន្លងទៅផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ​ត្រូវបានកាត់យ៉ាងហោចណាស់ ៥៦ដង ឬប្រមាណជិត៧០% នៃផ្ទៃបឹងទាំងមូល។ នេះបើតាមទិន្នន័យរបស់អង្គការសមាគមធាងត្នោត ដែលឃ្លាំមើល និងចងក្រងករណីលុបបឹងនៅជុំវិញរាជធានីភ្នំពេញ។ អ្នកនាំពាក្យរដ្ឋាភិបាលថាអង្គការសង្គមស៊ីវិលមួយចំនួនមើលតែមួយចំហៀង មិនបានគិតពីតម្រូវការចាំបាច់របស់សាធារណៈ។

ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ
ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ © FB
ផ្សាយពាណិជ្ជកម្ម

គិតមកត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ​ត្រូវបានកាត់យ៉ាងហោចណាស់ ៥៦ ដង ដែលមានទំហំសរុប ២ ១៥២,៦២ហិកតា ឬប្រមាណជិត៧០% នៃផ្ទៃបឹងទាំងមូល។ នេះតាមរបាយការណ៍អង្កេតរបស់អង្គការសមាគមធាងត្នោត។

តាមរយៈសារក្នុងបណ្តាញសង្គមផ្លូវការចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា អង្គការសមាគមធាងត្នោតបានលើកឡើងថា បើទោះបីជាប្លង់គោល ដែលជាមូលដ្ឋានគតិយុត្តិសំខាន់សម្រាប់គ្រប់គ្រងដីបានកំណត់រក្សាផ្ទៃបឹងនេះជាង ២០០០ហិកតាក៏ដោយ មកដល់​បច្ចុប្បន្ននេះ ផ្ទៃបឹងដែលគ្រោងរក្សាទុកនេះ ត្រូវបានកាត់​លើសពីទំហំ​ដែលបានសិក្សាប្រមាណ ២ដង។

បើតាមសមាគមធាងត្នោតអនុក្រឹត្យ ដែលចេញផ្សាយកន្លងមក ក្នុងឆ្នាំ២០២០ និង២០២១ ខណៈពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩ ចំនួននៃការកាត់ផ្ទៃបឹងមានច្រើនជាងគេ ដោយក្នុងឆ្នាំ២០២០ មានចំនួន ៦៦៥,២ហិកតា និងក្នុងឆ្នាំ២០២១ មានចំនួន ១ ២៦៣,២៦ហិកតា។

ការអភិវឌ្ឍបឹងតាមោក និងបឹងមួយចំនួនទៀតនៅជុំវិញរាជធានីភ្នំបានបង្កជាក្តីបារម្ភរបស់អង្គការសង្គមស៊ីវិល និងអ្នកបរិស្ថាន។ កន្លងមកតែងតែមានការអំពាវនាវឲ្យរាជរដ្ឋាភិបាលបញ្ឈប់សកម្មភាពទាំងនោះ។  

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី៣០ ខែកញ្ញាថា ការបារម្ភរបស់សង្គមស៊ីវិលគឺគិតតែមួយចំហៀង គិតតែពីបរិស្ថាន ឬអាងស្តុកទឹក ហើយពួកគាត់មិនបានគិតពីតម្លៃសេដ្ឋកិច្ច និងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលនោះទេ។

លោកបញ្ជាក់ថារារដ្ឋាភិបាលបានសិក្សាឆ្លើយតបចំពោះបញ្ហាអាងស្តុកទឹក ដែលចែកជាពីរ គឺស្តុកទឹកស្អាត និងទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងទន្លេ ពោលគឺបានគិតរួចស្រេចទៅហើយ។ លោកបន្តថា ក្នុងការអភិវឌ្ឍ ដែលឆ្លើយតបនឹងសេចក្តីត្រូវការជាចាំបាច់របស់ក្រសួងមន្ទីរ បានរៀបចំនៅបឹងតាមោក ព្រោះមិនមានដីសាធារណ ដែលអាចរៀបចំធ្វើក្រសួងមន្ទីរធំៗបានទេ។ លោកបញ្ជាក់ថា ដូច្នេះការចាក់ដីបំពេញគឺដើម្បីធ្វើក្រសួងមន្ទីរ​ ដែលជាការឆ្លើយតប សម្រាប់ផលសេដ្ឋកិច្ច និងសេចក្តីត្រូវការរបស់សាធារណផង។

ក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២០ អនក្រ.បក កំណត់ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ ទំហំសរុបចំនួន ៣ ២៣៩,៧ ហិកតា ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​លិច​ឈៀង​ខាងជើងតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ លាតសន្ធឹងលើខណ្ឌចំនួន ២ សង្កាត់ចំនួន ៦ និងភូមិចំនួន ២៥។ បើផ្អែកតាមប្លង់គោលប្រើប្រាស់ដីរបស់សាលារាជធានីភ្នំពេញ ឆ្នាំ២០៣៥ ផ្ទៃបឹងដែលត្រូវរក្សាទុកមានប្រមាណតែ ២ ១៤០ហិកតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ