អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

៣ត្រីមាសឆ្នាំ២០២២ភ្ញៀវទេសចរបរទេស ទស្សនារមណីយដ្ឋានអង្គរកើនឡើង២០០០%

ក្នុងរយៈពេល៣ត្រីមាសមកនេះ ភ្ញៀវទេសចរបរទេស ដែលបានមកទស្សនារមណីយដ្ឋានអង្គរ​នៅតែបន្តកើនឡើងធៀបទៅនឹងពេលដែលកម្ពុជាមិនទាន់បើកប្រទេសឡើងវិញ កាលពីឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅដើមខែតុលា។ អ្នកជំនាញវិស័យទេសចរណ៍ថានេះគឺជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍កម្ពុជាទាំងមូល។

ភ្ញៀវទេសចរ (រូបតំណាង)
ភ្ញៀវទេសចរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

គិតចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរបរទេស ដែលបានមកទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១៣៤,១៥២នាក់ ដែលកើនឡើងជាង ២,០៧៥.៣២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ឆ្នាំ២០២១ ដែលកម្ពុជាមិនទាន់បើកប្រទេសពេញលេញសម្រាប់ទទួលអ្នកដំណើរទេសចរបរទេស។

ចំពោះចំណូលសម្រាប់រយៈពេល ៩ខែដើមឆ្នាំ២០២២នេះ ដែលបានមកពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង ៥.៣លានដុល្លារ កើនឡើងជាង ២,០១២.៥៨% ធៀបនឹង៩ខែ ដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែតុលា​។  

លោក ហូ វណ្ឌី  ទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០៣ ខែតុលាថា ​តួលេខនេះ គឺជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍កម្ពុជាទាំងមូល ជាពិសេសសម្រាប់ខេត្តសៀមរាប។

ឆ្លើយនឹងសំនួរថាតើវិស័យទេសចរណ៍កម្ពុជាអាចនឹងរងប៉ះពាល់ទេ ខណៈអតិផរណានៅជុំវិញពិភពលោកកំពុងបន្តកើនឡើងនោះ? លោក ហូ វណ្ឌី បានថ្លែងថា អាចនឹងប៉ះពាល់តិចតួចក្នុងវិស័យទេសចរណ៍ ប៉ុន្តែការកើនឡើងនៃចំនួនភ្ញៀវទេសចរនាពេលនេះ គឺសញ្ញាវិជ្ជមានមួយក្រោយធូរស្បើយពីកូវីដ១៩ ហើយតួលេខនេះនឹងបន្តផ្តល់ផលវិជ្ជមានទៅមុខទៀត។ លោកបញ្ជាក់ថា ផលប៉ះពាល់ពីអតិផរណាអាចនឹងមាន ប៉ុន្តែមិនមែនមានតែកម្ពុជាទេ ដែលរងផលប៉ះពាល់នេះ។​

សូមជម្រាបជូន កាលពីខែដើមខែកញ្ញា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់ កម្ពុជា ចាប់ពី២ឆ្នាំឡើងទៅ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ។  

​កាលពីឆ្នាំ២០១៩ មុនការរាតត្បាតនៃជំងឺកូវិដ១៩ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួនជាង ៦.៦លាននាក់ ដោយបង្កើតមុខរបរ និងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ ចំណូលទេសចរណ៍អន្តរជាតិប្រមាណ ៤,៩១៩លានដុល្លារ និងរួមចំណែកប្រមាណ ១២%នៃផលិតផលក្នុងស្រុកសរុប។ កាលពីឆ្នាំ២០២១ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២០ម៉ឺននាក់ ថយចុះ ៨៥%ធៀបនឹងឆ្នាំ២០២០ និងថយចុះ ៩៧%ធៀបនឹងឆ្នាំ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ