អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ដាក់យុទ្ធសាស្រ្ត៣ធំៗ ក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ

ក្នុងឱកាស​នៃការប្រារព្ធ​ទិវាទេសចរណ៍​ពិភពលោក​ ២០២២ ​នៅថ្ងៃទី៣​ តុលា​ម្សិលមិញ​ ក្រសួងទេសចរណ៍​កម្ពុជា ​សម្រេច​ ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត៣​ធំៗ​ ដើម្បី​លើក​ស្ទួយ​វិស័យទេសចរណ៍​ក្នុង​ដំណាក់កាល​ក្រោយវិបត្តិកូវីដ។​ យុទ្ធសាស្រ្ត​ទាំង៣ ​មានដូចជា​ ការបណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល​ដល់​គ្រប់​តួអង្គ​ទាំង​អស់​ក្នុងវិស័យទេសចរណ៍ ​បង្កើន​ការ​អភិវឌ្ឈទេសចរណ៍​ជនបទ​ និងបន្ត​ការ​គាំទ្រ​សហគ្រាស​ខ្នាត​តូចបំផុត​ ខ្នាតតូច​ និង​ខ្នាតមធ្យម។​ ជុំវិញ​ការដាក់​ចេញ​នូវ​​យុទ្ធសាស្ត្រនេះ​ អ្នក​ជំនាញ​វិស័យទេសចរណ៍​យល់ឃើញថា​ នេះ​ជាយុទ្ធសាស្ត្រ​ដែល​ស្របនឹង​តម្រូវ​ការ​ពិភពលោក ​និងកម្ពុជា។​

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ © FB/MTC
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងទិវាទេសចរណ៍ពិភពលោក ២០២២ លោក ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បានដាក់ចេញនូវយុទ្ធសាស្រ្ត៣ធំៗ ក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ។ យុទ្ធសាស្រ្តទាំង៣ រួមមានទី១ បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ គឺការបង្កើនការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់គ្រប់តួអង្គទាំងអស់ក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលជាអ្នកផ្តល់សេវាកម្មនៅមូលដ្ឋាន។

ចំណែកឯយុទ្ធសាស្រ្តទី២ បង្កើនការអភិវឌ្ឍទេសចរណ៍ជនបទ គឺរៀបចំផែនការអភិវឌ្ឍទេសចរណ៍ជនបទថែមទៀត ឱ្យឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍ថ្មីៗ ចូលរួមដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងចំណាកស្រុក។ យុទ្ធសាស្រ្តទី៣ បង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺការបង្កើនកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មី ដល់សិស្ស-និស្សិតកំពុងសិក្សា អ្នកកំពុងបម្រើការងារ និងអ្នកធ្លាប់បម្រើការងារទេសចរណ៍។

ជុំវិញការដាក់ចេញនូវយុទ្ធសាស្ត្រទាំង ៣ របស់ក្រសួងទេសចរណ៍ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជាយល់ឃើញថា ជាការដាក់យុទ្ធសាស្ត្រដែលស្របនឹងតម្រូវការរបស់ពិភពលោក និងកម្ពុជា។ លោកស្រីបន្ដថា កម្ពុជាត្រូវតាមឱ្យទាន់នូវការវិវត្តរបស់បច្ចេកវិទ្យា មិនអាចរំលងឧស្សាហកម្ម ៤.០ផ្នែកបច្ចេកវិទ្យាឡើយ ពោលគឺអ្វីៗត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថល ទោះបីស្ថានភាពនៃជំងឺកូវីដមានការថមថយវិលត្រឡប់ទៅស្ថានភាពដើមក៏ដោយ។ លោកស្រីក៏បានយល់ឃើញផងដែរថា សមត្ថភាពរបស់ពលរដ្ឋជនបទក្នុងសហគមន៍ទេសចរណ៍ក៏មានតួនាទីក្នុងការទាកទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តរយៈពេលយូរផងដែរ។

ជាការកត់សម្គាល់ កម្ពុជានឹងចូលរួមក្នុងកម្មវិធីភូមិទេសចរណ៍ឆ្នើម (UNWTO Best Tourism Village) ដែលបានរៀបចំដោយអង្គការទេសចរណ៍ពិភពលោក (UNWTO) បង្កើតកម្មវិធីយុវជន និងធុរកិច្ចទេសចរណ៍ជនបទ ផ្ដោតលើការអភិវឌ្ឈ ការច្នៃប្រឌិតទេពកោសល្យជនបទ និងយុទ្ធនាការ ការបង្កើតថ្មី និងនវាវុវត្តន៍ទេសចរណ៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។

គួរជម្រាបជូនថា ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២នេះ ធ្វើឡើងក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ