អានតួអត្ថបទ
កម្ពុជា-សង្គម

សមាគមគ្រូបង្រៀនទាមទារតម្លើងប្រាក់ខែឲ្យបាន១ភាគ៤នៃប្រាក់ខែតំណាងរាស្ត្រ

នៅ​ថ្ងៃ​ទី​៥​តុលា​ស្អែក​នេះ​គឺ​ជា​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​។ ​នៅ​កម្ពុជា​ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​ជាអ្នក​រៀប​ចំ​ការ​ជួប​ជុំ​គ្រូ​បង្រៀន​នៅ​ទី​លាន​ប្រជាធិ​បតេយ្យ​បាន​ដាក់​ចេញ​នូវ​ការ​ទាម​ទារ​ជា​ច្រើន​ចំណុច​ទាក់​ទង​នឹង​អត្ថ​ប្រយោជន៍​របស់​គ្រូ​បង្រៀន​។​ ដូច​រៀង​រាល់​ឆ្នាំ​ដែរ​ ការ​ទាម​ទារ​តម្លើង​ប្រាក់​ខែ​គ្រូ​បង្រៀន​គឺ​ជា​ប្រធាន​បទ​សំខាន់​មួយ​ក្នុង​ចំណោម​ប្រធាន​បទ​ផ្សេង​ទៀត​នៃ​ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​នៅ​ឆ្នាំ​នេះ​។ 

ក្រុមសមាគមគ្រូបង្រៀនទាមទារតម្លើងប្រាក់ខែ
ក្រុមសមាគមគ្រូបង្រៀនទាមទារតម្លើងប្រាក់ខែ © Internet
ផ្សាយពាណិជ្ជកម្ម

ការទាមទារ​តម្លើង​ប្រាក់ខែគ្រូ​បង្រៀន​ឲ្យបានយ៉ាងតិច​១ភាគ៤​នៃប្រាក់​ខែ​តំណាងរាស្ត្រ ឬស្មើ​នឹងជាង៧០០ដុល្លារ​អាមេរិក គឺជាចំណុចទី១សំខាន់​ជាងគេ​ ដែល​ត្រូវ​លើក​ឡើង​នៅ​ក្នុង​វេទិកាសាធារណៈ​នៅទី​លានប្រជាធិបតេយ្យ​នៅថ្ងៃទី៥តុលា។

លើសពីការទាមទារតម្លើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យក៏ទាមទារផង​ដែរ ផ្តល់​សិទ្ធិ​សេរីភាពជូន​គ្រូបង្រៀន ឲ្យបានពេញ​លេញ និង​បញ្ឈប់​ការ​រើស​អើង​ទៅ​លើ​គ្រូ​បង្រៀន​នៅ​កន្លែង​ការងារ​។ ការទាមទារយ៉ាងដូច្នេះ​ដោយសារតែ​គ្រូ​បង្រៀន​មួយចំនួន​ដែល​មាននិន្នាការគាំទ្រគណបក្សប្រឆាំង​អះអាងថាពួកគេរងការរើសអើង ខណៈខ្លះទៀត​ត្រូវរងបណ្តឹង និងការចាប់​ដាក់ពន្ធនាគារមកដល់​សព្វ​ថ្ងៃនេះ។ តួយ៉ាង លោក ពៀត ម៉ាប់ ​លោក ជុំ ចាន់ ​លោក កែវ ថៃ និង​លោក ស៊ុន ធន់ ជាដើម។

ក្រៅពីនោះ សមាគមគ្រូបង្រៀន​ក៏ស្នើសុំ​បញ្ចុះ​ប្រេង​ឥន្ធៈមកនៅត្រឹម​៤០០០រៀលក្នុង​១លីត្រ និង​បញ្ចុះ​តម្លៃ​ទំនិញ​លើទីផ្សារ​មកនៅតម្លៃសមរម្យផងដែរ។

ឆ្លើយតបនឹងការទាមទារនេះ ក្រសួងអប់រំបានគូសបញ្ជាក់ថា​ ក្រសួងបាននិងបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀនដោយបន្តដុះឡើងប្រាក់ខែជូនគ្រូបង្រៀនតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល។

លទ្ធភាព​របស់​រដ្ឋាភិបាល គឺចាប់ពីឆ្នាំ​២០១៥មក ប្រាក់ខែគ្រូបង្រៀន មានចន្លោះជាង៥សែនរៀល ដល់១លាន២សែនរៀល ហើយបន្តឡើងដល់ចន្លោះ១លាន២សែនរៀល ដល់២លាន១សែនរៀល នៅឆ្នាំ២០២២នេះ។

បើតាមប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៣តទៅ ប្រាក់ខែគ្រូបង្រៀននឹងឡើងដល់១លាន៥សែនយ៉ាងតិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ