អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាស្ដារប្រព័ន្ធស្បៀងដោយផ្ដោតលើអាទិភាព ៤ ក្រោយវិបត្តិកូវីដ និងវិបត្តិផ្សេងៗ

នៅក្នុង​សន្និសីទ​អាស៊ីប៉ាស៊ីហ្វិក​ស្តីពីការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​កសិកម្ម​ នៅថ្ងៃទី ៥​ ខែតុលា ​ឆ្នាំ២០២២ ​នៅប្រទេស​ថៃ ​កម្ពុជា​ដាក់គោល​ដៅ​ផ្លាស់​ប្តូរប្រព័ន្ធ​ស្បៀង​ដែល​ផ្តោតលើ​អាទិភាព​ចំនួន​បួន​ ពាក់ព័ន្ធ​ទៅនឹង​ការផ្លាស់​ប្តូរ​ប្រព័ន្ធ​អាហារ​នៅកម្ពុជា​។ការ​ដាក់​គោលដៅ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ស្បៀង​នេះ ​ធ្វើឡើង​ដើម្បី​ស្ដារប្រព័ន្ធ​កសិកម្ម​ និង​ស្បៀង​ឱ្យបាន​ឆាប់រហ័ស​ បន្ទាប់ពី​ រងការ​ខូចខាត​ដោយ​វិបត្តិកូវីដ១៩​ ការប្រែប្រួល​អាកាសធាតុ​ និង​ការឡើងថ្លៃ។​

ដំណាំស្រូវ (រូបតំណាង)
ដំណាំស្រូវ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

គោលដៅអាទិភាពទាំង ៤ ក្នុងការស្ដារប្រព័ន្ធកសិកម្ម និងស្បៀង ក្រោយវិបត្តិកូវីដ១៩ និងវិបត្តិ  5Fs រួមមាន ការលើកកម្ពស់របបអាហារដែលមានសុខភាពល្អសម្រាប់ទាំងអស់គ្នា ការផ្តល់សិទ្ធិអំណាចដល់យុវជន និងអ្នកដែលងាយរងគ្រោះបំផុតក្នុងការចូលរួមក្នុងការផ្លាស់ប្តូរប្រព័ន្ធអាហារ  ការពង្រឹងភាពធន់របស់កសិករខ្នាតតូច និង ការពង្រឹងអភិបាលកិច្ចសម្រាប់ប្រព័ន្ធអាហារ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បន្ទាប់ពីសន្និសីទអាស៊ីប៉ាស៊ីហ្វិកស្តីពីការផ្លាស់ប្តូរប្រព័ន្ធកសិកម្ម លោក សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្ថារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអ្នកកោះប្រជុំជាតិសម្រាប់កិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ (UNFSS) បានគូសបញ្ជាក់ថា កម្ពុជានឹងមិនខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរនោះទេ ដោយសារជាប្រទេសនាំចេញអាហារសុទ្ធ ក៏ប៉ុន្តែការលេចឡើងនូវជំងឺកូវីដ-១៩ និងវិបត្តិ  5Fs ដែលរួមមាន កង្វះអាហារ ចំណី ប្រេងឥន្ធនៈ ជី និងហិរញ្ញវត្ថុ បានបង្កការគំរាមកំហែងថ្មីដល់ប្រព័ន្ធអាហារកម្ពុជា។

លោកអគ្គលេខាធិការនៃក្រុមប្រឹក្សាស្ថារអភិវឌ្ឍន៍វិស័យកសិកម្មរូបនេះបន្តថា កង្វះថវិកា និងសមត្ថភាព តម្រូវការក្នុងការរួមបញ្ចូលគ្នា រួមទាំងអ្នកប្រើប្រាស់ យុវជន ស្ត្រី និងអ្នកងាយរងគ្រោះ ការវិនិយោគកាន់តែច្រើនក្នុងសកម្មភាពអាកាសធាតុ ការកាត់បន្ថយការបាត់បង់ចំណីអាហារ និងកាកសំណល់ ការកែលម្អសុវត្ថិភាពចំណីអាហារ ភាពសម្បូរបែប និងគុណភាពគឺជាផ្នែកមួយចំនួននៃ បញ្ហាប្រឈមនានាដែលត្រូវដោះស្រាយរួមគ្នាដោយប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព និងធន់។

ជាមួយគ្នានេះ លោក Qu Dongyu អគ្គនាយក FAO បានឱ្យដឹងថា ការផ្លាស់ប្តូរក្នុងតំបន់ត្រូវការផ្តោតលើលទ្ធផលដែលនាំឱ្យផលិតកម្មកសិកម្មកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរ បរិស្ថានកាន់តែប្រសើរ និងជីវិតកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។

គួរជម្រាបជូនថា បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ កម្ពុជាមានប្រជាជនប្រហែល 2.5 លាននាក់មានបញ្ហាអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ដែលស្មើនឹងប្រមាណ 15% នៃចំនួនប្រជាជនសរុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ