អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ចំអកឲ្យអ្នករិះគន់រឿងដក លោក វេង សាខុន ថាមិនចេះច្បាប់

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បានពន្យល់ពីទិដ្ឋច្បាប់​ទាក់​ទង​នឹង​ការ​ដក​តំណែង ​លោក វេង សាខុន ចេញពីរដ្ឋកសិកម្ម​យ៉ាង​តក់​ក្រហល់ថា ធ្វើឡើង​ផ្អែក​ទៅលើ​រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។ ការ​ពន្យល់​ហេតុ​ផល​បែបនេះ​របស់​លោក ហ៊ុន សែន គឺបន្ទាប់ពីមានមតិខ្លះ​​សំដែង​ការ​​ងឿង​ឆ្ងល់​ថា នៅពេលឡើងកាន់តំណែងជារដ្ឋមន្ត្រីណាមួយគឺមានការបោះឆ្នោត​ផ្តល់សេចក្តី​ទុក​ចិត្ត​ពីរដ្ឋសភា ប៉ុន្តែនៅពេលដកចេញពីតំណែងហេតុអ្វី ​ធ្វើទៅតាម​ឆន្ទានុសិទ្ធិរបស់​នាយក​រដ្ឋមន្ត្រី។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB/SPM
ផ្សាយពាណិជ្ជកម្ម

«ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឲ្យមានចំណេះដឹងដែលអាចឈានទៅកាន់អំណាចនៅជាតិ​ក្រោយ សូមអស់លោកបើកមើលមាត្រា២១ ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ។

បន្ទាប់ទៅសូមអានមាត្រា២០ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី»។ នេះ​គឺជាឆ្លើយតបរបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​នៅថ្ងៃទី៩តុលា ដែលសំដៅដល់ការដកតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ខណៈលោក វេង សាខុន នៅក្រៅប្រទេសនៅឡើយ។

លោក ហ៊ុន សែន ថែមទាំងចំអកទៅកាន់អ្នករិះគន់ថា ដោយសារតែខ្វះការចេះដឹងទើបបានតែចេះ​តែជាប់គុកនិងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ។ លោកថា គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយនិងសូមកុំវក់ជាមួយល្បែងច្រើនពេក។ នេះជាបំណងល្អរបស់​លោក​សម្រាប់ក្រុមល្ងង់។

ជាការកត់សំគាល់ការ​ដក​តំណែង​រដ្ឋ​មន្ត្រីកសិកម្មនៅពេល​នេះ​បាន​ធ្វើ​ឲ្យ​មាន​មតិ​យល់ឃើញ​ខុស​គ្នាៗ​។​ អ្នក​ខ្លះ​សំ​ដែង​ការ​សារទ ខណៈ​អ្នក​ខ្លះ​សំដែង​ការ​ខក​ចិត្ត​។​ ខក​ចិត្ត​ដោយ​ពួកគេ​យល់​ថា ​លោក វេង សាខុន​ ជា​រដ្ឋ​មន្ត្រី​ដែល​មាន​បច្ចេក​ទេសច្បាស់​លាស់​មិន​ចេះ​រណែប​រណប​។​ ប៉ុន្តែ​អ្នក​ខ្លះ​យល់​ថា​ រដ្ឋមន្ត្រី​រូប​នេះ អសកម្ម មិន​អាច​ធ្វើ​ឲ្យ​ផលិត​ផល​កសិកម្ម​មាន​ទីផ្សារ​។

ទោះ​ជា​មិន​ទាន់​មាន​ការ​បញ្ជាក់​ចំៗ​ពី​មូល​ហេតុ​នៃ​ការ​ដក​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ក៏ដោយ​ តែ​ការ​​ដែលលោក វេង សាខុន មិន​មាន​វត្ត​មាន​នៅ​កន្លែង​ទឹក​ជំនន់​ ខណៈ​ដែល​លោក​នៅ​ក្រៅ​ប្រទេស ​គឺ​ជា​ហេតុ​ផល​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង​ ដោយ​ លោក សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។​ ការ​យល់ឃើញ របស់​លោក សុខ ឥសាន ក៏​ផ្អែក​លើ​សារ​ជា​សំឡេង​របស់​ប្រមុខ​រដ្ឋា​ភិបាល​ដែល​បញ្ជា​ឲ្យ​លោក​ អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋ​មន្ត្រី​ស្តីទី ​ក្រសួង​កសិកម្ម ​ដោះ​ស្រាយ​ជា​បន្ទាន់​ករណី​ទឹក​ជំនន់​ក្នុង​ខេត្ត​មួយ​ចំនួន​ ក្រោយ​ពី​ដក​តំ​ណែង ​លោក វេង សាខុន ភ្លាមៗ កាល​ពី​ថ្ងៃ​ទី​៨​តុលា​។

ប៉ុន្តែ​មតិខ្លះទៀត​យល់ថា លោក វេង សាខុន មានគុណសម្បត្តិច្រើន​តាំងពីលោក​កាន់​តំណែងមក ​គឺធ្វើ​ឲ្យ​​ផលិតផលកសិកម្ម​កើនឡើង​ទាំងដំណាំដាំដុះ ស្រូវ និងការចិញ្ចឹមសត្វជាដើម។ ក្រុមអ្នក​រិះគន់​នឹងការដក​តំណែងរដ្ឋមន្ត្រី​កសិកម្ម យល់ថា មកពីលោក វេង សាខុន ជារដ្ឋមន្ត្រីម្នាក់​ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំងនឹងការនាំជ្រូកចូលពីប្រទេសជិតខាង ដើម្បីការពារកសិករខ្មែរ​ដែល​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ឲ្យ​មានទី​ផ្សារ។

​ទោះជាយ៉ាងណា សម្រាប់ លោក សុខ ឥសាន បញ្ហានេះជារឿងចាស់ទេ ចំណែករឿង​ថ្មី​ដែល​ឈាន​ដល់​ការ​សម្រេច​ដក​តំណែងដោយឆន្ទានុសិទ្ធិ​របស់​ប្រមុខ​បក្ស​កាន់អំណាចនៅពេលនេះ គឺ ដោយសារ ​លោក វេង សាខុន អសកម្មក្នុងពេលដែលប្រជាជនកំពុង​រងគ្រោះទឹកជំនន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ