អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកធ្វើកិច្ចការងារបរិស្ថានសាទរ ខណៈការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅរួចរាល់លើដីជាង៥០០ហិកតា

លោកកើត​ សារ៉ាយ ​ប្រធាន​សមាគម​និស្សិត​បញ្ញវន្តខ្មែរ​ ដែល​ធ្វើកិច្ចការងារ​សង្គម​ និង​បរិស្ថាន ​បានសាទរ​នៅពេល​ដីតំបន់​ភ្នំតាម៉ៅ​ ត្រូវបាន​ដាំដុះ​រួចរាល់​ដោយ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។​ ជាមួយគ្នា​នេះ​ លោក​ កើត សារ៉ាយ​ ស្នើ​ដល់​រដ្ឋាភិបាល​ពិចារណា​ឲ្យបាន​ច្បាស់​លាស់​មុន​នឹង​ធ្វើការ​សម្រេច​ឲ្យមាន​ការអភិវឌ្ឍ​នៅ​កន្លែង​ណាមួយ។​ 

តំបន់ភ្នំតាម៉ៅ (រូបតំណាង)
តំបន់ភ្នំតាម៉ៅ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

កម្លាំងបញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការដាំដុះកូនឈើឡើងវិញ នៅតំបន់ភ្នំតាម៉ៅ សរុបជាង ១៥ ម៉ឺនដើម ជីកស្រះចំនួន០២ និងធ្វើរបងក្នុងទំហំដីប្រមាណជាង ៥០០ហិកតា ហើយបានធ្វើលិខិតប្រគល់-ទទួលការគ្រប់គ្រងបន្តដីនៅតំបន់ភ្នំតាម៉ៅនេះ ទៅ​រដ្ឋបាលខេត្តតាកែវ រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានមូលដ្ឋានខេត្តតាកែវ​ ជាអ្នកគ្រប់គ្រងបន្ដ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ។

លោក កើត សារ៉ាយ ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ ដែលធ្វើកិច្ចការងារសង្គមនិងបរិស្ថាន បានសា​ទរ និងលើកទឹកចិត្តនៅពេលលឺថា បញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រ​កាសដាំដុះកូនឈើរួចរាល់នៅតំបន់ភ្នំតាម៉ៅ។ ទន្ទឹមនឹងការសាទរ លោក កើត សារ៉ាយ ក៏ស្នើដល់រដ្ឋាភិបាលមុនសម្រេចឲ្យធ្វើការអភិវឌ្ឍកន្លែងណាមួយ ត្រូវពិចារណាឲ្យបានច្បាស់លាស់ ចៀសវាងមានបញ្ហាកើតឡើងដូចនៅតំបន់ភ្នំតាម៉ៅតទៅទៀត ពីព្រោះការដាំដុះកូនឈើឡើងវិញមិនមែន១ឆ្នាំឬ២ឆ្នាំ កូនឈើអាចធំលឿននោះទេ។

គួររំលឹកថា កន្លងមករដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនមួយចំនួន ធ្វើការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ក្នុងនោះក្រុមហ៊ុន «ឡេង ណា​វ៉ា​ត្រាគ្រុប» និងក្រុមហ៊ុន «TP Moral Group» របស់ឧកញ៉ា ឃុន សៀជាដើម។ ក្រោយពីទទួលបានសិទ្ធិអភិវឌ្ឍ ក្រុមហ៊ុនទាំងនេះបានដាក់គ្រឿងចក្រចុះទៅឈូសឆាយដីព្រៃនៅតំបន់ភ្នំតាម៉ៅ ធ្វើឲ្យសាធារណជននិងក្រុមយុវជនដែលស្រលាញ់បរិស្ថានមិនសប្បាយចិត្តឡើយ ហើយ​​បានធ្វើយុទ្ធ​នាការទាមឲ្យមានការបញ្ឈប់ការឈូសឆាយផងដែរ ដោយសារតំបន់ភ្នំតាម៉ៅជាតំបន់ទេចរណ៍ធម្មជាតិ និងជាជម្រកសត្វព្រៃ។

ក្រោយពីមានប្រតិកម្មពីសាធារណជន និងមានការសំណូមពរពីប្រជាពលរដ្ឋ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចឲ្យបញ្ឈប់ការឈូសឆាយ លែងឲ្យមានការភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅតទៅទៀត ហើយតម្រូវឲ្យមានការដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅដែលក្រុមហ៊ុនបានឈូសឆាយ ដោយប្រគល់ភារកិច្ចទៅបញ្ជាការដ្ឋានអង្គរក្ស ជាអ្នកត្រួតពិនិត្យនិងធ្វើការដាំដុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ