អានតួអត្ថបទ
កម្ពុជា-សង្គម

ស្ថានទូត និងវិទ្យាស្ថានបារាំងតាំងពិព័រណ៌ព្រះឆាយាលក្ខណ៍សម្តេចនរោត្តម សីហនុ ដើម្បីរំលឹកខួប១០០ឆ្នាំនៃការប្រសូត

ស្ថានទូតបារាំង​ និង​វិទ្យាស្ថាន​បារាំង​នៅកម្ពុជា​នៅ​ឆ្នាំ២០២២​នេះ ​បាន​រៀបចំ​ពិព័រណ៌​ព្រះឆាយាលក្ខណ៍​ សម្តេច​ព្រះនរោត្តម​ សីហនុ ​ដោយ​មាន​ការ​តាំង​បង្ហាញ​រូប​ឆាយាលក្ខណ៍​ធំៗ​នៅ​របង​ស្ថានទូតបារាំង។​ ការ​រៀបចំ​របស់​ស្ថានទូត​បារាំង​ដូច្នេះ​ ធ្វើ​ឡើង​ដើម្បី​ឧទ្ធិស​ដល់​ព្រះវិញ្ញាណក្ខន្ធ​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហនុ​ ក្នុង​ឱកាស​ខួប​១០០ឆ្នាំ​ នៃការ​ប្រសូតរ​របស់​ព្រះអង្គ​ និង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​គោរព​ព្រះវិញ្ញាណក្ខន្ធ​ខួប​១០ឆ្នាំ​នៃការ​សោយ​ទិវង្គត​របស់​សម្តេច​ព្រះមហាវីរក្សត្រ​នៅថ្ងៃទី១៥​តុលា​ខាងមុខ​នេះផងដែរ​។​

ការតាំងបង្ហាញរូបឆាយាលក្ខណ៍ធំៗ នៃព្រះឆាយាលក្ខណ៍ សម្តេចព្រះនរោត្តម សីហនុ នៅរបងស្ថានទូតបារាំង។
ការតាំងបង្ហាញរូបឆាយាលក្ខណ៍ធំៗ នៃព្រះឆាយាលក្ខណ៍ សម្តេចព្រះនរោត្តម សីហនុ នៅរបងស្ថានទូតបារាំង។ © FB
ផ្សាយពាណិជ្ជកម្ម

ផ្ទាំងរូបថតព្រះឆាយាលក្ខណ៍ ស-ខ្មៅ និងធម្មជាតិធំៗជាច្រើនផ្ទាំងត្រូវបានដាក់តាំងនៅរបងស្ថានទូតបារាំង ដោយផ្ទាំងរូបថតទាំងនេះបង្ហាញពីព្រះរាជសកម្មភាពរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងមេដឹកនាំបារាំងជាច្រើន។

ផ្ទាំងរូបភាពព្រះឆាយាលក្ខណ៍របស់ព្រះករុណាសម្តេចឪ នៅក្នុងដំណើរការស្វែងរកសន្តិភាពទីក្រុងប៉ារីស សម្រាប់កម្ពុជាថ្ងៃ២៣ តុលា ក៏ត្រូវបានបង្ហាញផងដែរ ក្រោមកិច្ចជ្រោមជ្រែងពីប្រទេសបារាំង។ តាមស្ថានទូតបារាំងប្រចាំនៅកម្ពុជា ព្រះឆាយលក្ខណ៍ទាំងនេះបង្ហាញនូវព្រឹត្តិការណ៍ និងជំនួបនានា ដែលបានដិតជាប់ក្នុងឆាកជីវិតដ៏អស្ចារ្យរបស់ទ្រង់ក្នុងពេលព្រះអង្គបំពេញព្រះរាជកិច្ច ដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជា ក្នុងមិត្តភាពជាមួយប្រទេសបារាំង។

ដោយបានលើកយកព្រះបន្ទូលព្រះអង្គដែលថា“ខ្ញុំ សីហនុ តែងផ្តល់សារសំខាន់ទីមួយនៅកម្ពុជាមិនមែនតែដល់ហ្រ្វង់កូហ្វូនីទេ គឺដល់ប្រទេសបារាំង។” ពិព័រណ៌នេះ ក៏ដើម្បីរម្លឹកដល់ខ្សែជីវិត និងស្នាព្រះហស្ថរបស់ករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងព្រះនាមជាអ្នកនិពន្ធ ផលិតករភាពយន្ត តន្រ្តីករ និងអ្នកចម្រៀង ដោយព្រះករុណាគឺជាអ្នកលើកស្ទួយវប្បធម៌ខ្មែដ៏ពិតប្រាដកមួយអង្គ។

ក្រៅពីនេះ ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងក៏បានលើកឡើងដែរថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានតំណាងឱ្យនិរន្តរភាព និងឯកភាពជាតិកម្ពុជាអស់រយៈពេលជាង៧០ឆ្នាំ។ ព្រះអង្គបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលព្រះអង្គមានព្រះជន្ម១៩ព្រះវស្សា។ ព្រះអង្គបានបូជាព្រះកាយពលពេញមួយព្រះជន្ម ដើម្បីបុព្វហេតុសន្តិភាព វិបុលភាព និងឯករាជ្យភាពនៃប្រទេសរបស់ទ្រង់។ ពិព័រណ៍រូបថតឯសារទាំងនេះបង្ហាញពីព្រឹត្តឹការណ៍ និងជំនួបនានា ដែលបានដិតជាប់នៅក្នុងឆាកជីវិតដ៏អស្ចារ្យរបស់ទ្រង់នៅក្នុងការបម្រើឧត្តមប្រយោជន៍នៃប្រជាជនកម្ពុជា ដោយមានប្រទេសបារាំងជាមិត្ត។

ជាមួយគ្នានេះ វិទ្យាស្ថានបារាំង ក៏បានបង្ហាញនូវកាលវិភាគចាក់បញ្ចាំងភាពយន្តដែលទាក់ទងទៅនឹងព្រះរាជសកម្មភាពរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហុន ផងដែរ នៅវិទ្យាស្ថានបារាំង និងនៅមជ្ឈមណ្ឌលបុប្ផាណា​ ដូចជារឿងកុលាបនៃភ្នំបូកគោ បក្សីឋានសួគ៌ និងព្រៃប្រសិទ្ធិ៍ជាដើម។

បន្ថែមពីពិធីរំលឹកព្រះវិញ្ញាណក្ខន្ធថ្នាក់ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក៏បានរៀបចំផងដែរកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង តែក្រោយមកត្រូវដូរទៅសាលាធម្មសភាមុខវត្តបុទុមវិញដោយសារបញ្ហាអាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ