អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សង្គមស៊ីវិលចោទសួរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាទទួលផលប្រយោជន៍អ្វីខ្លះ?

សង្គមស៊ីវិល​បាន​រៀបចំ​វេទិកា​កិច្ចសន្ទនា​រវាង​អង្គការ​សង្គមស៊ីវិល​ជាមួយ​រដ្ឋាភិបាលស្ដី​ពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅកម្ពុជា​ នៅថ្ងៃទី​២០តុលានេះ​ ដើម្បី​ស្ដាប់​នូវ​ការ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ និង​ការសំណូម​ពរនានា។ ​ការ​ធ្វើវេទិការ​នេះឡើង​ក្រោយ​ពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ និង​កម្ពុជា​-កូរ៉េខាងត្បូង​ចូល​ជា​ធរមានថ្មីៗនេះ។ ​

សង្គមស៊ីវិលបានរៀបចំវេទិកាកិច្ចសន្ទនារវាងអង្គការសង្គមស៊ីវិលជាមួយរដ្ឋាភិបាលស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅកម្ពុជា
សង្គមស៊ីវិលបានរៀបចំវេទិកាកិច្ចសន្ទនារវាងអង្គការសង្គមស៊ីវិលជាមួយរដ្ឋាភិបាលស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

អង្គការសមាគមដែលធ្វើការខាងផ្នែកពាណិជ្ជកម្មនិងកសិកម្ម បានរៀបចំវេទិកាកិច្ចសន្ទនារវាងអង្គការសង្គមស៊ីវិលជាមួយរដ្ឋាភិបាលស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅកម្ពុជា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានភាគីក្រសួងពាណិជ្ជកម្មចូលរួមផងដែរ នាថ្ងៃទី២០តុលានេះ។​ នៅក្នុងវេទិកានេះ គេកត់សម្គាល់ឃើញថា អ្នកចូលរួមបានលើកពីបញ្ហាប្រឈមនានា និងចោទជាសំណួរជាច្រើន​ទៅមន្រ្តីក្រសួងពាណិជ្ជកម្មអំពីផលប្រយោជន៍ បន្ទាប់ពីកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា​មួយចិន និងកូរ៉េខាងត្បូង។

សំណួរដែលបានចោទសួរក្នុងវេទិការនេះភាគច្រើន គឺសួរថាតើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ហើយកម្ពុជាខាតបង់អ្វីខ្លះនៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ ក្រៅពីនេះក៏មានអ្នកខ្លះសម្ដែងការព្រួយបារម្ភខ្លាចកម្ពុជាក្លាយជាទីផ្សារនាំចូល នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងខណៈដែលកម្ពុជាជាប្រទេសនាំចូលបន្លែ ត្រី សាច់ពីប្រទេសជិតខាងនោះ​។

នៅក្នុងវេទិការនេះ អ្នកចូលរួមក៏បានសំណូមពរដល់រដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធដូចជាក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្ម ឲ្យជួយដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានក្នុងវិស័យពាណិ​ជ្ជ​កម្ម និងកសិកម្មខ្នាតតូចនិងមធ្យម ធ្វើឲ្យកសិករខ្លះពាណិជ្ជករខ្លះរត់ចោលស្រុក ដោយ​​សារ​ធ្វើទៅវាមិនចំណេញ ខាត គ្មានទីផ្សារ និងខាតបង់ប្រាក់ចំណូល ជំពាក់លុយធនាគារជាដើម។ បញ្ហាទាំងនេះកើតមានដដែល បើទោះបីជាកម្ពុជាមានពាណិជ្ជសេរីជាមួយចិន និងកូរ៉េខាងត្បូងក៏ដោយ។

ឆ្លើយតបនឹងសំណួរ និងសំណូមទាំងនេះ លោក ហុក សុទ្ធា អនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជសេរី មានផលប្រយោជន៍ទៅវិញទៅមក ហើយការខាតបង់ក៏មានដូចគ្នា។ ចំណែកសំណួរដែលសួរតួលេខនាំចេញនាំចូលរវាងកម្ពុជានិងចិន លោកមិនមានតួលេខច្បាស់លាស់ឡើយ គ្រាន់តែដឹងខ្លះៗថា ទំនិញដែលនាំចេញទៅចិន មានដូចជា មៀនប៉ៃលិន ចេកអំបូង និងស្វាយជាដើម។

ជាកត់សម្គាល់ ការរៀបចំវេទិកាកិច្ចសន្ទនារវាងអង្គការសង្គមស៊ីវិលជាមួយរដ្ឋាភិបាលស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅកម្ពុជារបស់អង្គការសង្គមស៊ីវិលនេះ គឺធ្វើឡើងក្រោយពីកម្ពុជាមានកិច្ចព្រមព្រៀងសេរីជាមួយចិន និងកូរ៉េខាងត្បូង ដែលទើបនឹងចូលជាធរមានកាលពីពេលថ្មីៗនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ ទំនិញកម្ពុជាទាំងអស់នាំចូលទៅចិន និងកូរ៉េខាងត្បូង ពុំតម្រូវឲ្យបង់ពន្ធឡើយ ខណៈចិន និងកូរ៉េខាងត្បូងទទួលបានផលប្រយោជន៍ដូចគ្នាដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ