អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ADB ផ្តល់កម្ចីសម្បទាននិងជំនួយ ៣២,៥លានដុល្លារ ជំរុញសេវាសុខាភិបាលតាមព្រំដែន

ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)​ បាន​អនុម័ត​ហិរញ្ញប្បទាន​ចំនួន​ ៣២,៥លាន​ដុល្លារ​ បង្កើន​លទ្ធភាព​ទទួល​បាន​សេវាសុខាភិបាល​ក្នុង​ខេត្ត​ជាប់ព្រំដែន។​ ជា​សេវាសុខាភិបាល​ផ្តោត​ជាពិសេស​លើពលរដ្ឋ​ចំណាក​ស្រុក​ចាក​ចេញ​ និង​ត្រឡប់មកវិញ​ រួម​ទាំងអ្នក​ ដែល​ស្វែងរក​ការងារ​ធ្វើនៅតំបន់​សេដ្ឋកិច្ច​ពិសេស។​ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​ នៅថ្ងៃទី១៩​ ខែតុលា។ ​មន្ត្រីឃ្លាំមើល​ស្ថានភាព​ពលករ​ បាន​ស្វាគមន៍​ចំពោះការ​ផ្តល់​ជំនួយ​នេះ។ ​

ផ្សាយពាណិជ្ជកម្ម

ហិរញ្ញប្បទានចំនួន ៣២,៥លានដុល្លារ មានគោលដៅបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកប ដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យរបស់កម្ពុជា និងជាតំបន់ដែលពលរដ្ឋចំណាកស្រុកចាកចេញ និងត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នកដែល ស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី១៩ ខែតុលា។

បើតាម ADB គម្រោងនេះនឹងបង្កើនកម្ចីសម្បទានចំនួន ២៧លានដុល្លារ និងជំនួយរហូតដល់ ៥,៥ លាន ដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន ពង្រីក កិច្ចគាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំសុខភាពដល់ជនចំណាកស្រុក។ ក្រៅពីនេះក៏មានការពង្រឹងប្រព័ន្ធសម្រាប់សមាហរណកម្មនៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែន រួមទាំងការបង្កើតឱ្យមានកំណត់ត្រាសុខភាពអេឡិចត្រូនិចចល័តសម្រាប់ជនចំណាកស្រុកផងដែរ។

ប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែនជារឿយៗ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខភាព។ ADBបានរកឃើញថាក្នុងអំឡុង ការរីករាលដាលនៃជំងឺកូវីដ១៩ ពលករចំណាកស្រុកកម្ពុជាជាង ២៦ម៉ឺននាក់បាន ត្រឡប់មកផ្ទះវិញតាមព្រំដែនគោល ដែលបានធ្វើឱ្យហួសសមត្ថភាពនៃប្រព័ន្ធសុខាភិបាល នៅតាមព្រំដែនក្នុងការកំណត់ ធ្វើចត្តាឡីស័ក និងព្យាបាល ករណីកូវីដ១៩។

លោក លឹង សុផុន ជាមន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស អង្គការ​សង់ត្រាល់ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២០ ខែតុលាថា ពលករចំណាកស្រុក ឬអ្នកធ្វើការនៅតាមព្រំដែនប្រឈមនឹងបញ្ហាច្រើន ទាំងបញ្ហាឯកសារផ្លូវច្បាប់ និងផ្នែកសុខភាព។ លោកបន្តថា ការគិតដល់បញ្ហាសុខភាពរបស់ពលករគឺជារឿងសំខាន់ ដោយសារតែពួកគាត់ខ្លះ មិនមានថវិកាសម្រាប់ប្រើប្រាស់សេវាសុខាភិបាល។

លោក លឹង សុផុន បន្តថាប្រសិនបើរដ្ឋាភិបាលមានគម្រោងផ្តល់សេវាសុខាភិបាល និងលើកកម្ពស់សេវាសុខាភិបាលនៅតាមខេត្តជាប់ព្រំដែន ជាពិសេសសម្រាប់ពលករចំណាកស្រុក គឺជាមធ្យោបាយដ៏ល្អ។ កន្លងមកលោកសង្កេតឃើញថាមានការផ្តល់សេវាសុខាភិបាលនៅតាមព្រំដែន និងតំបន់ផ្សេងៗដែរ ប៉ុន្តែពលករមិនមានថិវកាគ្រប់គ្រាន់សំរាប់ចំណាយលើសេវាទាំងនោះទេ ហើយប្រសិនបើមានការផ្តល់ជូនសេវាដោយឥតគិតថ្លៃគឺកាន់តែល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ