អានតួអត្ថបទ
កម្ពុជា-សង្គម

ជនជាតិតៃវ៉ាន់ ៣នាក់ ត្រូវចាប់ខ្លួនក្នុងករណីលក់សរីរាង្គមនុស្សពាក់ព័ន្ធនឹងកម្ពុជា

អាជ្ញាធរ​តៃវ៉ាន់​ បាន​ចាប់ខ្លួន​ជនជាតិតៃវ៉ាន់ ​៣នាក់ ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​សរីរាង្គកាយ​មនុស្ស ​តាមរយៈការ​ល្បួង​ជនរងគ្រោះ​មក​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា។ ​នេះបើតាមការ​ចុះផ្សាយ​របស់សារព័ត៌មាន​តៃវ៉ាន់​ (Taiwan News)​ ក្នុង​សប្តាហ៍នេះ ​ក្នុងពេល​អាជ្ញាធរ​កម្ពុជា កំពុង​ចេញយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃការ​ជួញដូរមនុស្ស​ និង​ការត្រួតពិនិត្យ​ជនបរទេស​នៅកម្ពុជា។​

អាជ្ញាធរតៃវ៉ាន់ បានចាប់ខ្លួនជនជាតិតៃវ៉ាន់ ៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរសរីរាង្គកាយមនុស្ស តាមរយៈការល្បួងជនរងគ្រោះមកធ្វើការក្នុងប្រទេសកម្ពុជា
អាជ្ញាធរតៃវ៉ាន់ បានចាប់ខ្លួនជនជាតិតៃវ៉ាន់ ៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរសរីរាង្គកាយមនុស្ស តាមរយៈការល្បួងជនរងគ្រោះមកធ្វើការក្នុងប្រទេសកម្ពុជា © Taiwan News
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរតៃវ៉ាន់ បានឱ្យ​ដឹងថា ជនជាតិតៃវ៉ាន់ ៣នាក់ ដែលត្រូវបាន​ចាប់ខ្លួន ត្រូវបាន​តុលាការ​ក្នុងក្រុង Taoyuan កាលពីថ្ងៃទី ១៩ខែតុលា​ ចោទប្រកាន់ពីបទល្បួងបោកប្រាស់​ជនរងគ្រោះ ដោយ​សន្យាថា នឹងផ្តល់ការងារ​ នៅប្រទេសកម្ពុជា ដែល​មានប្រាក់ខែខ្ពស់ខ្ទង់ ៦ទៅ៧ម៉ឺនដុល្លារតៃវ៉ាន់ ឬ ជិតប្រមាណជិត ២ពាន់ដុល្លារអាមេរិក ក្នុង​មួយខែ​។ ប៉ុន្តែ​ដើម្បីទទួលបាន​ការងារនោះ ពួកគេ​បាន​តម្រូវឱ្យ​ជនរងគ្រោះ ទៅពិនិត្យ​សុខភាព​ ឱ្យ​​បាន​ទៀងទាត់ ដោយ​តម្រូវឱ្យ​ថត​កាំ​រស្មី X-rays។ នេះបើតាមការ​ចុះផ្សាយ​របស់សារព័ត៌មានតៃវ៉ាន់ Taiwan News នៅថ្ងៃទី ២០ខែតុលា។​

តាមការ​ចុះផ្សាយ​ដោយ​យោងលើ​សម្រង់ប្រភពពីរដ្ឋអាជ្ញាក្រុង Taoyuan បាន​ឱ្យ​ដឹងបន្ថែមថា ក្រោយ​ពីបាន​ឱ្យ​ជនរងគ្រោះទៅពិនិត្យ X-rays ហើយ ជនសង្ស័យ​ទាំងនោះ បាន​បង្ខំឱ្យ​ជនរងគ្រោះ​វះកាត់​យក​សរីរាង្គមួយចំនួន​ចេញ ក្នុងហេតុផល​ថា ជនរងគ្រោះមានសុខភាពមិនល្អ បើ​មិន​វះកាត់ចេញ អាចបណ្តាលឱ្យ​មានជំងឺឆ្លង។ ដូច្នេះហើយ ជនរងគ្រោះទាំងនោះ ក៏ត្រូវបាន​ក្រុម​ឈ្មួញវះកាត់​យក​បេះដូង តម្រងនោម និងថ្លើមជាដើម​​ចេញពីរាងកាយ ហើយ​យកទៅលក់​ បាន​ក្នុងតម្លៃដំបូងប្រមាណ ១លានដុល្លារតៃវ៉ាន់ ឬ ប្រមាណ ១សែនដុល្លារអាមេរិក។

គួរជម្រាបជូនថា ករណីជួញដូរសរីរាង្គមនុស្ស ឬ ជួញដូរមនុស្ស ក្នុងរូបភាពឱ្យ​មកធ្វើការនៅកម្ពុជានេះ កាន់តែលេចឮឡើងស្របពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា បាន​បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រប់​ទម្រង់​នៃអំពើជួញដូរមនុស្ស បង្ក្រាប​ល្បែងស៊ីសងខុសច្បាប់​គ្រប់ប្រភេទ ព្រមទាំងយុទ្ធនាការ​ត្រួតពិនិត្យ​ជនបរទេស និងហត្ថពលកម្ម​បរទេស។

របាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពីថ្ងៃទី ១៨ខែសីហា ដល់​ដើមខែតុលានេះ បានបង្ហាញថា ក្នុងរយៈពេលជាង ៥០ថ្ងៃនៃយុទ្ធនាការ អាជ្ញាធរ បាន​រកឃើញថា មាន​ជនរងគ្រោះ ១១៨នាក់ មកពី ៥ប្រជាជាតិ បានរងគ្រោះដោយ​ការបង្ខាំងជំរិតទារប្រាក់ ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស សញ្ចារកម្ម និងល្បែងអនឡាញជាដើម។​ ហើយក៏មាន​ជនជាតិខ្មែរ និងបរទេស ៦៧នាក់ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ