អានតួអត្ថបទ
កម្ពុជា-សង្គម

១០ខែ៖ កម្ពុជារកឃើញជនអន្តោប្រវេសន៍ធ្វើការខុសច្បាប់ជាង ២ពាន់នាក់

អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនៅថ្ងៃសៅរ៍ម្សិលមិញនេះ បាន​បង្ហាញតួលេខចុះត្រួតពិនិត្យ​ជនបរទេសខុសច្បាប់​​នៅកម្ពុជា ក្នុងរយៈពេល​១០ខែ ​ឆ្នាំ២០២២ នៅតាម​ទីតាំងចំនួន​ជាង ​៣០០០ពាន់​ទីតាំងនៅទូទាំងប្រទេស។ តាមរបាយការណ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានរកឃើញមជនអន្តោប្រវេសន៍ធ្វើការ​​ខុសច្បាប់​​ជាង ​២ពាន់នាក់​។

ជនបរទេសខុសច្បាប់ដែលអាជ្ញាធរកម្ពុជាបណ្ដេញចេញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត
ជនបរទេសខុសច្បាប់ដែលអាជ្ញាធរកម្ពុជាបណ្ដេញចេញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត © អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីខែមករាដល់ខែតុលា ឆ្នាំ២០២២នេះ ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេស​របស់សមត្ថកិច្ចកម្ពុជានៅទូទាំងប្រទេស ទៅលើជនបរទេសចំនួន​ជាង ៣ម៉ឺន៨ពាន់នាក់ (៣០.៨៣៤នាក់)  បាន​រកឃើញជនបរទេស​​​ចំនួន ​២.៤១៦នាក់ ដែល​មកធ្វើការងារ​ខុសច្បាប់ គ្មានបណ្ណការងារនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយ​នៅថ្ងៃទី២២តុលា។ ​​ជនបរទេសទាំងជាង ២០០០នាក់នោះ ​​បានទទួលការផាកពិន័យជាទឹកប្រាក់​សរុបចំនួនជាង ២ពាន់លាន​រៀល​ ​(១​.២០៨លាន​រៀល)។ ប្រតិបត្តិការ​ខាងលើនេះធ្វើឡើង ដោយមានកិច្ចសហការជាមួយក្រសួងការងារ។

តែយ៉ាងណាមិញ​ ផ្អែកតាមស្ថានភាពជាក់ស្តែង ក្រសួងមហាផ្ទៃនិងក្រសួងការងារ​ ​ នៅថ្ងៃទី២២តុលា បានចេញសេចក្តី​ប្រកាសព័ត៌មានរួម ​អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់​ ឱ្យ​ចូលរួមគាំទ្រក្រុមការងារអន្តរក្រសួង ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា តាមរយៈប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រតិបត្តិការ​ចុះត្រួតពិនិត្យបណ្ណការងារខុសច្បាប់​ និង​ប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សគ្រប់ទម្រង់នានា។

ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជារឿយៗ កម្ពុជាតែងប្រកាស​បណ្តេញជនបរទេសធ្វើការនិងរស់នៅខុសច្បាប់ក្នុងប្រទេសម្តងៗរាប់រយនាក់ និងដោយត្រូវហាមឃាត់ចូលប្រទេសកម្ពុជារយៈពេល​៣ឆ្នាំផង​។ ជាក់ស្តែង ដោយគ្រាន់ប្រតិបត្តិការ​តែរយៈពេលថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែតុលាកន្លងទៅនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសពីការបណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន​ ២៦៣នាក់ ដែលក្នុងនោះ ​ភាគច្រើនជាជនជាតិ​វៀតណាម និងជនជាតិចិន។

ជាការកត់​សម្គាល់ ការបណ្តេញ​ជនបរទេស​ចេញ​ខុសច្បាប់​​ពី​កម្ពុជាពេល​នេះ កើត​ឡើង​ចំ​ពេលដែ​លអា​ជ្ញាធរកំពុង​សម្រួល​ផ្តល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ឱ្យ​​ជនបរទេស​នៅ​កម្ពុជា។ ក៏ប៉ុន្តែ​ការ​ផ្តល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​បរទេស​នេះ​ ត្រូវ​បាន​តំណាង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដា​ក់លិខិត​ជំទាស់​ទៅ​ក្រសួង​មហាផ្ទៃកាលពីខែកញ្ញា​។ 

គួរបញ្ជាក់​ថា គិតត្រឹមអំឡុងខែកញ្ញា អាជ្ញាធរ​កម្ពុជា​បាន​សម្រួល​ផ្តល់​បណ្ណស្នាក់​នៅ​ដល់​ជន​អន្តោប្រវេសន៍​ យ៉ាង​តិច​៦ម៉ឺន​នាក់ ដែល​មាន​អាយុ១៨​ឡើង​ទៅ ខណៈ​ដែល​មាន​ជន​អន្តោប្រវេសន៍​ប្រមាណ​ជាង​១ម៉ឺននាក់​ កំពុងស្នាក់​នៅ​ក្នុងប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ មិន​បាន​ធ្វើ​លិខិត​សុំ​បណ្ណ​ស្នាក់​នៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ