អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

កម្ពុជាផ្ដើមបើកកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអេមីរ៉ាតអារ៉ាប់រួម

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួមប្រកាសបើកជាផ្លូវការអំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កាលពីថ្ងៃទី២៤តុលា កន្លងទៅនៅរដ្ឋធានីអាប៊ុយដាប៊ី នៃអេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះ ក៏មានបញ្ចូលការចរចាលើការធ្វើសេរីភាវហូបនីយកម្មទំនិញ សេវាកម្ម ការជំរុញការវិនិយោគ និងការ​ចរចាលើបញ្ញត្តិសំខាន់ៗ មួយចំនួនដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញាជាដើម។

នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ © FB
ផ្សាយពាណិជ្ជកម្ម

ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement ហៅកាត់ Cambodia-UAE CEPA) បានចាប់ផ្ដើមបើកជាផ្លូវការ ក្រោមវត្តមានលោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម។ ជាការកិច្ចចរចាជុំទី១ ដែលត្រូវបានកំណត់ចាប់ផ្ដើមពីថ្ងៃទី២៤ដល់ថ្ងៃ២៦ ខែតុលា។

បើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា អត្ថប្រយោជន៍សេដ្ឋកិច្ចដែលនឹងបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម គឺកម្ពុជាអាចទាញផលប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងនេះ នាពេលខាងមុខ។ កិច្ចព្រមព្រៀងនេះក៏មានបញ្ចូលការចរចាលើការធ្វើសេរីភាវហូប​នីយកម្មទំនិញ សេវាកម្ម ការជំរុញការវិនិយោគ និងការចរចាលើបញ្ញត្តិសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូចនិងមធ្យម ជាដើម។

ចំណែកលោក អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានលើកឡើងថា ការចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងរឹងមាំជាមួយដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ លោកបន្តថា របៀបវារៈនៃកិច្ចព្រមព្រៀង Cambodia-UAE CEPA នេះ គឺពិតជាមានសារៈសំខាន់​ និងស្វាគមន៍នូវកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដែលមានឆន្ទៈក្នុងការពន្លឿនចរាចរណ៍នៃទំនិញ ធានាខ្សែច្រវាក់ផ្គត់ផ្គង់ និងស្វែងរកឱកាសក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

បើតាមក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អារ៉ាប់រួម ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២២ បានកើនឡើងដល់ជិត ២៨០លានដុល្លារអាមេរិក កើនឡើងជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនេះ គឺជាប្រទេសទី៣ហើយ ក្រោយកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងជាមួយកូរ៉េខាងត្បូង ដែលបានចូលជាធរមានរួចហើយ។ ប្រសិនបើកិច្ចចរចាជាមួយអេមីរ៉ាតអារ៉ាប់រួមទទួលបានជោគជ័យទៀត នោះមានន័យថាកម្ពុជាមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន៣ហើយ គិតមកទល់នឹងពេលនេះ ដូច្នេះគ្រប់ទំនិញរបស់កម្ពុជានឹងអាចនាំចេញទៅបណ្ដាប្រទេសទាំងនោះ ដោយគ្មានរបាំងពន្ធឡើយ ហើយទំនិញនៃបណ្ដាប្រទេសទាំងនេះនាំចូលមកកម្ពុជាក៏គ្មានបង់ពន្ធដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ