អានតួអត្ថបទ
កម្ពុជា-អាស៊ាន

វិបត្តិភូមា៖ អាស៊ានមានក្តីបារម្ភកើនទ្វេ ចំពោះវឌ្ឍភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆ័នទាំង៥ចំណុចដែលមិនទៅមុខ

អាស៊ានបានបង្ហាញនូវក្តីបារម្ភរបស់ខ្លួន កើនមួយកម្រិតទៀត នៅចំពោះមុខស្ថានការណ៍ដ៏កាន់តែអាក្រក់នៅក្នុងប្រទេសភូមា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន កាលពីថ្ងៃ២៥តុលា ក្រោយមានការវាយប្រហារនៅទីប្រជុំជនមួយចំនួនក្នុងប្រទេសភូមា ដែលមានអ្នករបួស និងស្លាប់ជាច្រើននាក់។ ចំពោះមុខស្ថានការណ៍បែបនេះ លោក ប្រាក់ សុខុន ប្រេសិតពិសេសអាស៊ាន បានចេញដំណើរទៅឥណ្ឌូនេស៊ី ដើម្បីកោះប្រជុំថ្នាក់ដឹកនាំអាស៊ានជាបន្ទាន់ ខណៈដែលកិច្ចប្រជុំនៅភ្នំពេញ កាន់តែជិតមកដល់។

វត្តមាននៃថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជំុរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលកន្លងទៅ
វត្តមាននៃថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជំុរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលកន្លងទៅ © AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗក្រោយមានការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន កាលពីថ្ងៃអាទិត្យទី២៣តុលា ដែលបណ្តាលឲ្យមានប្រជាពលរដ្ឋរបួសនិងស្លាប់ជាច្រើននាក់នោះ អាស៊ានបានបង្ហាញក្តីបារម្ភជាពន់ពេកចំពោះការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសភូមា ក្រោមការកាន់កាប់របស់របបសឹក។

ការណ៍នេះ បានធ្វើឲ្យអាស៊ានមានភាពភ័យព្រួយចំពោះមុខនឹងស្ថានការណ៍ដ៏កាន់អាក្រក់នៅក្នុងប្រទេសភូមា។ សេចក្តីថ្លែងការណ៍របស់អាស៊ាន ដែលកម្ពុជាជាប្រធាននៅឆ្នាំនេះ បានលើកឡើងថា អំពើហិង្សាដែលកំពុងដែលឡើងកម្តៅនេះ មិនត្រឹមតែធ្វើឲ្យស្ថានភាពមនុស្សធម៌ កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ តែថែមទាំងផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆ័នទាំងប្រាំចំណុចដែលអាស៊ានបានដាក់ចេញ និងមានការយល់ព្រមពីរបបសឹក។ លើសពីនេះ វាក៏បានធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ប្រសិតពិសេសអាស៊ាន ដែលព្យាយាមដោះស្រាយវិបត្តិ។

ចំពោះមុខស្ថានការណ៍ភូមាដែលទុំជោរបែបនេះ លោក ប្រាក់ សុខុន ប្រេសិតពិសេសអាស៊ាននឹងចូលរួមធ្វើជាប្រធានកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២៧តុលា នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ជាកិច្ចប្រជុំបន្ទាន់ដែលនឹងជជែកពីការអនុវត្ត ការឯកភាពគ្នាជាឯកច្ឆ័ន្ទ៥ចំណុច របស់ថ្នាក់ដឹកនាំអាស៊ានសំដៅជួយភូមាវិលត្រលប់មករកប្រក្រតីភាព និងប្រជាធិបតេយ្យវិញ ហើយនិងលទ្ធភាពនៃការលើកឡើងនូវគំនិតមួយចំនួន សំរាប់ឲ្យមេដឹកនាំអាស៊ានពិនិត្យសំរេចក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញនាពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធ ទី២៦តុលា។

គួរកត់សម្គាល់ថា នៅក្នុងវិបត្តិភូមា ដែលធ្លាក់បន្ទុកមកកម្ពុជាត្រូវដោះស្រាយនៅឆ្នាំនេះ គឺប្រធានអាស៊ានប្តូរវេន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាង កាលពីដើមឆ្នាំមកថា កម្ពុជានឹងព្យាយាមសម្របសម្រួល និងទាញភូមាមកសភាពដើមវិញ ដ្បិតអាស៊ានមិនអាចមានតែ៩ប្រទេសជាដាច់ខាត។ កិច្ចការមួយចំនួនដែលកម្ពុជាធ្វើ គឺបង្កើតឲ្យមានដំណើរទស្សនកិច្ចរបស់ប្រធានអាស៊ានផ្ទាល់ទៅកាន់ប្រទេសភូមា និងដំណើរទស្សនកិច្ចចំនួន២ដងរបស់ប្រេសិតពិសេស គឺលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា។

យ៉ាងណាមិញ កិច្ចការជាហូរហែ ហាក់មិនសញ្ញាណដុំកំភួនគួរឲ្យកត់សម្គាល់ ដ្បិតរបបសឹកមិនបានអនុញ្ញាតឲ្យប្រេសិតពិសេស បានជួបលោកស្រី អ៊ុងសាន ស៊ូជី ដែលជាតួអង្គនយោបាយសំខាន់របស់ភូមា។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ធ្លាក់ថ្លែងនៅក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ថា លោកនឹងពិចារណាអំពីដំណើរទស្សនកិច្ចជាលើកទី៣របស់លោក ទៅកាន់ប្រទេសភូមា ដរាបណារបបសឹកយល់ព្រមអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងកុងសង់ស៊ីសទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមេសា២០២១។

គួរបញ្ជាក់ថា ភូមាត្រូវបានផាត់ចេញជាហូរហែនៅក្នុងកិច្ចប្រជុំរបស់អាស៊ាន តាំងពីរបបសឹកចូលកាន់កាប់។ សម្រាប់ខែវិច្ឆិកាខាងមុខ ដែលទីក្រុងភ្នំពេញ ត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កៅអីភូមាក៏នឹងត្រូវទុកឲ្យទំនេរជាថ្មី ព្រោះរបបសឹកមិនព្រមបញ្ជូនអ្នកតំណាងមិនមែននយោបាយមកចូលរួម។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា គេនៅមិនទាន់ដឹង អាស៊ាននឹងសម្រេចវាសនាភូមាយ៉ាងណានោះទេ តែអាស្រ័យលើកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២៧តុលាស្អែកនេះ និងកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកាឆាប់ៗខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ