អានតួអត្ថបទ
កម្ពុជា-ច្បាប់់

WPJ ដាក់កម្ពុជាក្នុងចំណាត់ថ្នាក់១៣៩នៃ១៤០ប្រទេសលើពិភពលោក ដែលគ្មានការគោរពនីតិរដ្ឋ

អង្គការគម្រោងយុត្តិធម៌ពិភពលោក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២២ ដោយបង្ហាញថា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៣៩ ក្នុងចំណោម១៤០ប្រទេសលើពិភពលោក នៃការគោរពនីតិរដ្ឋ។ នេះគឺជាឆ្នាំទី២ ដែលអង្គការគម្រោងយុត្តិធម៌ពិភពលោក បានដាក់កម្ពុជានៅក្នុងចំណាត់ថ្នាក់ដែលទាបបំផុត ដែលគ្មានការនីតិរដ្ឋ។ 

ជន​ជាប់​ចោទជិះ​រថយន្ត​ដឹក​ពន្ធនាគារ​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ
ជន​ជាប់​ចោទជិះ​រថយន្ត​ដឹក​ពន្ធនាគារ​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាបន្តឈរនៅលេខរៀងទី១៣៩ក្នុងចំណោម១៤០ប្រទេស ខណៈដែលប្រទេសវ៉េឡេស៊ុយអេឡា នៅលេខរៀងទី១៤០ ក្នុងបញ្ហាគោរពនីតិរដ្ឋប្រចាំឆ្នាំ។ ដោយសម្អាងទៅលើហេតុផលចំនួន៨ទើប អង្គការគម្រោងយុត្តិធម៌ពិភពលោក បន្តដាក់កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ដ៏ទាបជាថ្មីម្តងទៀតនេះ។ ក្នុងនោះ គឺបញ្ហាអំណាចរដ្ឋាភិបាល បញ្ហាទប់ស្កាត់អំពើពុករលួយ បញ្ហាសិទ្ធិសេរីភាពជាមូលដ្ឋាន បញ្ហាយុត្តិធម៌សង្គម ជាដើម គឺជាបញ្ហាដែលអង្គការគម្រោងយុត្តិធម៌ពិភពលោក ដាក់កម្ពុជាជាប្រទេសដែលគ្មានការគោរពនីតិដ្ឋ។

លោក នី សុខា ប្រធានសមាគមនការពារសិទ្ធិមនុស្សអាដហុក យល់ថា អ្វីដែលបានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមលោក នី សុខា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែល បញ្ហាសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យ បានរងនូវការគំរាមកំហែង និងធ្លាក់ចុះជាគំហុក បានទាញភ្ជាប់ទៅនឹងបញ្ហានីតិរដ្ឋ។ លោកថា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺត្រូវដើរទន្ទឹមគ្នា ដោយមិនមានមួយណាអាចខ្វះបាន។ ដូច្នេះ ការណ៍ដែលបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ កំពុងត្រូវបានយាយីបែបនេះ ទើបបញ្ហានីតិរដ្ឋមិនអាចអនុវត្តបានដូចគ្នា។

ការណ៍ដែលចំណាត់ថ្នាក់កម្ពុជាបន្តស្ថិតនៅលំដាប់ថ្នាក់ទាបបែបនេះ ត្រូវបានអ្នកការពារសិទ្ធិមនុស្ស កត់សម្គាល់ដែរថា ដោយសារការបែងចែកអំណាចទាំងបីមិនដាច់ស្រេច។ ពោលគឺអំណាចនីតិបញ្ញត្តិ និងអំណាចតុលាការ ហាក់មិនមានភាពឯករាជ្យ ខណៈអំណាចទាំងអស់ត្រូវប្រមូលផ្តុំឲ្យអំណាចនីតិប្រតិបត្តិ ឬរដ្ឋាភិបាល។ នេះបើតាមលោក នី សុខា។ បញ្ហានេះ លោក នី សុខា​ ថាជាការអនុវត្តផ្ទុយពីរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលកម្ពុជាប្រកាន់ខ្ជាប់។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានទាត់ចោលចំពោះរបាយការណ៍ប្រចាំរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុករបាយការណ៍ ដែលដាក់ចំណាត់ថ្នាក់កម្ពុជា ទាបក្នុងការគោរពនីតិរដ្ឋ ជារបាយការណ៍ដែលមានមន្ទិលសង្ស័យ និងមានចរិកនយោបាយ។ មានមន្ទិលសង្ស័យ នៅត្រង់ថា រដ្ឋាភិបាលមិនបានដឹងអំពីវិធីសាស្រ្ត ដែលរបាយការណ៍ WPJ ស្រាវជ្រាវ ការជ្រើសរើសសំណួរ និងតួអង្គដែលបានសម្ភាស។

សម្រាប់លោក ជិន ម៉ាលីន អ្វីដែលពិបាកជឿ និងទទួលយកបាន គឺមានប្រទេសខ្លះដែលកំពុងមានបញ្ហាសង្រ្គាម ប្រទេសខ្លះមិនមានការបោះឆ្នោត ខណៈដែលប្រទេសមួយចំនួនដឹកនាំដោយរបបយោធា តែទទួលបានចំណាត់នៅលើកម្ពុជាទៅវិញ។ លោកថា នេះជារបាយការណ៍ដែលផ្ទុយពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះ អង្គការគម្រោងយុត្តិធម៌ពិភពលោក បានដាក់កម្ពុជានៅចំណាត់ថ្នាក់ដែលទាបបំផុត ក្នុងការគោរពនីតិរដ្ឋ។ ដោយកាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាស្ថិតនៅលេខរៀងទី១៣៨ ក្នុងចំណោម១៣៩ប្រទេស លើការគោរពនីតិរដ្ឋនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ