អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទ ខណៈកម្ពុជាអញ្ជើញរុស្ស៊ីចូលកិច្ចប្រជុំកំពូលអាស៊ាន

ក្នុង​នាម​ជា​ប្រធានអាស៊ាន​នៅ​ឆ្នាំនេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​នៅ​ថ្ងៃសៅរ៍​នេះ​ថា ​លោក​នឹង​ជួប​ជជែក​ជាមួយ​លោក​ Volodymyr Zelenskyy ​ប្រធានាធិបតី​អ៊ុយក្រែន ​តាម​ខ្សែ​ទូរស័ព្ទ​ នៅ​ថ្ងៃទី០១​វិច្ឆិកា​ខាងមុខ។​ ការ​បញ្ជាក់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​នាម​ខ្លួន​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​ ទទួល​យក​ការ​ស្នើ​សុំ​ពី​ប្រធានាធិបតី​អ៊ុយក្រែន។​ ភ្ជាប់​ជាមួយ​គ្នា​នេះ​ លោក​ ហ៊ុន សែន​ បាន​ឲ្យ​ដឹង​ថា ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ​ កម្ពុជា​ក៏​បាន​អញ្ជើញ​លោក​ ពូទីន​ ប្រធានាធិបតី​រុស្ស៊ី​ ដើម្បី​ចូល​រួម​ដោយ​ផ្ទាល់​ដែរ​ តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប។​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ខាងឆ្វេង) និងលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន(ខាងស្ដាំ)
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ខាងឆ្វេង) និងលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន(ខាងស្ដាំ) © សហការី
ផ្សាយពាណិជ្ជកម្ម

ការជួបសន្ទនាតាមខ្សែទូរស័ព្ទជាមួយលោក Volodymyr Zelenskyy ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នឹងអាចធ្វើឡើងនៅម៉ោង ៣​ ឬ៤រសៀលនៅកម្ពុជា ដែលជាពេលវេលាថ្ងៃត្រង់នៅប្រទេសអ៊ុយក្រែន។ លោក ហ៊ុន សែន មិនបានបញ្ជាក់លម្អិតទេថា ការជួបសន្ទនានេះឡើងអាចលើកយកបញ្ហាអ្វីខ្លះមកពិភាក្សា ក៏ប៉ុន្តែអ្វីដែលលោកអះអាងនោះ គឺដោយសារតែ កម្ពុជាជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២នេះ ទើបអ៊ុយក្រែនចង់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ នេះបើតាមការថ្លែងរបស់ប្រមុខរដ្ឋាភិបាល ពីខេត្តកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍នេះ។

ការណ៍ដែលលោកប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងអំពីការជជែកជាមួយមេដឹកនាំអ៊ុយក្រែនពេលនេះ គឺធ្វើឡើងនៅអំឡុងពេលដែលអ៊ុយក្រែនកំពុងត្រូវបានឈ្លានពាន និងកំពុងផុងក្នុងភ្នក់សង្រ្គាមជាមួយនឹងប្រទេសរុស្ស៊ី តាំងពីខែកុម្ភៈមកម្ល៉េះ។

យ៉ាងណាមិញ នៅចំពោះមុខនៃការអះអាងរបស់លោក ហ៊ុន សែន លោកបានបន្ថែមថា កិច្ចប្រជុំកំពូលរបស់អាស៊ាននៅទីក្រុងភ្នំពេញ គឺលោកក៏បានអញ្ជើញលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី មកចូលរួមកិច្ចប្រជុំផងដែរ។ ក៏ប៉ុន្តែ បើតាមលោក ហ៊ុន សែន គឺកម្ពុជាមិនទាន់ទទួលបានការឆ្លើយតបពីរុស្ស៊ីនៅឡើយនោះទេ។

សម្រាប់ការអញ្ជើញភាគីរុស្ស៊ី គឺលោកប្រធានាធិបតី ពូទីន មកចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញ ត្រូវបានអ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ យល់ថា ជាតួនាទីរបស់អាស៊ាន តាមរយៈប្រធានប្តូរវេននីមួយៗដែលត្រូវធ្វើ។ លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លើកឡើងថា ជាទូទៅអាស៊ានមានដៃគូ ដូចជា អាស៊ានបូករុស្ស៊ី អាស៊ានបូកចិន អាស៊ានបូកអាមេរិក។ ដូច្នេះការណ៍ដែលអញ្ជើញរុស្ស៊ីចូលរួមកិច្ចប្រជុំនេះ គឺជាការគិតគូពីជំហរបស់អាស៊ាន​មិនថ្កោលទោសរុស្ស៊ី។

ក៏ប៉ុន្តែនៅក្នុងលក្ខខណ្ឌ កម្ពុជា-រុស្ស៊ី វិញ គឺជាការបន្ទន់ឥរិយាបថ ឬភាពខឹងសម្បារបស់រុស្ស៊ីចំពោះកម្ពុជា ព្រោះកម្ពុជាធ្លាប់បោះឆ្នោតថ្កោលទោសរុស្ស៊ី ចំពោះការឈ្លានពាន និងកាត់យកទឹកដីអ៊ុយក្រែន។ នេះបើតាមលោក ឯម សុវណ្ណារ៉ា។

នៅចំពោះមុខនៃកិច្ចប្រជុំកំពូលអាស៊ានខាងមុខ ថ្នាក់ដឹកនាំធំៗខ្លះ បានបញ្ជាក់ពីការចូលរួមដោយផ្ទាល់នៅទីក្រុងភ្នំពេញ។ សេចក្តីប្រកាសរបស់សេតវិមាន នៅថ្ងៃសុក្រ ទី២៨តុលា បញ្ជាក់ថា លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកនឹងមកប្រទេសកម្ពុជានៅថ្ងៃទី១២ និង១៣វិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំភាពជាដៃគូរវាង អាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ តាមសេចក្តីប្រកាស គឺលោក បៃឌិន នឹងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ាន និងសារៈសំខាន់រវាងភាគីទាំងពីរ ក្នុងការធានាសន្តិសុខ និងភាពរីកចម្រើនក្នុងតំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ