អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីស្នើបង្កើតលេខាធិការដ្ឋាន RCEP ឲ្យបានឆាប់ ដើម្បីអនុវត្តឱ្យពេញលេញនូវកិច្ចព្រមព្រៀង

ភាគីសមាជិកនៃកិច្ចព្រមព្រៀង RCEP ទាំងអស់ ជាពិសេសសមាជិក ដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀនេះ ឱ្យបានពេញលេញ។ នេះការ បញ្ជាក់របស់ប្រធានអាស៊ាន នៅថ្ងៃទី០២ ខែវិច្ឆិកានេះ។ លោកនាយករដ្ឋមន្ត្រីកម្ពុជាបន្តថា ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជា អតិបរមា ឬដើម្បីសម្រេចបាននូវគោលបំណងខាងលើនេះ លេខាធិការដ្ឋាន RCEP គួរតែត្រូវបង្កើតឡើងឱ្យកាន់តែឆាប់តាមតែអាចធ្វើទៅបាន។  

ពិធីអបអរសាទរខួប១០ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២
ពិធីអបអរសាទរខួប១០ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ © FB/SPM
ផ្សាយពាណិជ្ជកម្ម

កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋាន RCEP នៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ការគាំទ្រ និងសម្បទានចាំបាច់នានា។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានផងនោះ ក្នុងពិធីអបអរសាទរខួប១០ឆ្នាំនៃការបង្កើត​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងការបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានលើកទឹកចិត្តឱ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់ ចាប់ផ្តើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀត ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ លោកបន្តថាកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យមានការស្នើសុំ ចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ។

ក្រៅពីនេះកម្ពុជាស្វាគមន៍ចំពោះការផ្ដល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិក និងភាគី ហត្ថលេខីនៃ RCEP សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

គួរជម្រាបជូនថា កិច្ចព្រមព្រៀង RCEP ត្រូវបានប្រកាសឲ្យចាប់ផ្តើមចរចា កាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធាន ហើយគិតមកដល់ពេលនេះ គឺមានរយៈពេល១០ឆ្នាំគត់ស្របពេល ដែលកម្ពុជាធ្វើជាប្រធានអាស៊ានម្តងទៀត នាឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២កន្លងទៅ។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០២ ខែវិច្ឆិកាថា ការបង្កើតលេខាធិការដ្ឋាន RCEP នៅរាជធានីភ្នំពេញ គឺជារឿងមួយសមស្រប ហើយជំរុញឲ្យកិច្ចព្រមព្រៀងនេះ មានដំណើរការរលូន ដូច្នេះបើមិនមានលេខាធិការដ្ឋានដើម្បីដំណើរការទេ នោះអាចនឹងមានភាពចន្លោះប្រហោងណាមួយមិនខានក្នុងការអនុវត្ត។

កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ ដូចជា ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់។ កិច្ចព្រមព្រៀងនេះ គ្រប់ដណ្តាប់លើប្រជាជនប្រមាណ ២.២ពាន់លាននាក់ ឬ៣០% នៃចំនួនប្រជាជនពិភពលោក និងមានផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផល ក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។

ក្រៅពី RCEP កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ក្នុងថ្ងៃតែមួយជាមួយ RCEP ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុនខេះ។ កម្ពុជាកំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗទៀតដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ