អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក Zelensky ស្នើសុំលោក ហ៊ុន សែន ថ្លែងសន្ទរកថាតាមអនឡាញពេលកិច្ចប្រជុំកំពូលអាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃអង្គារម្សិលមិញបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដោយប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញពីការរ៉ាក់ទាក់គ្នាទៅវិញទៅមកជាពិសេសអ៊ុយក្រែនបានអរគុណកម្ពុជា និងអាស៊ាន ចំពោះជំហរកម្ពុជា និងអាសានថ្កោលទោសរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែន។ លោក Zelensky ក៏បានស្នើសុំលោក ហ៊ុន សែន អនុញ្ញាតឲ្យលោកបានថ្លែងសន្ទរកថាតាមអនឡាញផងដែរ ពេលកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនៅទីក្រុងភ្នំពេញ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky តាមរយៈទូរស័ព្ទ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky តាមរយៈទូរស័ព្ទ © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky តាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីការសោកស្តាយចំពោះសោកនាដកម្ម ដែលបាននិងកំពុងកើតឡើងនៅអ៊ុយក្រែន ដោយលោក ហ៊ុន សែន សម្តែងនូវក្តីបារម្ភចំពោះការវាយប្រហារថ្មីៗទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗទៀតពីសំណាក់រុស្ស៊ី ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដែលបញ្ហានេះ បានបណ្តាលឲ្យមានវិបត្តិថាមពល និងស្បៀងអាហារ ព្រមទាំងអតិផរណាទូទាំងពិភពលោក។

តាមរយៈសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា លោក ហ៊ុន សែន បញ្ជាក់ថាកម្ពុជាផ្តល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់សង្គ្រាម។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហររបស់កម្ពុជាជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈា្លនពាន ការគំរាម ឬការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬទន្រ្ទានយកទឹកដីពីប្រទេសដទៃឡើយ។

ជាមួយគ្នានេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្លែងអំណរគុណដល់កម្ពុជា និងសេចក្តីថ្លែងការណ៍ចំនួន៣របស់អាស៊ាន ដែលបានគាំទ្រដល់អ៊ុយក្រែន និងការប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើររបស់អ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)។ លើសពីនេះ លោក Zelensky ក៏បានស្នើសុំថ្លែងសន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូរសន្ទនាតាមវិស័យអាស៊ាន(Asean Sectoral Dialogue Parner)។ ក៏ប៉ុន្តែសំណើរនេះត្រូវលោក ហ៊ុន សែន បញ្ជាក់ថានឹងយកទៅពិភាក្សាជាមួយសមាជិកអាស៊ានផ្សេងទៀត។

ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏បានជជែកគ្នាដែរពីទំនាក់ទំនង និងតែងតាំងអ្នកការទូតនៃប្រទេសទាំងពីរ ការត្រៀមបញ្ជូនអ្នកដោះមីនកម្ពុជាទៅកាន់អ៊ុយក្រែនជាដើម។

សូមរំលឹកថាកម្ពុជាបានចូលរួមនៅក្នុងប្រទេស Co-sponsors ក្នុងការបោះឆ្នោតថ្កោលទោសរុស្ស៊ីចំនួន២ដងនៅឯអង្គការសហប្រជាតិជុំវិញសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងការដាក់តំបន់ចំនួន៤របស់អ៊ុយក្រែនមកស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ