អានតួអត្ថបទ
កម្ពុជា-សង្គម

សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សរបស់កម្ពុជា

ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​អះអាង​ប្រាប់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​ សហរដ្ឋ​អាមេរិក​ត្រៀម​ផ្ដល់​កិច្ច​សហការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​របស់​កម្ពុជា។​ នេះ​ជា​ការ​បញ្ជាក់​តាម​រយៈ​ជំនួប​មួយ​ កាល​ពី​ថ្ងៃទី០៤​ ខែវិច្ឆិកា​  បន្ទាប់​ពី​កម្ពុជា​កើត​មាន​បទ​ល្មើស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។​

ជនរងគ្រោះការជួញមនុស្ស
ជនរងគ្រោះការជួញមនុស្ស © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងជំនួប កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ជាមួយលោក ស​ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបាន អះ​អាងថា ជំនួបនោះធ្វើឡើង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងដើម្បីពិភាក្សាអំពីការងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក-កម្ពុជា ឆ្លើយតបនឹងបញ្ហាឧក្រិដ្ឋកម្ម និងពង្រឹងស្តង់ដារ។ នេះបើតាមបណ្តាញសង្គមTwitter ផ្លូវការរបស់លោក កាលពីថ្ងៃទី០៥ ខែវិច្ឆិកា។

លោក Patrick Murphy បានកត់សម្គាល់ឃើញថា មួយរយៈនេះ មានបទល្មើសមួយចំនួនបានកើតឡើង ជាពិសេសពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសមួយចំនួនត្រូវចាញ់បោកឧក្រិដ្ឋជននាំមកឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ស ខេង ដែលបានស្រង់ការបញ្ជាក់របស់ លោក Patrick Murphy ក្នុងជំនួបកាលពីថ្ងៃទី០៤ ខែវិច្ឆិកា។ លោក Patrick Murphy ថា សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការងារនេះ ក្នុងខណៈដែលសហរដ្ឋអាមេរិក ក៏កំពុងតែធ្វើការនេះជាមួយអន្តរក្រសួងផ្សេងទៀតក្នុងរាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងកិច្ចការនារីជាដើម។

ជាការឆ្លើយតប លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អរគុណចំពោះការបង្ហាញនូវឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។  លោក ស​ ខេងបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌនៃឆន្ទៈនយោបាយ គឺរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។  លោកបន្តថា បច្ចុប្បន្ននេះទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួល ដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្លាប់បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី០៤ ខែវិច្ឆិកាថា រដ្ឋាភិបាលបានដាក់ចេញវិធានការប្រតិបត្តិការស្រាវជ្រាវ និងបោសសំអាតនូវបទល្មើសទាំងអស់នោះ។

សូមជម្រាបជូនថា កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាត្រូវបានដាក់ចូលក្នុងបញ្ជីក្រហម ឬចំណាត់ថ្នាក់កម្រិតទី៣ ក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក បន្ទាប់ពីការទប់ស្កាត់បទល្មើសជួញដូរមនុស្ស មិនទាន់មានប្រសិទ្ធិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ