អានតួអត្ថបទ
កម្ពុជា-សង្គម

មន្ត្រីខ្មែរម្នាក់រងការចោទប្រកាន់៤ករណី ក្រោយឆ្លងដែន និងកាន់កាប់អាវុធខុសច្បាប់ក្នុងប្រទេសថៃ

មន្ត្រីយោធាខ្មែរ​សក្តិប្រាំម្នាក់​ ត្រូវ​បាន​អាជ្ញាធរ​ថៃឃាត់ខ្លួន​ និង​ចោទ​ប្រកាន់​៤ករណី ​ជុំវិញ​ការ​បើកឡាន​ចូល​ក្នុង​ទឹក​ដីថៃ​ដោយខុសច្បាប់។​ បើតាម​ការចុះផ្សាយ​ពីសារព័ត៌មាន​ថៃ​ មន្ត្រី​យោធាខ្មែរ​រូបនេះ ​មាន​ឋានៈជាវរសេនីយ៍ឯក​ ចំណុះ​អគ្គលេខាធិការ​ដ្ឋាន​ នៃក្រសួង​ការពារជាតិ​ ហើយ​បច្ចុប្បន្ន​ជន​ល្មើស​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពីប៉ូលីសថៃ។ ​

មន្ត្រីខ្មែរដែលមានឈ្មោះថា សុខ បានផល ត្រូវបានឃាត់ខ្លួនដោយកងកម្លាំងសមត្ថកិច្ចពិសេសថៃ
មន្ត្រីខ្មែរដែលមានឈ្មោះថា សុខ បានផល ត្រូវបានឃាត់ខ្លួនដោយកងកម្លាំងសមត្ថកិច្ចពិសេសថៃ © FB
ផ្សាយពាណិជ្ជកម្ម

មន្ត្រីខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៦ វិឆ្ឆិកាកន្លងទៅ កំពុងរងបទចោទចំនួន៤ ករណី ​រួមមាន៖​ ការចូលទឹកដីថៃដោយខុសច្បាប់, ការនាំយកយានជំនិះចូលទឹកដីថៃដោយគ្មានឆ្លងកាត់មន្ត្រីគយ, ការរារាំងតតាំងនឹងសមត្ថកិច្ច និងការប្រើប្រាស់អាវុធខុសច្បាប់។

ក្នុងនោះ មន្ត្រីថៃបានអះអាងតាមរយៈសារព័ត៌មានក្នុងស្រុកថា មន្ត្រីខ្មែររូបនេះបានបំពានចូលទឹកដីថៃ និងព្រមទាំងមានការកាន់កាប់អាវុធខុសច្បាប់ថែមទៀត។ មន្ត្រីថៃបន្តថា បទល្មើសនេះ​កើតមានឡើង ក្រោយជនល្មើសបានបើករថយន្តម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ​កម្ពុជា PICH. NIK បើកចូលតាមច្រកព្រំដែន បានខៅឌីន ស្រុក​ខ្លងហាត ខេត្ត​ស្រះកែវ ក្នុងស្ថានភាពស្រវឹងខ្លាំង។

បើតាមសារព័ត៌មាន​ប្រទេសថៃឈ្មោះ ថៃរាដ​បាននិយាយថា មន្រ្តីខ្មែរដែលបានបើករថយន្តចូលទឹកដីថៃកាលពីថ្ងៃទី០៥ វិឆ្ឆិកា គឺ ​ មានអត្តចរិកកោងកាច​ ដោយមិនព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចថៃដោយសន្តិវិធីឡើយ ប៉ុន្តែបែរជាដកកាំភ្លើងបាញ់តតាំងជាមួយមន្ត្រីយោធាថៃទៅវិញ។

សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រោយមក មន្ត្រីខ្មែរដែលមានឈ្មោះថា សុខ បានផល ត្រូវបានឃាត់ខ្លួនដោយកងកម្លាំងសមត្ថកិច្ចពិសេសថៃនៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី ០៦ វិឆ្ឆិកា និងបន្ទាប់មកក៏បានបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យរកសារធាតុញៀន។

ក្នុងសំណេររបស់សារព័ត៌មានថៃជាច្រើនបានសរសេរថា ក្រោយកើតហេតុការណ៍នេះ អាជ្ញាធរកម្ពុជាបានចូលមកសហការជាមួយអាជ្ញាធរថៃ ដើម្បីបញ្ចូនខ្លួនជនល្មើសមកអនុវត្តទោសនៅកម្ពុជា ក៏ប៉ុន្តែភាគីថៃនៅមិនទាន់ឆ្លើយតបឱ្យបានលម្អិតនៅឡើយ។

ជុំវិញរឿងនេះ​ វិទ្យុបារាំងអន្តរជាតិRFI ក៏មិនអាចសុំការឆ្លើយតបពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា និងលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឡើយទេនាព្រឹកថ្ងៃចន្ទនេះ។

ដោយឡែក លោក យ៉ង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានចាត់ទុកសកម្មភាពរបស់មន្ត្រីយោធាខ្មែរខាងលើ ថាជាទង្វើដែលជះផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័នរបស់ជាតិ ជាពិសេសបញ្ហានេះ​ធ្វើឱ្យប្រទេសជិតខាងវាយតម្លៃនូវសមត្ថភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីយោធាខ្មែរផង។  

គួរជម្រាបថា អាជ្ញាធរថៃបានបញ្ជាក់នូវព័ត៌មានចុងក្រោយថា មូលហេតុដែលធ្វើឱ្យមន្ត្រីខ្មែរសក្តិប្រាំខាងលើបើកឡានឆ្លងចូលទឹកដីថៃដោយខុសច្បាប់​នោះ គឺបណ្តាលមកពីបញ្ហាក្នុងគ្រួសារ និងបញ្ហាផ្លូវអារម្មណ៍មិនល្អរបស់ជនល្មើស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ