អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

IMF៖ សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងធ្លាក់ចុះត្រឹម៤%ក្នុងឆ្នាំនេះ តែសេដ្ឋកិច្ចកម្ពុជារំពឹងកើន៥,១%

មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញរបាយការណ៍ថា សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹង​​មាននិន្នាការធ្លាក់ចុះនៅត្រឹម៤ភាគរយក្នុងឆ្នាំ២០២២ ហើយរំពឹងថា អាចកើនឡើងដល់៤,៣ភាគរយសម្រាប់ឆ្នាំ២០២៣។ ការធ្លាក់ចុះនៃសន្ទុះសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិកនាឆ្នាំនេះ បើផ្អែកតាមមូលនិធិរូបិយវត្ថុអន្តរជាតិ គឺជាប់ទាក់ទិននឹងបញ្ហាស្នូលធំៗចំនួនបី ស្របពេលសេដ្ឋកិច្ចកម្ពុជានាឆ្នាំនេះ ក្រសួងសេដ្ឋកិច្ចបានបង្ហាញសុទិដ្ឋិនិយមថា នឹងកើនក្នុងអត្រា៥,១ភាគរយ និង៦,២ភាគរយនាឆ្នាំក្រោយ។

កំពង់ផែស្វ័យត (រូបតំណាង)
កំពង់ផែស្វ័យត (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ហាក់បង្ហាញថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលមានប្រទេសចំនួន៤០ នៅមិនទាន់មានដំណើរការសេដ្ឋកិច្ចល្អប្រសើរឡើយ ពីព្រោះការព្យាករក្នុងឆ្នាំនេះ​ គឺថយចុះមកត្រឹម៤ភាគរយ បើធៀបនឹងសន្ទស្សន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកាលពីឆ្នាំ២០២១ គឺមានការកើនឡើងយ៉ាងរឹងមាំ ពោលគឺស្ថិតក្នុងរង្វង់៦,៥ភាគរយ។

ក្នុងរបាយការណ៍ដដែលបានរៀបរាប់ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងតំបន់ គឺបណ្តាលមកពីបញ្ហាស្នូលធំៗចំនួន៣។ ទី១ លក្ខខណ្ឌហិរញ្ញវត្ថុសាកលកំពុងរឹតបន្តឹង និងចំពេលដែលធនាគារកណ្តាលធំៗព្យាយាមតំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណាក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ កត្តានេះបានធ្វើឱ្យទំនិញនៅលើទីផ្សារឡើងថ្លៃខ្ពស់ ប៉ុន្តែអត្រាប្តូរប្រាក់នៅជុំវិញតំបន់អាស៊ីបែរជាធ្លាក់ចុះទៅវិញ។

រីឯបញ្ហាសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនវិញក៏បានជះឥទ្ធិពលអវិជ្ជមានមិនតិចនោះដែរដល់សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយតម្រូវការពីតំបន់អឺរ៉ុបថយចុះ ប៉ុន្តែតម្រូវការនាំចេញពីតំបន់អាស៊ីមានការកើនឡើង។ ក្រៅពីនេះ មូលនិធិរូបិយវត្ថុអន្តរជាតិក៏បានឱ្យដឹងទៀតថា អាចដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់មហាយក្សចិន។

ដោយឡែក ក្នុងរបាយការណ៍មួយរបស់ធនាគារពិភពលោកមានឈ្មោះថា «ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក»បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងបន្តថយចុះរហូតដល់ឆ្នាំ២០២៣ ហើយការកើនឡើងនៃអតិផរណានឹងបន្តហក់ឡើងខ្ពស់ទៀតនៅចុងឆ្នាំ២០២២នេះ។

សម្រាប់ប្រទេសកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិបានទាញការព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៥,១ភាគរយ​ និង៦,២ភាគរយក្នុងឆ្នាំ២០២៣។​ សញ្ញាជាវិជ្ជមាននេះ IMF បញ្ជាក់ថា អាចមកពីកំណើននៃវិស័យទេសចរណ៍។ 

ចំពោះក្នុងលក្ខខណ្ឌពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ត្រឹមរយៈពេល៩ខែឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានគឺកើនទឹកប្រាក់ដល់១២ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់តំបន់អាស៊ានមានទំហំទឹកប្រាក់២ពាន់លានដុល្លារ​ ខណៈការនាំចូលពីប្រទេសជាសមាជិកអាស៊ានវិញមានទំហំទឹកប្រាក់១០ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ