អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន សរសើរព្រះរាជវីរភាពសម្តេច នរោត្តម សីហនុ ខណៈលោក សម រង្ស៊ី ក៏រំលេចថាឯករាជ្យជាតិក៏មានការចូលរួមពីឪពុកលោកដែរ

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប៦៩ឆ្នាំ ដែលប្រទេសកម្ពុជាត្រូវបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ដែលឯករាជ្យភាពនេះ គឺជាព្រះរាជបូជនីយកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។ នៅទីក្រុងភ្នំពេញថ្ងៃនេះ ព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី ស្តេចយាងជាព្រះរាជាធិបតីនៅក្នុងពិធីប្រទានភ្លើងជ័យ នៅឯវិមានឯករាជ្យ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុស្សិសជាច្រើននាក់។ ថ្ងៃដ៏ពិសិដ្ឋនេះ ក៏មានការបញ្ចេញសាររៀងៗខ្លួនផងដែររបស់អ្នកនយោបាយកំពូលៗកម្ពុជា។ 

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នៅ វិមានឯករាជ្យ
ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នៅ វិមានឯករាជ្យ © FB/SPM
ផ្សាយពាណិជ្ជកម្ម

វិថីសំខាន់ៗនៅជុំវិញវិមានឯករាជ្យត្រូវបានបិទស្ទើរពេញមួយព្រឹក ដោយថ្នាក់ដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីរាជការ សិស្សានុស្សិសនៅនឹងដៃមានកាន់ទង់ជាតិកម្ពុជា និងព្រះឆាយាលក្ខណ៍ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានប្រមូលផ្តុំគ្នាបង្ហាញនូវការអបអរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងជាទិវាកំណើតនៃកងយោធពលខេមរភូមិន្ទផងដែរ។ ពិធីដ៏មហោឡារិកនេះ ត្រូវបានយាងជាអធិបតីផងដែរពីព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី។

នៅក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុករបស់លោកថា

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

នៅថ្ងៃនេះដែរ ក្រៅពីសរសេរសារអបអរសាទរ បុណ្យឯករាជ្យជាតិកម្ពុជា តាមទំព័រហ្វេសប៊ុក លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើងពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា​ដោយលោកចាប់ផ្តើមបង្ហោះសារប្រវត្តិសាស្ត្រនេះជាភាគ និងបានដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាភាគ៣ របស់លោក វ៉ាន់ឌី កាអុន។

ក្នុងជំពូកមានចំណងជើង “ព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យខ្មែរ របស់ព្រះបាទ នរោត្តម សីហនុ” និងជំពូកជាបន្តបន្ទាប់ទៀត ជុំវិញការដណ្តើមបាននូវឯករាជ្យជាតិ លោក វ៉ាន់ ឌី កាអុន បានរកឃើញ និងបញ្ជាក់ថា សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានដើរតួនាទីនាំមុខដ៏សំខាន់បំផុត ក្នុងការបើកយុគសម័យថ្មីមួយ ដ៏រុងរឿង សម្រាប់ប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក សម រង្ស៊ី។

លោក សម រង្ស៊ី បានស្រង់ចំណុចសំខាន់របស់អ្នកនិពន្ធបន្តទៀតថា លោក វ៉ាន់ឌី កាអុន ក៏បានបញ្ជាក់ផងដែរថា ឥស្សរជនខ្មែរស្នេហាជាតិ ដែលបានធ្វើការយ៉ាងស្វិតស្វាញ ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅពេលនោះ មានជាអាទិ៍ លោក ប៉ែន នុត លោក ញឹក ជូឡុង ជាបិតាលោកស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោក លោក សម សារី ជាបិតាលោក និងលោក ទេព ផន។

ការរំលេចឈ្មោះឥស្សរៈជនខ្មែរសម័យនោះ ដែលបានដង្ហែរសម្តេច នរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យពីបារាំង ត្រូវគេមើលឃើញថាជាការព្យាយាមបង្ហាញពីគុណបំណាច់របស់លោក សម សារី ដែលជាឪពុករបស់លោក សម រង្ស៊ី ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលក្រុងភ្នំពេញ កំពុងថ្វើការថ្កោលទោស និងចាត់ទុកលោក សម រង្ស៊ី ថាជាពូជក្បត់ជាតិ៣ជំនាន់ ក្រោយពីមានជម្លោះនយោបាយយ៉ាងស្រួចស្រាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ