អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

វៀតណាមស្នើកម្ពុជារៀបចំគោលនយោបាយលើកទឹកចិត្តដល់ពាណិជ្ជករនៃប្រទេសទាំងពីរ

វៀតណាមបានស្នើដល់កម្ពុជាឲ្យរៀបចំគោលនយោបាយលើកទឹកចិត្តដល់ពាណិជ្ជករនៃប្រទេសទាំងពីរ ក្នុងការធ្វើអាជីវកម្មវិនិយោគ ខណៈវៀតណាមក៏នឹងអនុវត្តឲ្យបានល្អចំពោះគោលនយោបាយវិនិយោគពាណិជ្ជកម្មរបស់ខ្លួនផងដែរ។ សំណើនេះ ធ្វើក្នុងវេទិការជំរុញពាណិជ្ជកម្មនិងវិនិយោគ កម្ពុជា-វៀតណាម ២០២២ ក្រោមវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាមកាលពីរាត្រីថ្ងៃទី០៨ខែវិច្ឆិកា។

វេទិការជំរុញពាណិជ្ជកម្មនិងវិនិយោគ កម្ពុជា-វៀតណាម ២០២២
វេទិការជំរុញពាណិជ្ជកម្មនិងវិនិយោគ កម្ពុជា-វៀតណាម ២០២២ © សហការី
ផ្សាយពាណិជ្ជកម្ម

បើតាមលោក ផាម មិញជិញ (Pham Minh Chinh)​ នាយករដ្ឋមន្ត្រីវៀតណាម សំណើឲ្យមានការរៀប​ចំគោលនយោបាយលើកទឹកចិត្តដល់ពាណិជ្ជករនៃប្រទេសទាំងពីរ គឺពិតជាមានសារៈសំខាន់ណាស់ ប្រ​សិនបើមានគោលនយោបាយសម្រួលដល់ពាណិជ្ជករ។ បើមានគោលនយោបាយលើកទឹកចិត្ត និងបង្ករលក្ខខណៈងាយស្រួលដល់ពាណិជ្ជករនៃប្រទេសទាំងពីរ ផលប្រយោជន៍នឹងទទួលបានទៅពាណិជ្ជ​ករផង និងសម្រាប់ប្រជាជននៃប្រទេសទាំងពីរគឺកម្ពុជា-វៀតណាមផង។

ពាក់ព័ន្ធការវិនិយោគនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តដាក់ចេញ និងអនុវត្តនូវក្របខណ្ឌគោលនយោបាយយុទ្ធសាស្ត្រ ផែនទីបង្ហាញផ្លូវនានា សំដៅ​បង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការស្រូបទាញការវិនិយោគក្នុងស្រុក និងបរទេស។ លោក ហ៊ុន សែន បន្តថា កម្ពុជាក៏បានស្វែងរកដៃគូពាណិជ្ជកម្មសម្រាប់បើកច្រកទីផ្សារនាំចេញបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាមួយប្រទេស​ផ្សេងៗផងដែរ។

ជាមួយនឹងការលើកឡើងខាងលើ លោក ហ៊ុន សែន ក៏បានបង្កាញពីបំណងកម្ពុជាក្នុងការផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក ជាពិសេសជាមួយប្រទេសវៀតណាម ដែលជាជម្រើសទី១ របស់វិនិយោគិនបរទេសនៃវិស័យទាំងពីរ ក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម។ ក្នុងន័យនេះ លោក ហ៊ុន សែន សង្ឃឹមថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគគាំទ្រដល់ការផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទាំងពីរ ពិសេសវិស័យអេឡិចត្រូនិកសម្រាប់ប្រទេស​វៀតណាម។

ការបង្ហាញបំណងយ៉ាដូច្នេះ ក្រោយពីឃើញវៀតណាមទទួលជោគជ័យក្នុងការទាក់ទាញវិនិយោគបរ​ទេសនាពេលកន្លងមក ដើម្បីជំរុញការអភិវឌ្ឍវិស័យអេឡិចត្រូនិករបស់ខ្លួនជាលំដាប់ ដោយបានទាក់ទាញវិនិយោគពីក្រុមហ៊ុនបរទេសធំៗ ដូចជា ក្រុមហ៊ុនសាំសុង (SAMSUNG) និងក្រុមហ៊ុនហ្វក់ខន់ (FOXCONN) ដែលផលិតផលនានាផ្គត់ផ្គង់ឲ្យក្រុមហ៊ុនអេបផល (APPLE) រួមទាំងផលិតផលនាឡិកាដៃឆ្លាតវៃដែលប្រើបច្ចេកវិទ្យា និងជំនាញខ្ពស់។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជានិងវៀតណាម បើគិតត្រឹមរយៈពេល៧ខែក្នុងឆ្នាំ២០២២ សម្រេចបានជាង ២៨១៦លានដុល្លារអាមេរិក មានកំណើនប្រមាណជាង ៣៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើផ្អែកតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីខែមករាដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេប្រមាណ ៤១,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ដែលគម្រោងវិនិយោគមានការកើនឡើង ១៥គម្រោង ហើយទុនវិនិយោគកើនឡើងប្រមាណ ១, ៣%។

បើតាមលោក ង្វៀន ជីយុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយដែលវៀតណាមបានបោះទុនវិនិយោគធំបំផុត។ គម្រោងវិនិយោគនៅកម្ពុជាមានចំនួន ២០០គម្រោង ដែលមានទុនវិនិយោគចំនួន ២.៩លានដុល្លារអាមេរិក ចំណែកគម្រោងវិនិយោគរបស់កម្ពុជានៅវៀតណាមមានចំនួន ២៨គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៧៨លានដុល្លារអាមេរិក។ វិស័យដែលវៀតណាមផ្ដោតលើការវិនិយោគមានដូចជា វិស័យទេសចរណ៍ សុខាភិបាល និងផ្សេងៗទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ