អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អ្នកតាមដាន ថាការបញ្ចូលអ៊ុយក្រែនក្នុងសន្ធិសញ្ញាTAC ជាជោគជ័យមួយរបស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេន

អ្នកតាមដានកិច្ចការអន្តរជាតិ លើកឡើងថា ការត្រៀមបញ្ចូលអ៊ុយក្រែនជាសមាជិកសន្ធិសញ្ញាមិត្តភាពនិងដៃគូសហការរបស់អាស៊ាន គឺជាជោគជ័យមួយរបស់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានមកដល់ទីក្រុងភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាពនិងដៃគូសហការជាមួយអាស៊ាន។ 

លោក​នាយករដ្ឋមន្រី្ត ហ៊ុន សែន និងលោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន
លោក​នាយករដ្ឋមន្រី្ត ហ៊ុន សែន និងលោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន © FB/SPM
ផ្សាយពាណិជ្ជកម្ម

វត្តមានរបស់លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅទីក្រុងភ្នំពេញ គឺដើម្បីចុះហត្ថលេខាក្នុងសន្ធិសញ្ញាមិត្តភាព និងជាដៃគូសហការជាមួយអាស៊ាន ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី១០វិច្ឆិកា។ ការណ៍ដែលមកដល់ទីក្រុងភ្នំពេញ លោក Dmytro Kuleba បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ ដើម្បីជជែកការងារមុននឹងចូលជាសមាជិកសន្ធិសញ្ញា TAC។

ចំពោះការចូលជាសមាជិកសន្ធិសញ្ញា TAC របស់អ៊ុយក្រែន ត្រូវបានអ្នកតាមដាននយោបាយការទេសយល់ថា អាចជាបញ្ហាលំបាកបន្តិច ដ្បិតជំហរបស់អាស៊ានត្រូវការការឯកភាពរួម នាខណៈដែលអាស៊ានបច្ចុប្បន្នបានផាត់ភូមាចេញពីកិច្ចប្រជុំជាប្រចាំ ដោយសារការកាន់កាប់ដោយរបបយោធា។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ យល់ថា អាចជាការលំបាកក្នុងការបញ្ចូលអ៊ុយក្រែនជាសមាជិកសន្ធិសញ្ញា TAC ព្រោះអាស៊ានត្រូវការកុងសង់ស៊ីស។ ក៏ប៉ុន្តែអ្នកតាមដានកិច្ចការអន្តរជាតិរូបនេះ លើកឡើងថា ភាគីភូមាក៏នៅឲ្យតម្លៃអាស៊ានច្រើន បើទោះជាខ្លួនមិនបានចូលរួមកិច្ចប្រជុំកំពូល និងទោះបីជារបបសឹកមានការគាំទ្រពីភាគីរុស្ស៊ី ដែលឈ្លានពានប្រទេសអ៊ុយក្រែនក្តី។

សម្រាប់លោក ឯម សុវណ្ណារ៉ា ការណ៍ដែលអាស៊ានដែលកម្ពុជាម្ចាស់ផ្ទះប្តូរវេននៅឆ្នាំនេះ អាចរាប់ថាជាចំណុចវិជ្ជមានក្នុងការបង្ហាញជំហរគាំទ្រច្បាប់អន្តរជាតិ ក្នុងការគោរពអធិបតេយ្យភាព និងអនុញ្ញាតឲ្យអ៊ុយក្រែនចូលជាសមាជិកនៃសន្ធិសញ្ញា TAC។ ក៏ប៉ុន្តែក៏នៅមានប្រធានបទក្តៅមួយចំនួនទៀត ដែលនឹងត្រូវដោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលខាងមុខ តួយ៉ាងដូចជាវិបត្តិភូមាជាដើម។ នេះបើតាមលោក ឯម សុវណ្ណារ៉ា។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំនេះ អាស៊ាននឹងបញ្ចូលសមាជិកចំនួន២បន្ថែមទៀត គឺ អ៊ុយក្រែន និងអេស្ប៉ាញ ទៅក្នុងសន្ធិសញ្ញាមិត្តភាព និងដៃគូសហការរបស់អាស៊ាន (TAC)។ អ៊ុយក្រែន និងអេស្ប៉ាញនឹងក្លាយជាសមាជិកទី៥០និង៥១នៃសន្ធិសញ្ញាTAC ខណៈដែលបច្ចុប្បន្នសន្ធិសញ្ញាវ័យ៤៦ឆ្នាំនេះ មានបណ្តាប្រទេសជាសមាជិកចំនួន៤៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ