អានតួអត្ថបទ
កម្ពុជា-អាស៊ាន

គណ​បក្ស​ប្រ​ឆាំង​ទាញ​អាស៊ាន​ឲ្យ​គិត​គូរ​ពី​សិទ្ធិ​មនុស្ស ​ខណៈ​អាមេ​រិក​បង្ហាញ​កង្វល់​ពី​កាត់​ទោស​ជា​ក្រុម

គណ​បក្ស​ភ្លើង​ទៀន​អំពាវ​នាវ​ឲ្យ​ប្រ​ទេស​ជា​សមា​ជិក​អាស៊ាន​​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅទី​ក្រុង​ភ្នំពេញ​នៅពេល​នេះ​ រួម​គ្នា​លើក​កម្ពស់​នីតិ​រដ្ឋ​ ប្រជាធិប​តេយ្យ ​និង​គោរព​សិទ្ធិ​មនុស្ស​ ជា​ពិសេស​ធានា​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​២០២៣​។​ ការ​អំពាវ​នាវ​នេះ​ ស្រប​ពេល​ដែល​ក្រសួង​ការ​បរទេស​អាមេរិក ​បាន​បង្ហាញ​កង្វល់​របស់​ខ្លួន​ជាថ្មី​ម្តង​ទៀត​ជុំវិញ​ការ​ឃុំ​ខ្លួន​ កញ្ញា ​សេង​ ធារី​ មេធាវី​សញ្ជាតិ​អាមេរិ​កាំង​ និង​ការ​កាត់​ទោស​ក្រុម​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់​មក​នេះ​។​ 

កញ្ញា សេង ធាវី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមិថុនា
កញ្ញា សេង ធាវី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមិថុនា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ការបង្ហាញកង្វល់​របស់​ក្រសួង​ការបរទេសអាមេរិក​បែបនេះ ធ្វើ​នៅក្នុង​សន្និសិទ​របស់​ខ្លួន នៅថ្ងៃទី៨​វិច្ឆិកា ពោល​មុនតែប៉ុន្មានថ្ងៃ ដែល​លោក ចូ បៃឌិន ប្រធានាធិតី​អាមេរិក​មកជាន់ទឹក​ដីកម្ពុជា​ ដើម្បីចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

លោក Ned Price  អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិកថ្លែងថា  អាមេរិកអំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ឱ្យ​ដោះលែង​រាល់អ្នកទាំងឡាយណា​ដែលត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ រួមទាំង​កញ្ញា សេង ធារី និងត្រូវធានានូវ​សេរីភាព​នៃ​ការបញ្ចេញ​មតិ សេរីភាព​នៃការ​បង្កើតសមាគម និង​ការប្រមូលផ្តុំ​ដោយសន្តិវិធី ដែល​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​កាតព្វកិច្ច ព្រមទាំង​ការប្តេជ្ញាចិត្ត​ជាអន្តរជាតិ​របស់​ប្រទេសនេះ។

បើតាមអ្នកនាំពាក្យរូបនេះ អាមេរិក​តែងតែឈរ​នៅជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​គាំទ្រ​ដោយឥតងាករេ​ក្នុង​ក្តីបំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី​ទទួលបាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរពសិទ្ធិមនុស្ស​ប្រសើរឡើង។

មួយថ្ងៃ​ក្រោយ​ការ​បង្ហាញជំហរយ៉ាងដូច្នេះ​របស់​សហរដ្ឋអាមេរិក គណបក្ស​ភ្លើងទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយនៅថ្ងៃទី៩​វិច្ឆិកា​ ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​ជាសមាជិក​អាស៊ាន​​ដែល​មកជួបប្រជុំ​គ្នានៅទីក្រុង​ភ្នំពេញ​នៅពេលនេះ រួមគ្នា​លើក​កម្ពស់​នីតិរដ្ឋ ប្រជាធិបតេយ្យ និង​គោរពសិទ្ធិមនុស្ស ជាពិសេស​ធានា​ដំណើរ​ការ​បោះ​ឆ្នោតនៅកម្ពុជា​២០២៣។

បើតាមគណបក្សប្រឆាំងមួយនេះ លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរពសិទ្ធិមនុស្ស​នៅប្រទេស​ជាសមាជិកអាស៊ាន​ដូចជា ភូមា ថៃ និង​កម្ពុជា កំពុង​ធ្លាក់ចុះគួរឲ្យ​ព្រួយបារម្ភ ខណៈ​ដែល​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ក៏​ក្តី​បារម្ភ​ធំធេង​សម្រាប់​សន្តិសុខ​ក្នុង​តំបន់។

គណបក្សភ្លើងទៀន កត់សំគាល់ថា អព្យក្រឹត្យភាព​របស់កម្ពុជា​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ត្រូវបាន​រំលោភ​បំពាន ដោយ​ទំនាក់​ទំនង​ជិត​ស្និទ និង​ការពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រទេស​ចិន។ កត្តានេះហើយ ដែលបើតាមគណបក្ស​ប្រឆាំង គឺ​ធ្វើឲ្យ​បណ្តា​ប្រទេស​លោក​សេរី​បង្ហាញ​ក្តី​បារម្ភ​ពី​វត្តមាន​យោធាចិន​នៅកម្ពុជា និង​បង្កជាក្តី​បារម្ភ​ដល់​សន្តិសុខ​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ