អានតួអត្ថបទ
កម្ពុជា-អាស៊ាន

មន្ត្រីការបរទេស៖​ ការទទួល​ស្គាល់​អ៊ុយក្រែន​ជាសមាជិក​ TAC ជា​សមទ្ធិផល​ដ៏ធំ​មួយ​របស់​កម្ពុជា

មន្ត្រីការ​បរទេស​កម្ពុជា ​អះអាងថា ​ការ​ដែល​អ៊ុយក្រែន​បាន​ក្លាយ​ជាសមាជិក​នៃសន្ធិសញ្ញាមិត្តភាព​ និង​ដៃគូ​សហប្រតិបត្តិការ​អាស៊ីអាគ្នេយ៍ ​(TAC) ជាផ្លូវការ​ គឺជា​សមទ្ធិផល​ដ៏ធំមួយ​របស់​កម្ពុជា។​ ការ​ថ្លែងបែបនេះ ​គឺបន្ទាប់​ពីរដ្ឋមន្ត្រីការ​បរទេស​អ៊ុយក្រែន ​បានចូលរួម​ចុះហត្ថលេខា​លើសន្ធិសញ្ញា ​TAC នៅក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​ នាទី​ក្រុង​ភ្នំពេញ​ នៅថ្ងៃព្រហស្បតិ៍នេះ។​ អ៊ុយ​ក្រែន​នឹង​ក្លាយ​ជា​សមាជិក​ទី៥០​នៅក្នុង​សន្ធិសញ្ញាមិត្តភាព​ និងដៃគូអាស៊ាន​ ដែល​អាច​មាន​កិច្ច​សហប្រតិបត្តិការ​រវាងគ្នា​ នៅក្នុង​ការងារ​សេដ្ឋកិច្ច​ និងវប្បធម៌​ ជាដើម​ ខណៈប្រទេស​មួយនេះកំពុង​យាយី​ដោយ​សង្រ្គាម​ជាមួយរុស្ស៊ី។​

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញា TAC នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញា TAC នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន © FB
ផ្សាយពាណិជ្ជកម្ម

ដូចការគ្រោងទុកនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញ អ៊ុយក្រែនបានក្លាយជាសមាជិកទី៥០នៃសន្ធិសញ្ញាមិត្តភាព និងភាពជាដៃគូសហប្រតិបត្តិជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលហៅកាត់ថា TAC។ ការចូលជាសមាជិកTAC របស់អ៊ុយក្រែន ធ្វើឡើងដោយមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba ជាមួយនឹងបណ្តាមេដឹកនាំអាស៊ាន រួមទាំងលោក ប្រាក់ សុខុន ដែលជាប្រមុខការទូតកម្ពុជា។

លោក គង់ ភោគ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន បញ្ជាក់នៅមុនពេលចុះហត្ថលេខាទទូលអ៊ុយក្រែនថា នេះជាសមទ្ធិផលដ៏ធំមួយសម្រាប់កម្ពុជា នៅខណៈដែលជាប្រធានប្តូរវេនឆ្នាំនេះ មានប្រទេសចំនួន៧បានចូលជាសមាជិក។ បើតាមលោក គង់ ភោគ អាស៊ានជាអង្គការតំបន់ដែលបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ទៅលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ជាដើម ហើយបណ្តាប្រទេសទាំងនោះ ក៏អាចក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។

គួរកត់សម្គាល់ថា ការបញ្ចូលអ៊ុយក្រែនជាសមាជិកTACពេលនេះ ធ្វើឡើងនាអំឡុងពេលដែលប្រទេសមួយនេះកំពុងរ៉ាំរ៉ៃដោយសង្រ្គាមជាមួយនឹងរុស្ស៊ីតាំងពីខែកុម្ភៈមកនេះ។ ក្នុងការសង្រ្គាមជាមួយរុស្ស៊ី អ៊ុយក្រែនទទួលបានការគាំទ្រពីសហគមន៍អាស៊ាននិយាយជារួម និងនិយាយដោយឡែកពីកម្ពុជា ក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិចំនួន៣លើក។

បន្ថែមពីនេះ នៅមុនការចុះហត្ថលេខាមួយសប្តាហ៍ ប្រមុខរដ្ឋអ៊ុយក្រែន លោក Vlodymir Zelenskyy ក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមខ្សែទូរស័ព្ទ ក្នុងការជជែកពីការណ៍ដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងការស្នើសុំលោក ហ៊ុន សែន ដើម្បីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ក៏ប៉ុន្តែយ៉ាងណាសំណើរបស់អ៊ុយក្រែន ត្រូវបានបដិសេធដោយអាស៊ាន ដ្បិតអាស៊ានមានជំហររួមកឺកុងសង់ស៊ីស។ នេះបើតាមការបញ្ជាក់ស្ថានទូតអ៊ុយក្រែនចំពោះប្រទេសវៀតណាម បញ្ជាក់ប្រាប់កាសែត Khmertimes។

គួរបញ្ជាក់ថា អ៊ុយក្រែនបានក្លាយជាសមាជិកទី៥០នៃសន្ធិសញ្ញាមិត្តភាព និងដៃគូសហប្រតិបត្តិការរបស់អាស៊ាន ខណៈដែលអេស្ប៉ាញដែលត្រូវចូលជាមាជិកទី៥១នៅទីក្រុងភ្នំពេញដែរនោះ បានអវត្តមាន ដោយសារបញ្ហាផ្ទៃក្នុង។ នេះបើតាមមន្ត្រីក្រសួងការបរទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ