អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កូវីដ១៩៖ លោក ហ៊ុន សែនថាអាស៊ានបានយកឈ្នះលើការគម្រាមកំហែងជាសកលនេះ

ការរាតត្បាតនៃកូវីដ១៩ ជិត ៣ឆ្នាំ ហើយកិច្ចខិតខំប្រឹងប្រែងលះបង់របស់អាស៊ាន បានយកឈ្នះលើការគម្រាមកំហែងជាសកលនេះ និងបានចាប់ផ្ដើមដំណើការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច។​ នេះជាការបញ្ជាក់របស់ប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពេលបើកកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅក្រុងភ្នំពេញ ពីថ្ងៃនេះ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កិច្ចប្រជុំពាក់ព័ន្ធ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កិច្ចប្រជុំពាក់ព័ន្ធ © ASEAN2022 Media Center
ផ្សាយពាណិជ្ជកម្ម

ការរាតត្បាតនៃកូវីដ-១៩ បានកើតមានជិត ៣ឆ្នាំហើយ ចាប់តាំងពីដើមឆ្នាំ ២០២០មក ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់ តាមរយៈសមាជិក អាស៊ាននីមួយៗ និងអាស៊ានជារួម អាស៊ានអាចប្រកាសដោយមោទនភាពថា បានយកឈ្នះលើការគម្រាមកំហែងជាសកលនេះ ហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច។  នេះគឺជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលបានចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែវិច្ចិកានេះ។

លោក ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានបានថ្លែងនៅចំពោះមុខសមាជិកអាស៊ានផ្សេងៗទៀតថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី(AMRO) កាលពីខែ តុលា កន្លងទៅនេះ រដ្ឋសមាជិកអាស៊ាននីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣ភាគរយ និង ៤,៩ភាគរយក្នុងឆ្នាំ ២០២២ និង ២០២៣រៀងគ្នា ពោលគឺជាដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក ។

តាមរយៈកំណើននេះ លោក ហ៊ុន សែន ក៏លើកឡើងឲ្យអាស៊ានត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដោយ​ស្ថាន​ភាព​សង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កិច្ចប្រជុំពាក់ព័ន្ធបានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំ និងប្រជុំកំពូលទាំងនេះ ក៏ជាលើកទី១ ដែលមានវត្តមានផ្ទាល់របស់មេដឹកនាំមហា​អំណាច ដូចជាសហរដ្ឋអាមេរិក ចិន និងដៃគូអាស៊ានផ្សេងៗទៀត ដូចជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ជាដើម បន្ទាប់​ពី​កិច្ច​ប្រជុំអាស៊ាន កាលពីឆ្នាំកន្លងទៅធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានទទួលរងការរិះគន់ថាមិនទទួលជោគជ័យទេ ចំពោះការដោះស្រាយវិបត្តិភូមា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ក៏មិនបានលើកឡើងពីបញ្ហានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ប៉ុន្តែលោកបានបង្ហាញការជឿជាក់ថាបាវចនារបស់អាស៊ានគឺ «អាស៊ាន ចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណតម្លៃពិតប្រាកដនាពេលនេះ។ ដូចនេះ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន គឺជាអាទិភាព ចម្បងបំផុត ដើម្បីធានាឱ្យតំបន់មានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាន នាពេលអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ