អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អាស៊ាន​ជំរុញ​ឲ្យភូមា​អនុវត្ត​កិច្ច​ព្រមព្រៀង ​៥ចំណុច​ឲ្យបាន​ទាំងស្រុង

 ប្រទេស​អាស៊ាន​បាន​បញ្ជាក់​ជាថ្មីថា ​ភូមា​នៅតែជាផ្នែក​សំខាន់​របស់​អាស៊ាន ​និង​ថាបើ​ទោះជាមាន​ភាពជឿនលឿន​តិចតួច​នៃការ​អនុវត្ត​កិច្ចព្រមព្រៀង​ជាឯកច្ឆន្ទ​៥ចំណុច ​តែកិច្ច​ព្រម​ព្រៀងនេះ​ នៅតែ​ជាឯកសារ​យោងដ៏សំខាន់​ ដែល​មាន​សុពលភាព​របស់​អាស៊ាន។​ នេះបើ​តាម​សេចក្តី​សម្រេច​ និង​វាយតម្លៃ​មួយ​របស់​មេដឹក​នាំអាស៊ាន​ កាលពីថ្ងៃទី១០​ ខែវិច្ឆិកា ​និង​ថា​កិច្ចព្រមព្រៀង​៥ចំណុច​ គួរ​តែត្រូវ​បាន​អនុវត្ត​ទាំងស្រុង។​

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កិច្ចប្រជុំពាក់ព័ន្ធ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កិច្ចប្រជុំពាក់ព័ន្ធ © ASEAN2022 Media Center
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីថា ភូមានៅតែជាផ្នែកដ៏សំខាន់របស់អាស៊ាន។ នេះបើតាមសេចក្តីសម្រេច និងការវាយតម្លៃរបស់មេដឹកនាំអាស៊ាន៩ប្រទេស នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១​ ចំពោះការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។

តាមរយៈសេចក្តីសម្រេច និងវាយម្លៃរបស់មេដឹកនាំអាស៊ាន ចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដែលមាន១៥ចំណុច បញ្ជាក់ទៀតថា ស្ថានការណ៍នៅភូមា នៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយ នឹងការកើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បង ប៉ះពាល់មិនត្រឹមតែភូមាប៉ុណ្ណោះទេ ថែមទាំងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរ។ អាស៊ានប្ដេជ្ញាចិត្តជួយ ភូមាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។

ជាមួយនឹងភាពជឿនលឿនតិចតួច ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច កងទ័ពភូមាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំអាស៊ាន។ នេះ បើតាមការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់មេដឹកនាំអាស៊ាន ជុំវិញការអនុវត្តកិច្ចព្រមព្រៀងដែលមានគោលដៅស្រាយវិបត្តិនៅភូមា។

អាស៊ានបញ្ជាក់ថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ត្រូវតែជាឯកសារយោង ដែលមានសុពលភាពរបស់អាស៊ាន និងគួរតែត្រូវបានអនុវត្តទាំងស្រុង។ មេដឹកនាំអាស៊ានក៏ទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកាន់អាវុធ គួរតែទទួលខុសត្រូវដោយតម្លាភាព និងត្រូវបានថ្កោល ទោសចំពោះអំពើហិង្សា ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធភូមាគឺជាកម្លាំង យោធាដ៏ធំបំផុតតែមួយគត់នៅក្នុងភូមា។

ចំណុចសំខាន់មួយទៀត នៅក្នុងចំណោមសេចក្តីសម្រេច និងវាយម្លៃ ដែលមាន ១៥ចំណុចនោះ គឺអាស៊ានត្រូវពិចារណា​រិះរក​វិធី​សាស្ត្រផ្សេ​ងទៀ​ត ដែលអាចគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០ និង៤១ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានស្នើថា ការចូលរួមរបស់តំណាងមិនមែននយោបាយនៃរបបភូមា គួរតែត្រូវបានអនុវត្តលើសពីកិច្ចប្រជុំកំពូល និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

សូមបញ្ជាក់ថា វត្តមានរបស់ភូមាត្រូវបានដកចេញពីកិច្ចប្រជុំរបស់អាស៊ានជាបន្តបន្ទាប់ នៅក្រោយរបបយោធាឡើងកាន់អំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១​។ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងក្នុងក្រុងភ្នំពេញនាវិច្ឆិកានេះ កៅអីភូមាក៏នឹងត្រូវទុកឲ្យទំនេរជាថ្មី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ