អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ចិននឹងបោះទុនវិនិយោគ១.៥ប៊ីលានដុល្លារក្នុងការធ្វើពាណិជ្ជកម្មសេរីអាស៊ាន-ចិន

ប្រទេស​ចិន​គ្រោង​ដាក់​ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​១.៥ប៊ីលានដុល្លារ​អាមេរិក​(១៥០០លាន)​ សម្រាប់រយៈ​ពេល​៣ឆ្នាំ​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន។​ នេះ​ជា​ផ្នែក​មួយ​នៃ​សំណើ​៥ចំណុច​ដែល​ចិន​ដាក់​ទៅ​កាន់​អាស៊ាន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន-ចិន​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ចិន​ លើក​ទី១៥​ នៅ​ថ្ងៃទី១១​វិច្ឆិកា​ម្សិល​មិញ។​ ទន្ទឹម​នឹង​នេះ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​វាយ​តម្លៃ​ថា ​ កម្ពុជា​ក៏ ​បាន​ប្រយោជន៍​ពី​នេះ​មិន​តិច​ដែរ។​

កិច្ចប្រជុំកំពូលអាស៊ាន ចិន លើកទី១៥
កិច្ចប្រជុំកំពូលអាស៊ាន ចិន លើកទី១៥ © FB SPM
ផ្សាយពាណិជ្ជកម្ម

គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍដែលមានទំហំទឹកប្រាក់ ១.៥ប៊ីលានដុល្លារអាមេរិកនេះ ស្ថិតនៅក្នុង បរិបទភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ។ លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាបានអះអាងជាថ្មីថា ទាំងចិននិងអាស៊ានសុទ្ធតែទទួលបានប្រយោជន៍ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ព្រោះទីផ្សារចិនធំ ដោយសារកំណើនប្រជាជនចិនមានចំនួនលើសប្រជាជនអាស៊ានពីរដងឯណោះ។

បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កម្ពុជាក៏ទទួលបានប្រយោជន៍មិនតិចដែរ ពីការធ្វើពាណិជ្ជកម្មរវាងអាស៊ាននិងចិន ព្រោះកុំភ្លេចថា ការតភ្ជាប់ទំនាក់ទំនងរវាងអាស៊ាននិងចិនកើតឡើងបាន ដោយសារតែទំនាក់ទំនងកម្ពុជានិងចិន​មានស្រាប់។ ជាក់ស្ដែងកាលពី១០ឆ្នាំមុន ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ានលើកទី២ ជួយដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង និងស្របពេលដែលចិនជាដៃគូរពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន ហើយការវិនិយោគរបស់ចិនមកកាន់ប្រទេសកម្ពុជាកាន់តែមានទំហំធំឡើង។

ដូច្នេះចិននៅតែជាដៃគូរពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជានិយាយដោយឡែក និងនិយាយជារួមជាដៃគូរសំខាន់សម្រាប់អាស៊ានដើម្បីឲ្យកម្លាំងសេដ្ឋកិច្ចរ​វាងប្រទេសសមា​ជិកអាស៊ាន និងចិនមានល្បឿនប្រហា​ក់ប្រហែលគ្នា។ ប៉ុន្តែយ៉ាងណាមិញ បើនិយាយពីទំហំពាណិជ្ជកម្មរវាងចិន និងប្រទេសសមាជិកអាស៊ានគឺការធ្វើពាណិជ្ជកម្មរវាងចិននិងសិង្ហបុរីនាំមុខ តាមពីក្រោយដោយម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ខណៈការធ្វើពាណិជ្ជកម្មរវាងចិននិងកម្ពុជានៅមានកម្រិត ហើយសម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍចង់ឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនកើនខ្ពស់។

គួរជម្រាប​ជូនថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចិន លើកទី១៥ នៅថ្ងៃទី១១ វិច្ឆិកា ចិន បានដាក់សំណើ៥ចំណុច ដើម្បីពង្រឹងទំនាក់ទំនង អាស៊ាន-ចិន ក្រោមទ្រឹស្ដីថា  កសាងផ្ទះដែលមានសន្តិភាព​។

ចំណុចទី១-សំដៅការធ្វើឲ្យស៊ីជម្រៅក្នុងវិស័យការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងការចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ។

ទី២-កសាងផ្ទះ ដែលមានសន្តិសុខ សំដៅការប្ដេជ្ញាចិនរបស់ចិនគាំទ្ររបាំងការពារសុខភាព និងប្រឆាំងគ្រោះមហន្តរាយ។

ទី៣-កសាងផ្ទះ ដែលមានវិបុលភាព ដោយផ្ដល់គម្រោងវិនិយោគទឹកប្រាក់ ១.៥ ប៊ីលានដុល្លារអាមេរិក ក្នុងពេល៣ឆ្នាំ ពង្រឹងការអនុត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និងតំបន់សេដ្ឋកិច្ចសេរីអាស៊ាន ចិន។

ទី៤-កសាងផ្ទះ ដែលស្រស់ស្អាត សំដៅការអភិវឌ្ឈបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ ព្រមទាំងកសាងផ្ទះដែលមានមេត្រីភាព សំដៅការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្ដូរប្រជាជន រវាងប្រជាជន ជាពិសេសយុវជន និងថ្នាក់ដឹកនាំវ័យក្មេង។

ចិនបានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ានកាលពីឆ្នាំ១៩៩១ ហើយចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ដែលមានទំហំពាណិជ្ជកម្មសរុបកើនដល់ ៦៦៩ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ កើនឡើងជាង ២៨ភាគរយធៀបនឹងឆ្នាំ២០២០ ហើយការវិនិយោគផ្ទាល់ពីចិនមកអាស៊ានក៏កើនឡើងដល់ ១៣.៦ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ ពោលគឺបានកើនឡើងជិត ២ដងធៀបនឹងឆ្នាំ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ