អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

នាយកIMF៖ សរសើរកម្ពុជា ប៉ុន្តែលើកឡើងពីការថមថយនៃសេដ្ឋកិច្ចពិភពលោកប្រឈមនឹងវិបត្តិ

យើង​កំពុង​ដើរ​ចូល​ទៅក្នុង​ពិភព​លោក​មួយ​ដែល​ភាព​ក្រីក្រ​កើន​ឡើង​ជាមុន​ និង​មិន​សូវ​មាន​សុវត្ថិភាព។​ នេះជា​ការ​សម្តែង​ក្តី​បារម្ភ​របស់​ប្រធាន​មូល​និធិរូបិយវត្ថុ​អន្តរជាតិ​(IMF) ប្រាប់​មេដឹក​នាំ​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​កំពូល​នាទី​ក្រុង​ភ្នំពេញ។​ អម​ដោយ​ក្តីបារម្ភ​នេះ ​ប្រធាន​មូល​និធិរូបិយ​វត្ថុ​អន្តរជាតិ​ក៏​ឆ្លៀត​សរសើរ​កម្ពុជា​ដែរ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ © AKP
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅចំពោះមុខមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងក្រុងភ្នំពេញ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ អ្នកស្រី Kristalina Georgieva បានលើកឡើងបីចំណុចពាក់ព័ន្ធនឹង ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក លក្ខណៈពិសេសរបស់អាស៊ានក្នុងទស្សនវិស័យនេះ និងគោលនយោបាយអាទិភាព។

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបានផ្តើមថ្លែងការណ៍ដោយការសរសើរកម្ពុជាចំពោះសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ អ្នកស្រីបញ្ជាក់ថា លោក ហ៊ុន សែន បានយកប្រទេសនេះពីគ្រាដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន មកឥឡូវនេះ ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយក្នុងពិភពលោក។

អ្នកស្រីបន្តថាក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ពោលគឺជារយៈពេលដ៏ខ្លីមួយ ដែលពិភពលោកបានទទួលការវាយប្រហារដោយភាពតក់ស្លុតម្តងហើយម្តងទៀតដូចជា ជំងឺរាតត្បាតសកល សង្គ្រាមនៅអឺរ៉ុប និងវិបត្តិតម្លៃទំនិញ។ វិបត្តិទាំងអស់នេះ បាននាំទៅរករូបភាពដ៏អាប់អួរលើផ្នែកសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំនេះ និងជាពិសេសសម្រាប់ឆ្នាំក្រោយ។

បើតាមអ្នកស្រី Kristalina Georgieva​ ការរំខានសង្វាក់ផ្គត់ផ្គង់ដោយសារជំងឺរាតត្បាតសកល និងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃថាមពល និងតម្លៃអាហារ បានរុញឲ្យអតិផរណាកាន់តែឡើងខ្ពស់ ដែលនាំឱ្យមានការរឹតបន្តឹងលើគោលនយោបាយហិរញ្ញវត្ថុ និងធ្វើឲ្យមានការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃកំណើនសេដ្ឋកិច្ចពិភពលោកពី ៦ភាគរយក្នុងឆ្នាំ២០២១ មក ៣.២ភាគរយនៅឆ្នាំ២០២២។ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករថាពិភពលោកនឹងមានកំណើន ២.៧ភាគរយសម្រាប់ឆ្នាំ២០២៣ ប៉ុន្តែមានឱកាស២៥ភាគរយដែលកំណើនសេដ្ឋកិច្ចអាចធ្លាក់ទៅក្រោម ២ភាគរយ។

អ្នកស្រីបញ្ជាក់ថា ខណៈពេលដែលយើងឃើញរូបភាពដ៏អាប់អួរនេះ ភាពលំបាកក៏មាននិន្នាការឆ្ពោះទៅរកការកើនឡើងនៃការបែកបាក់ នៅពេលដែលយើងត្រូវការគ្នាបំផុត។ អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា​យើង​អាច​នឹង​កំពុង​ដើរ​ចូល​ទៅ​ក្នុង​ពិភព​លោក​មួយ​ ដែល​នឹង​មាន​ភាព​ក្រីក្រ​ជាង​មុន និង​មិន​សូវ​មាន​សុវត្ថិភាព​ ដែលជាលទ្ធផលនៃវិបត្តិខាងលើ។

បើតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ចេញផ្សាយ កាលពីចុងខែតុលា ស្តីពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក កម្ពុជារក្សាកំណើន GDP ៥.១ភាគរយសម្រាប់ឆ្នាំ២០២២នេះ ហើយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង ដល់៦.២ភាគរយសម្រាប់ឆ្នាំ២០២៣។ របាយការណ៍ថ្មីនេះឲ្យដឹងថា អតិផរណាខ្ពស់នឹងបំផ្លាញប្រាក់ចំណូល និងជំរុញឱ្យគ្រួសារកាន់តែច្រើនធ្លាក់ទៅក្រោមបន្ទាត់នៃភាពក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ