អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ប្រទេសពាក់ព័ន្ធសង្ឃឹមពីការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងបានរហ័សតាមរយៈកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤០​និង៤១​នៅទីក្រុង​ភ្នំពេញ​ បាន​បិទ​បញ្ចប់​ការ​ពិភាក្សា​បញ្ហា​នានា ​ទាំង​ក្នុង​តំបន់​និង​អន្តរជាតិ​ នៅថ្ងៃអាទិត្យ​ទី១៣វិច្ឆិកា។​ យ៉ាងណាមិញ​ លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ខ្ទាស់​កម្ពុជា​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាលពី១០ឆ្នាំមុន​ ត្រូវ​បាន​ភាគី​ប្រទេស​ពាក់ព័ន្ធ​លើក​មក​ជជែក​ពិគ្រោះជាថ្មី​ ហើយ​ដាក់ក្តី​រំពឹងថា​ ការ​បញ្ចប់​ក្រម​ប្រតិបត្តិ​នៅសមុទ្រ​ចិន​ខាងត្បូង ​(COC)​ នឹង​ធ្វើឡើង​បាន​រហ័ស​ក្នុង​ពេលខាងមុខ។​

កិច្ចប្រជុំរវាងអាស៊ាន-ចិន លើកទី២៥
កិច្ចប្រជុំរវាងអាស៊ាន-ចិន លើកទី២៥ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ បានក្លាយជាវេទិកាជាថ្មីនៃការជជែករវាងប្រទេសពាក់ព័ន្ធនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ នៅក្នុងកិច្ចប្រជុំរវាងអាស៊ាន-ចិន លើកទី២៥ ភាគីហ្វីលីពីន ដែលជាប្រទេសមានបញ្ហាក្នុងដែនសមុទ្រចិនខាងត្បូង បានលើកពីជំរុញការបញ្ចប់ក្រមប្រតិបត្តិ COC ដោយផ្អែកទៅលើច្បាប់អន្តរជាតិ។

បើតាមការិយាល័យលេខាធិការព័ត៌មានរបស់ហ្វីលីពីន គឺលោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បានចាត់ទុកថា ការឈានទៅបញ្ចប់បានក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) កាន់តែ​មាន​ភាព​ពាក់ព័ន្ធ ខណៈ​ដែល​ប្រទេស​ពាក់ព័ន្ធធ្វើ​ខួប៤០ឆ្នាំ​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) និងខួប២០ឆ្នាំនៃ​សេចក្តីថ្លែងការណ៍​ស្ដីពី​ការ​ប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) រៀងៗខ្លួន។ លោក Ferdinand Marcos អះអាងថា ការបញ្ចប់បានក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) នឹងក្លាយជាឧទាហរណ៍សម្រាប់បណ្តាប្រទេសដែលពាក់ព័ន្ធ។ ហើយសម្រាប់លោក ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ក៏កំពុងមានភាពវិជ្ជមាន និងអាចអនុម័តក្នុងពេលឆាប់ៗខាងមុខ។

ដោយឡែកពីភាគីចិន លោកនាយករដ្ឋមន្ត្រី លី ឃឺឈាំង អះអាងថា ចិនស្វាគមន៍ចំពោះភាពវិជ្ជមាននៃការពិគ្រោះយោបល់នៃក្រមប្រតិបត្តិ (COC) នៅទីក្រុងភ្នំពេញពេលនេះ។ បើតាមលោក លី ឃឺឈាំង ចិនមានទំនុកចិត្ត ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងជាមួយនឹងបណ្តាប្រទេសអាស៊ាន ឲ្យស្របទៅតាមច្បាប់អន្តរជាតិ និងឈរលើគោលការណ៍គោរពគ្នាទៅមករវាងភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ថា បញ្ហាក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) គឺជាដុំភ្លើងរបស់កម្ពុជា កាលពីធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ ដោយអាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន នៅក្នុងប្រវត្តិរបស់ខ្លួន។ ដោយឡែកនៅឆ្នាំ២០២២នេះ លោក ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានជាលើកទី៣ បានកត់សម្គាល់ពីភាពវិជ្ជមាននៃការចរចារវាងភាគីពាក់ព័ន្ធ ដោយធ្វើឡើងជាបន្តបន្ទាប់នៅខេត្តសៀមរាប និងទីក្រុងភ្នំពេញ។ សម្រាប់លោក ហ៊ុន សែន កម្ពុជាទន្ទឹងរង់ចាំបញ្ចប់ឲ្យបានឆាប់នូវខ្លឹមសារសំខាន់ៗនៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិ។

បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ដាក់ក្តីរំពឹងសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤ ថា បញ្ហានេះនឹងត្រជាក់ ហើយមិនជះឥទ្ធិពលដល់កម្ពុជាជាម្ចាស់ផ្ទះទៀតឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ