អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក​ ហ៊ុន សែន​ ខកខាន​ចូលរួម​ប្រជុំG20​ និង​APEC​ នៅឥណ្ឌូណេស៊ី ​និងថៃ​ ដោយសារ​ឆ្លងកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​និងគណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បាន​សម្រេច​វិលត្រលប់​មក​ប្រទេស​វិញ ​ដែលតាម​គម្រោង​នឹងមកដល់​ល្ងាចនេះ ​បន្ទាប់​ពីលោក ​និង​គណៈប្រតិភូ​កម្ពុជា​បាន​ទៅដល់​ប្រទេសឥណ្ឌូណេស៊ី​កាលពី​យប់ម្សិលមិញ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំកំពូល​ G20​ និង​កិច្ចសន្ទនា​ក្រៅផ្លូវ​ការ​របស់​មេដឹកនាំ​ APEC។​ ការខកខាន​របស់​កម្ពុជា​ក្នុង​ការចូលរួម​កិច្ច​ប្រជុំ​ដ៏សំខាន់​ទាំងនេះ​ បន្ទាប់​ពី​លោក ហ៊ុន សែន​ ប្រកាស​តាមហ្វេសប៊ុក​របស់​លោក​នៅថ្ងៃអង្គារ​នេះថា​លោក​វិជ្ជមានជំងឺកូវីដ-១៩។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB/SPM
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចចិត្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រលប់មកប្រទេសវិញបន្ទាប់ពីគ្រូពេទ្យឥណ្ឌូណេស៊ីធ្វើតេស្ត និងរកឃើញថាលោកវិជ្ជមានជំងឺកូវីដ-១៩។ លោកនាយករដ្ឋមន្ត្រីបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា មុនចេញពីកម្ពុជាលោកធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនចេញដំណើរ ដោយធ្វើតេស្តរហ័សមុនឡើងយន្តហោះ តែពុំឃើញអ្វីនោះឡើយ។

លោក ហ៊ុន សែន ថាលោកមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនលោកចាប់ពីពេលណាមកនោះទេ តែអ្វីដែលច្បាស់ពេលទៅដល់ពេទ្យឥណ្ឌូណេស៊ីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ-១៩ ដែលនេះលោកត្រូវតែទទួលស្គាល់បើទោះជានៅក្នុងខ្លួនលោកមិនមានអាការៈចម្លែកក៏ដោយ។

លោកនាយករដ្ឋមន្ត្រីយល់ថាជាសំណាងដោយសារការទៅដល់របស់លោកយឺត មិនបានចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង។ ដូច្នេះដើម្បីសុវត្ថិភាពសម្រាប់ប្រតិភូ ដែលចូលរួមប្រជុំលោក ហ៊ុន សែន សម្រេចឲ្យប្រតិភូរបស់លោកវិលត្រលប់មកកម្ពុជាវិញទាំងអស់។ រីឯតំណាងប្រទេសអាស៊ាន កម្ពុជាកំពុងចរចាប្រគល់ជូនឥណ្ឌូណេស៊ីជាតំណាងតែម្តង។ នេះបើតាមលោក ហ៊ុន សែន។

សូមបញ្ជាក់ថា G20 ឬ (Group of Twenty) គឺជាវេទិកាអន្តរជាតិដ៏ធំមួយ ដែលប្រមូលផ្តុំទៅដោយប្រទេសសេដ្ឋកិច្ចជឿនលឿនជាច្រើន ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗ នៅលើពិភពលោក។ ការដែលមិនបានចូលរួមប្រជុំរបស់កម្ពុជាទៅក្នុងវេទិកាដ៏សំខាន់នេះ ក៏ដូចជាកិច្ចសន្ទនា APEC ត្រូវអ្នកតាមដានសង្គម និងនយោបាយកម្ពុជាមើលឃើញថាពិតជាគួរឲ្យសោកស្តាយយ៉ាងខ្លាំង ដែលកម្ពុជាបាត់បង់ឱកាសដ៏កម្រដូច្នេះ។

សូមរំលឹកថា តាមគម្រោង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី និងចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នៅកោះបាលីឥណ្ឌូណេស៊ី លោក ហ៊ុន សែន គ្រោងនឹងថ្លែងបទអន្តរាគមន៍២សម័យប្រជុំ ទី១.ស្តីពីសន្តិសុខស្បៀង និងថាមពល និងទី២.ស្តីពីបញ្ហាសុខភាព។

ដោយឡែកសម្រាប់កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅប្រទេសថៃវិញ លោក ហ៊ុន សែន ក៏មានសុន្ទរកថាទាក់ទងទៅនឹង «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម» ព្រមទាំងចូលរួមក្នុង«កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ»។

ការរំខានពីកូវីដ-១៩ ទៅលើលោក ហ៊ុន សែន ពេលនេះ ធ្វើឲ្យលោកខកខានគម្រោងជំនួបសំខាន់ៗមួយចំនួនដូចជា ជួបជាមួយប្រធានាធិបតីចិន និងជួបប្រធានាធិបតីបារាំង ព្រមទាំងខកខានចូលគាល់ព្រះមហាក្សត្រថៃផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ