អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ក្រសួង​កសិកម្ម​ចាត់តាំង​មន្រ្តី​ចុះទៅ​ដោះស្រាយ​បញ្ហាស្រូវ​ចុះថោក​ ខណៈ​អ្នក​ជំនាញ​មិនមាន​ជំនឿ

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និងនេសាទ ​បាន​ចាត់​តាំង​មន្រ្តី​ចំនួនពីរូប​ និង​ក្រុម​ការងារ​នៃអគ្គនាយកដ្ឋានកសិកម្ម​ ដើម្បី​ចុះពិនិត្យ​ជាក់ស្តែង​ និង​រក​ដំណោះស្រាយ​សម​ស្រប​ ចំពោះការ​ធ្លាក់ចុះ​តម្លៃ​ស្រូវ​នៅខេត្តបាត់ដំបង​ និង​បន្ទាយមានជ័យ។​ ក៏ប៉ុន្តែ​សម្រាប់​ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​វិញ​ មិនមាន​ជំនឿ​ថា​ក្រសួង​អាចដោះស្រាយ​បញ្ហា​នេះបាន​នោះទេ។​

ការប្រមូលផលដំណាំស្រូវ (រូបតំណាង)
ការប្រមូលផលដំណាំស្រូវ (រូបតំណាង) AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នៅពេលទទួលបានដំណឹងអំពីការធ្លាក់ចុះតម្លៃស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចាត់តាំងមន្រ្តីពីររូប កំរិតរដ្ឋលេខាធិការក្រសួងកសិកម្ម ព្រមទាំងក្រុម​ការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះពិនិត្យជាក់ស្តែង និងរកដំណោះស្រាយសមស្រប ​ជូនដល់ប្រជាកសិករនៅទីនោះ។ បើតាមក្រសួងកសិកម្ម មូលហេតុដែលធ្វើឲ្យតម្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យធ្លាក់ចុះ ដោយសារពេញមួយខែវិច្ឆិកា​រហូតដល់ពាក់កណ្តាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទស្រូវផ្ការំដួល ជាហេតុធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវ ដូចកាលពីឆ្នាំកន្លងទៅ។

សម្រាប់លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជាវិញ ថាបញ្ហានេះ ក្រសួងកសិកម្មមិនអាចដោះស្រាយបាននោះទេ។ ការដោះស្រាយបញ្ហា​ស្រូវធ្លាក់ថ្លៃនេះ ត្រូវធ្វើជាលក្ខខណៈយុទ្ធសាស្រ្ត និងជាលក្ខខណៈប្រព័ន្ធ គឺរដ្ឋត្រូវគិតគូក្នុងការបង្កើនថវិកាជាតិគាំទ្រវិស័យ​កសិកម្ម ដោយផ្ដល់ថវិកានេះទៅរោងម៉ាស៊ិនកិនស្រូវ ឬអ្នករកស៊ីកែឆ្នៃស្រូវ ដើម្បីឲ្យទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមស្របអាចទទួលយកបាន។ ក៏ប៉ុន្តែប្រសិនបើទីផ្សារពឹងអាស្រ័យទៅលើប្រទេសជិតខាង និងឈ្មួញរកស៊ីទេ នោះបញ្ហានេះមិនអាចដោះស្រាយបានឡើយ។

ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជារូបនេះបញ្ជាក់ថា បើក្រសួងមិនអាចដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃបានទេ នោះប្រជាកសិករនឹងអស់សង្ឃឹម ហើយអាចបោះបង់មុខរបរធ្វើស្រូវលក់ ងាកមកប្រកបមុខរបរផ្សេង។ បញ្ហានេះ ក៏អាចធ្វើឲ្យប៉ះពាល់ខ្សែសង្វាក់ផលិតកសិកម្មក្នុងការនាំចេញស្រូវអង្ករទៅថ្ងៃខាងមុខ និងអាចនាំចូលអង្ករមកវិញ ដោយសារកង្វះការផ្គត់ផ្គង់ក្នុងស្រុក ហើយបញ្ហានេះដូចទៅនឹងបញ្ហាការនាំចូលអំបិលយ៉ាងដូច្នោះ​ដែរ ដោយសារយន្តការដោះស្រាយនៅមានកម្រិត។

យ៉ាងណាក៏ដោយក្រសួងកសិកម្មក៏បានបញ្ជាក់ថា ទោះបីឆ្នាំនេះដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយ​សារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក​។ បើតាមក្រសួងកសិកម្ម នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវច្រើនកំពុងមមាញឹកក្នុងការប្រមូល​ទិញសម្ងួត និងកិនស្រូវប្រភេទផ្ការំដូលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀង​ៗ​​ខ្លួន។ ជាងនេះទៅទៀត ក្រសួងក៏បានស្នើឲ្យកសិករដែលជួបបញ្ហាជាក់ស្តែងទាក់ទងផ្ទាល់ទៅក្រុមការងារក្រសួង ដើម្បីឲ្យក្រុមការងារទទួលព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់នោះ។

ក្រសួងកសិ​កម្ម​​ក៏បានអំពាវនាវដល់ពលរដ្ឋក្នុងបណ្តាញសង្គមបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិតដែលថា ក្រសួង​​មិនអើពើជួយដោះស្រាយជូនដល់ប្រជាកសិករផងដែរ។ ក្រសួងសង្កត់ធ្ងន់ថា ការបង្ហោះព័ត៌​មានបែបនេះ ធ្វើឲ្យមានការភ័យបារម្ភដល់ប្រជាកសិករ ដែលមិនទាល់ដល់ពេលប្រមូលផល ឲ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ បណ្តាលឲ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត។

សូមបញ្ជាក់ថា  បញ្ហាតម្លៃស្រូវចុះថោកនារដូវប្រមូលផលនេះ មិនមែនជារឿងថ្មីឡើយសម្រាប់ប្រជាកសិករ ខណៈការដោះស្រាយមិនមានភាពប្រសើរទាល់តែសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ