អានតួអត្ថបទ
កម្ពុជា-សង្គម

CAO នឹងចាត់វិធានការលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារចំនួន៦ លើការរំលោភស្ដង់ដារសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ

ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ (​CA​O) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​នឹង​ចាត់​វិធានការ​ទៅលើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ចំនួន​៦នៅកម្ពុជា ​ពីការ​រំលោភ​បំពាន​ទៅលើ​ស្តង់ដារ​អនុវត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ក្នុង​ការ​ផ្តល់​កម្ចី​ឥណទាន​ខ្នាតតូច​នៅកម្ពុជា។ ​ពីខាង​ធនាគារ​មកវិញ​ បាន​ច្រាន​ចោល​ចំពោះការ​ចោទ​ប្រកាន់នេះ។​

ការផ្តល់កម្ចីឥណទាន (រូបតំណាង)
ការផ្តល់កម្ចីឥណទាន (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

តាមសេចក្ដីថ្លែងការណ៍រួមរបស់អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា បានឱ្យដឹងថា ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ (CAO) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នឹងអនុលោមទៅតាមច្បាប់លើពាក្យបណ្ដឹង​​ទៅលើ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារចំនួន៦​នៅ​កម្ពុជា​ ​ដែលពាក់ព័ន្ធនឹងបញ្ហាពលកម្មកុមារ ការរំលោភសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច និងរំលោភបំពានទៅលើបទដ្ឋានអនុវត្តស្តង់ដាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមួយចំនួនទៀត។ ការឈានដល់ដំណាក់កាលអនុលោមទៅតាមច្បាប់នេះ គឺបន្ទាប់ពី​ម្ចាស់​បណ្ដឹង​ដែលជាអ្នកខ្ចីប្រាក់ ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង ៦​ ​មិនអាចរកដំណោះស្រាយលើបញ្ហា​នេះ​។​

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងនោះរួមមាន ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

អ្នកនាង ណាលី ពីឡុក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍ដដែលថា មានការលក់ដីដោយសារការជំពាក់បំណុល កើតឡើងនៅរៀងរាល់១៦នាទីម្តង នៅក្នុងប្រទេសកម្ពុជា។

លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅតែកំពុងជាប់ផុងក្នុងវិបត្តិបំណុល ដូច្នេះត្រូវកែទម្រង់ពិតប្រាកដដើម្បីបញ្ចប់ការអនុវត្តបែបកេងប្រវ័ញ្ច និងការរំលោភសិទ្ធិមនុស្ស នៅក្នុងវិស័យនេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អង្គការទាំងពីរ។

ជាការឆ្លើយតប លោក​អ៊ិ​ន ចាន់នី ​ប្រធាន​​នាយក​​ប្រតិបត្តិ​ ធនាគារ​​អេស៊ីលីដា បានច្រានចោលការចោទប្រកាន់របស់អង្គការទាំងពីរ ដោយលោកចាត់ថាជាព័ត៌មានមិនពិត។ លោកអះអាងថា គ្មានគោលការណ៍ណាមួយដែលអនុញ្ញាតឱ្យសហគ្រាសដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ជំរុញការប្រើពលកម្មកុមារនិងរំភោភបំពានឡើយ។

លោកអ៊ិន ចាន់នី ចាក់ទុករបាយការណ៍ដែលចេញដោយអង្គការទាំងពីរថា ជារបាយការណ៍ដែលបំផ្លាញសុខុមាលភាពហិរញ្ញវត្ថុនៅកម្ពុជាដែលកំពុងបម្រើដល់ការអភិវឌ្ឍប្រទេស។

គួរជម្រាបជូនថា ពាក្យបណ្ដឹងដែល​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ ​​បាន​ដាក់​ទៅការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ(​CA​O) ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២ ទើបបាន​ចេញផ្សាយ​ជា​សាធារណៈ​នៅពេលថ្មីៗកន្លងទៅនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ